សាស្ត្រាចារ្យ​អ៊ីស្រាអែល​ ថា «Trump វិះ​​ធ្វើឱ្យ​បែកធ្លាយ​រឿង​មនុស្ស​ពិភព​ផ្កាយ»

សាស្ត្រាចារ្យ​អ៊ីស្រាអែល​៖ «Trump វិះ​នឹង​ធ្វើឱ្យ​បែកធ្លាយ​រឿង​មនុស្ស​ពិភព​ផ្កាយ»

សាស្ត្រាចារ្យ​មួយរូប​របស់​ប្រទេស​អ៊ីស្រាអែល ជឿថា ប្រធានាធិបតី​អាមេរិក លោក Donald Trump បានដឹង​អំពី​ព័ត៌មាន​ទាក់ទិន​នឹង​មនុស្ស​ពិភព​ផ្កាយ ហើយ​វិះ​នឹង​ធ្វើឱ្យ​បែកធ្លាយ​ព័ត៌មាន​នេះ​ជា​សាធារណៈ បើសិន​មិន​ត្រូវបាន «សម្ព័ន្ធ​កាឡាក់ស៊ី​មី​ល​គី​វ៉េ» រារាំង​ទាន់ពេល។

«រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ក្រុមមនុស្ស​មកពី​ពិភព​ផ្កាយ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ អនុញ្ញាតឱ្យ​ពួកគេ​ធ្វើការ​ពិសោធន៍​នៅលើ​ផែនដី» សាស្ត្រាចារ្យ Haim Eshed ដែលជា​អតីត​ប្រធាន​កម្មវិធី​អវកាស​របស់​ប្រទេស​អ៊ីស្រាអែល ក្នុងអំឡុង​ឆ្នាំ 1981 ដល់​ឆ្នាំ 2010 ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​សារព័ត៌មាន Ediot Aharonot កាលពី​ថ្ងៃទី 4 ធ្នូ​កន្លងទៅ។ ការប្រកាស​របស់លោក Eshed ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង ក្រោយពី​សារព័ត៌មាន Jerusalem Post បាន​បកប្រែ​អត្ថបទ​ពី​ភាសា​ហេ​ប្រ៊ូ (Hebrew) មកជា​ភាសា​អង់គ្លេស និង​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 8ធ្នូ។

លោក Eshed ដែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់ និង​ជា​សាស្ត្រាចារ្យ​ដែល​ទទួលបាន​ការគោរព​នៅ​ប្រទេស​អ៊ីស្រាអែល បាន​ថ្លែងថា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បានដឹង​អំពី​វត្តមាន​របស់​មនុស្ស​ពិភព​ផ្កាយ​នៅលើ​ផែនដី។

លោក Eshed បន្តថា៖ «មនុស្ស​ពិភព​ផ្កាយ​បានស្នើ​ឱ្យ​រក្សា​ការសម្ងាត់​អំពី​វត្តមាន​របស់​ពួកគេ​នៅលើ​ផែនដី ព្រោះតែ​មនុស្សជាតិ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលយក​ប្រការនេះ។ លោក Trump វិះ​នឹង​ធ្វើឱ្យ​បែកធ្លាយ​រឿងនេះ​ទៅហើយ កាលពីពេល​កន្លងទៅ»។

ក៏ប៉ុន្តែ សាស្ត្រាចារ្យ​ខាងលើ​ពន្យល់ថា មនុស្ស​ពិភព​ក្រៅ​មកពី​អង្គការ​ដែលមាន​ឈ្មោះថា «សម្ព័ន្ធ​កាឡាក់ស៊ី មី​ល​គី​វ៉េ» បាន​រារាំង​លោក Trump មិនឱ្យ​បង្ហើប​អំពី​ព័ត៌មាន​នេះ ក្នុង​បំណង​ទប់ស្កាត់ «ការ​ជ្រួលច្របល់​ទ្រង់ទ្រាយ​ធំ»។ លោក​បន្តថា៖ «ពួកគេ​បាន​រង់ចាំ​រហូតដល់​ថ្ងៃ​ដែល​មនុស្សជាតិ​បាន​រីកចម្រើន​ខ្លាំង និង​យល់​អំពី​អវកាស និង​យានអវកាស»។

សាស្ត្រាចារ្យអ៊ីស្រាអែល៖ «Trump វិះនឹងធ្វើឱ្យបែកធ្លាយរឿងមនុស្សពិភពផ្កាយ»
សាស្ត្រាចារ្យ Haim Eshed គឺជាអតីតប្រធានកម្មវិធីអវកាសរបស់ប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆ្នាំ 1981 ដល់ឆ្នាំ 2010

លោក Haim Eshed ក៏បាន​បញ្ជាក់ថា មនុស្ស​ពិភព​ផ្កាយ និង​ក្រុម​អវកាស​អាមេរិកាំង បានធ្វើការ​ជាមួយគ្នា​នៅក្នុង​មូលដ្ឋាន​សម្ងាត់​ក្រោម​ដី​នៃ​ឋាន​ព្រះ​អង្គារ​ផងដែរ។ សាស្ត្រាចារ្យ​នេះ​បន្ថែមថា មនុស្ស​ពិភព​ផ្កាយ ចង់ឱ្យ​បណ្ដា​ប្រទេស​ដូចជា សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ជាដើម ជួយ​ពួកគេ​ដើម្បី «ស្រាវជ្រាវ និង​ស្វែងយល់​រចនាសម្ព័ន្ធ​ទាំងមូល​របស់​ចក្រវាល»។

ក៏ប៉ុន្តែ លោក Haim Eshed មិនបាន​លើកឡើង​អំពី​ភ័ស្ដុតាង​ណាមួយ​ដែល​អាច​បញ្ជាក់​អំពី​ការអះអាង​របស់ខ្លួន​ទេ។ ចំណែក​សេត​វិមាន និង​ក្រុមមន្ត្រី​របស់​អ៊ីស្រាអែល ក៏​មិនបាន​ឆ្លើយតប​នឹង​ការស្នើ​ឱ្យធ្វើ​ការបកស្រាយ​អំពី​ការអះអាង​របស់លោក Haim Eshed ផងដែរ។ Sue Gough ដែលជា​អ្នកនាំពាក្យ​របស់​មន្ទីរ​បញ្ច​កោណ បាន​បដិសេធ​ការធ្វើ​អធិប្បាយ​អំពី​រឿងនេះ។

អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ឱ្យដឹងថា គោលដៅ​មួយ​ក្នុងចំណោម​គោលដៅចម្បងៗរបស់​អង្គការ​នេះ នោះ​គឺ​ការស្វែងរក​វត្ត​មាននៃ​ជីវិត​នៅក្នុង​ចក្រវាល​ដ៏​មហា​សែន​ធំធេង។ ប៉ុន្តែ មកដល់​បច្ចុប្បន្ន ពួកគេ​នៅតែ​មិនទាន់​រកឃើញ​សញ្ញា​ណាមួយ​បញ្ជាក់ថា មាន​វត្តមាន​របស់​ម​នុស្ស​ពិភព​ផ្កាយ​នៅឡើយ៕

ប្រភព៖ NBC News

Advertisement