OnePlus 8T ឆ្នាំ2020 ប្រកាសចេញលក់ ជាផ្លូវការហើយ តម្លៃចាប់ផ្តើម 749ដុល្លារ

នៅ​ថ្ងៃ​ជាមួយនឹង​ការប្រកាស​ចេញ iPhone របស់ Apple នៅឯ​ក្រុមហ៊ុន OnePlus ឯណោះ ក៏បាន​ប្រកាស​ស្មា​ត​ហ្វូ​ន​ឆ្នាំ2020 របស់ខ្លួន​ផងដែរ គឺ OnePlus 8T។

ខាងក្រោម​នេះ​ជា លក្ខណសម្បត្តិ គួរឱ្យ​ចាប់អារម្មណ៍ ជាមួយនឹង​តម្លៃ​សមរម្យ​របស់ OnePlus 8T៖

OnePlus 8T បំពាក់​ថាមពល​ថ្ម ទំហំ 4,500mAh ហើយ​វា​ក៏បាន​ក្លាយទៅជា​ទូរស័ព្ទ​ដំបូងបង្អស់​របស់ OnePlus ដែល​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន Warp Charge កម្លាំង 65W (វ៉ា​ត់) ពី 0 ទៅ 58% សាក​ត្រឹមតែ 15នាទី​ប៉ុណ្ណោះ។

រីឯ​ផ្ទាំង​អេក្រង់​វិញ ទំហំ 6.55 អ៊ី​ញ​ប្រភេទ​Fluid AMOLED 120hz គឺជា​អេក្រង់​មួយ ដែលមាន​សមត្ថភាព​អាច​បង្ហាញ​ពណ៌​បាន​ច្បាស់​ល្អ​ត្រឹមត្រូវ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត Full HD+ (2400 x 1080 ភិ​កសែ​ល) ជាមួយ​អេក្រង់ Refresh Rate 120Hz និង​ល្បឿន​ប៉ះ​សម្គាល់ 240Hz ក៏ដូចជា​អាច​គាំទ្រ​បច្ចេកវិទ្យា HDR10+ ជាមួយ​កម្រិត​ពន្លឺ 1,100nits កម្រិត​ទឹក​ពណ៌ DPI-P3 100% និង​កម្រិត​លម្អៀង​នៃ​ទឹក​ពណ៌ (JNCD) ត្រឹម 0.3ប៉ុណ្ណោះ។

កម្លាំង​ម៉ាស៊ីន OnePlus 8T ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 865 ទំហំ 7nm+ ជាមួយ​ជម្រើស RAM 8/12GB និង​ជម្រើស​មេម៉ូរី ប្រភេទ UFS 3.1 ទំហំ 128/256GB ផងដែរ។

កាមេរ៉ា​មុខ 1គ្រាប់ បំពាក់​លេន​ស៍​ទម្លុះ​អេក្រង់ ទំហំ 16MP និង​កាមេរ៉ា​ក្រោយ​សរុប​ចំនួន 4គ្រាប់ ដោយ​ក្នុងនោះ​លេន​ស៍​ធំជាងគេ មាន 1គ្រាប់ មាន​ទំហំ 48MP (OIS), 1គ្រាប់​ទៀត​ជា​លេន​ស៍ (Ultra Wide 123 ដឹ​ក្រេ) ទំហំ 16MP, 1គ្រាប់​ទៀត​ជា​លេន​ស៍ Macro និង 1គ្រាប់​ចុងក្រោយ​គេ​ជា​លេន​ស៍ Monochrome។

OnePlus 8T មាន​ជម្រើស​ពណ៌​សរុប​ចំនួន2 ដោយ​ក្នុងនោះ​មានដូចជា ពណ៌​បៃតង (Aquamarine Green) និង​ពណ៌​ទឹកប្រាក់ (Lunar Silver)។

សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក OnePlus 8T ជម្រើស RAM 12GB/ មេម៉ូរី 256GB មានតម្លៃ​ខ្ទង់ 749ដុល្លារ ហើយ​វា​នឹងដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី23  ខែតុលា ឆ្នាំ2020 ខាងមុខឆាប់ៗនេះឯង៕

Advertisement