Apple មិនឆ្លើយតបសោះ រឿង iOS14.2 ស៊ីថ្ម ខ្លាំងឡើងៗ

ថ្មីៗនេះ​ក្រុម​អ្នកប្រើប្រាស់ បាន​រាយការណ៍​បន្តបន្ទាប់​គ្នា អំពី​បញ្ហា​ថ្ម ស្រក​ចុះ​លឿន​រហ័ស នៅលើ​ឧបករណ៍ ដែល​ពួកគេ​បាន​ដំឡើង​ដល់​ជំនាន់ iOS 14.2។

រោគសញ្ញា​នៃ​បញ្ហា មានដូចជា ថ្ម​ស្រក​ចុះ​លឿន​ខុស​ប្រក្រតី និង​សាក​ថ្ម​យូរ​ជាង​ធម្មតា។ អ្នកប្រើប្រាស់​មួយចំនួន​បាន​រាយការណ៍​ថា ឧបករណ៍​របស់​ពួកគេ បាន​ស្រក​ថ្ម​អស់​ជាង 50% ក្នុងពេល​មិន​ដល់ 30នាទី​ផង ហើយ​ការប្រើប្រាស់​ធម្មតា រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ស្រក​ថ្ម​អស់​ប្រមាណ 5%។

បញ្ហា​នេះ ទំនងជា​ទាក់ទង​នឹង Software ដោយសារ​អ្នកប្រើប្រាស់​មួយចំនួន សង្កេតឃើញថា ថ្ម​របស់​ពួកគេ​នៅ​កម្រិត​ខ្ពស់ រយៈពេល​យូរ​ទើប​ស្រុក​ចុះ ហើយ​ពេល​បិទ/បើក​ទូរស័ព្ទ​ឡើងវិញ ឃើញ​ថ្ម​ឡើង​ខុសពី​ធម្មតា។ បញ្ហា​នេះ​ហាក់ដូចជា​កើតមាន​ឡើងលើ iPhone ស៊េរីចាស់ៗ ច្រើនជាងគេ មានដូចជា iPhone XS, iPhone 7, iPhone 6s និង iPhone SE ជំនា​ន់ទី1។ iPad Pro ស៊េរី 2018 ដែល​ដំណើរការ iPadOS 14.2 ក៏ដូចជា​មាន​បញ្ហា​នេះដែរ។

នៅលើ iOS 14.2 និង iPad 14.2 ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ចុងក្រោយបង្អស់ ដែល​បាន​នាំមក​នូវ​ចំណុចថ្មីៗ ដូចជា​ការបន្ថែម Emoji ថ្មី, មុខងារ AirPods Optimized Battery Charging, មុខងារ People Detection  និង​ផ្ទាំង​រូបភាព​ថ្មី ជាដើម។

Apple មិនទាន់បាន​ឆ្លើយតប ឬ​ស្វែងរក​ដំណោះស្រាយ​បណ្ដោះអាសន្ន សម្រាប់​អ្នកប្រើប្រាស់​សោះ​នៅឡើយ ខណៈពេលដែល ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ដើម្បី​រាយការណ៍​អំពី​បញ្ហា​មួយ​នេះ កំពុងតែ​កើនឡើងច្រើនៗទៅ។ មិន​ខុសពី​សព្វដង ចំពោះ​អ្នក​ដែល​កំពុង​ជួបប្រទះ​នូវ បញ្ហា​ថាមពល​ថ្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ នឹងត្រូវ​រង់ចាំ​ដំណោះស្រាយ​ពី Apple ទើប​អាច​ត្រឡប់មក​ដូចដើម​វិញ​បាន ឬ​ត្រូវ​ចាំ​ដល់​ជំនាន់​ក្រោយ iOS 14.3 beta ជាដើម៕

Advertisement