ចិន​បើកទ្វារ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ផែនដី ដើម្បី​ទទួល​​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ

តេ​ឡេ​ស្កុប​រលក​វិទ្យុ FAST ចូលមក​ជំនួស​ស្ថានីយ​សង្កេត​តារា Arecibo ដើម្បី​ជួយ​ដល់​សហគមន៍​អ្នកស្រាវជ្រាវ បន្ត​ស្វែងរក​ដាន​នៃ​ជីវិត​នៅក្នុង​ចក្រវាល។

តេ​ឡេ​ស្កុប​ដែលមាន​រូបរាង​ពាក់កណ្ដាល​រង្វង់​មូល និង​មាន​ជម្រៅ 500ម ស្ថិតនៅ​ក្នុងស្រុក Pingtang ខេត្ត Quizhou ប្រទេស​ចិន និង​មាន​ឈ្មោះថា FAST បាន​យកឈ្នះ​លើ​ស្ថានីយ​សង្កេត​អវកាស Arecibo នៅ​តំបន់ Puerto Rico ហើយ​ក្លាយជា​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ឆ្នាំ 2016។ មុននេះ ស្ថានីយ Arecibo កាន់កាប់​ឯតទគ្គ​កម្មនេះ​ក្នុង​រយៈពេល 53 ឆ្នាំ។ ក្រោយ​ការ​ដាច់​ខ្សែកាប​ពីរលើក​កាលពីដើមឆ្នាំ 2020 ស្ថានីយ Arecibo ក៏បាន​ដួលរលំ​កាលពី​ខែវិច្ឆិកា 2020 បណ្ដាលឱ្យ​វា​ត្រូវ​បញ្ចប់​សកម្មភាព​ទាំងស្រុង។ ជំនួស​ឱ្យ Arecibo ស្ថានីយ​តេ​ឡេ​ស្កុប FAST របស់​ចិន កំពុងបើក​ទ្វារ​ទទួល​ក្រុម​តារាវិទូ​មកពី​ជុំវិញ​ពិភពលោក។

«ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​យើង មាន​ទិសដៅ​បើកទ្វារ​ទទួល​សហគម​ន៍​អន្តរជាតិ» Wang Qiming អ្នកគ្រប់គ្រង​នៃ​មជ្ឈមណ្ឌល​ដំណើរការ និង​អភិវឌ្ឍ FAST បានឱ្យដឹង​ដូច្នេះ។

ប្រទេស​ចិន​នឹង​ទទួលយក​សំណើ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ចាប់ពី​ឆ្នាំ 2021 តទៅ។ ជា​មួយ​នឹង​​ថាស​​ស្រូប​រលក​វិទ្យុ​ដែលមាន​អង្កត់ផ្ចិត 500 ម៉ែត្រ តេ​ឡេ​ស្កុប FAST មិន​ត្រឹមតែ​ធំ​ជាង​តេ​ឡេ​ស្កុប Arecibo ដែល​បាន​ខូច​ទាំងស្រុង​ហើយ​នោះទេ តែ​វា​ក៏មាន​ថាមពល​ខ្លាំង​ជាង​ដល់​ទៅ 3 ដង​ឯណោះ។ ត្រូវបាន​ចាប់ពី​ដំណើរការ​តាំងតែ​ពី​ខែមករា ឆ្នាំ 2020 តេ​ឡេ​ស្កុប FAST ថែមទាំង​ព័ទ្ធជុំវិញ​ដោយ​តំបន់​ដែល​ត្រូវ​កាត់បន្ថយ​រលកសញ្ញា​រំខាន​ដែលមាន​អង្កត់ផ្ចិត 5 គម ដែល​ក្នុង​តំបន់​នេះ មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​កុំព្យូទ័រ​នោះទេ។

តេ​ឡេ​ស្កុប​រលក​វិទ្យុ​ដូចជា FAST នេះ ប្រើប្រាស់​អង់​តែ​ន និង​បង្គោល​ស្រូប​រលកសញ្ញា​ដើម្បី​រុករក​រលក​វិទ្យុ​ដែល​ផ្សាយ​ចេញពី​ទី​អវកាស ដូចជា​ផ្កាយ កាឡាក់ស៊ី និង​ប្រហោង​ខ្មៅ​ជាដើម។ ឧបករណ៍​បែបនេះ​អាច​ប្រើ​ដើម្បី​បញ្ចេញ​រលក​វិទ្យុ ឬ​ចំណាំងផ្លាត​ពន្លឺ​ពី​វត្ថុ​អវកាស​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទៀតផង។ អ្នកវិទ្យាសាស្ត្រ​អាច​ប្រើប្រាស់ FAST (Five-hundred-meter Aperture Spherical Radio Telescope) ដើម្បី​ស្វែងយល់​អំពី​អវកាស ក៏ដូចជា​ភព​ដែល​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាច​កំណត់​បាន​ថា ពួកវា​កំពុងស្ថិត​នៅក្នុង​តំបន់​អំណោយផល​សម្រាប់​កកើត​ជីវិត​បានដែរ ឬ​យ៉ាងណា​ផងដែរ៕

ប្រភព៖ Live Science

Advertisement