អាមេរិក ដាស់តឿន ឱ្យគ្រប់គ្នាប្រយ័ត្នស្ថានីយអវកាសអន្តរជាតិរបស់ ចិន

ស្ថានីយអវកាស​អន្តរជាតិដែលមានឈ្មោះថា «Tiangong» កំពុង​ត្រូវ​បានសាង​សង់ ដោយ​មាន​ការចូលរួមពី​ប្រទេស​ចំនួន17 ក្នុងនោះរួមមានទាំង ចិន បារាំង អាល្លឺម៉ង់ និងជប៉ុនផងដែរ។ ចិន រំពឹងថា ខ្លួននឹងអាចប្រតិបត្តិការ​ស្ថានីយអវកាសនេះ ត្រឹមឆ្នាំ​2022។ រីឯ​ស្ថានីយអវកាស​អន្តរជាតិ (ISS) របស់​អាមេរិក ដែលត្រូវបានបាញ់​បង្ហោះក្នុងឆ្នាំ​1998 ​ធ្វើជាមន្ទីរពិសោធន៍វិទ្យាសាស្រ្តអវកាស ត្រូវបានរំពឹងថា នឹងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ2030 ចំណែកដៃគូ​ដែលចូលរួម​ក្នុងប្រតិបត្តិការនេះ រួមមានដូចជា​ រុស្ស៊ី ជប៉ុន អឺរ៉ុប និងកាណាដាជាដើម។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាង​លើ លោក Jim Bridenstine ប្រធាន​អង្គការ NASA បាន​ថ្លែងព្រមាន​ទៅកាន់សភា​អាមេរិក កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ​2020 អំពី​ភាព​ឈានមុខរបស់​ស្ថានីយអវកាសចិន។ លោក​បាន​ថ្លែងថា៖ «ខ្ញុំសូមប្រាប់​អ្នកនូវ​រឿង1 ​ដែល​ខ្ញុំ​ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ហើយ​នោះគឺ​ជា​អ្វី ដែល​កំពុងខិតជិត​មកដល់ហើយ គឺនៅពេល​ស្ថានីយអវកាស​អន្តរជាតិ នោះនឹង​បញ្ចប់អាយុកាលប្រើប្រាស់ ដូច្នេះដើម្បីអាច​ឱ្យ​អាមេរិក បន្តមានវត្តមាន​នៅលើគន្លងផែនដី យើងត្រូវតែរៀបចំ​ស្ថានីយអវកាសថ្មី»។

លោក Jim Bridenstine ​បន្តថា៖ «យើងចង់ឃើញ​ការបង្កើតដៃគូរវាង​រដ្ឋ និងឯកជន ដែល​អង្គការ NASA ​អាច​ចុះកិច្ចព្រមព្រៀងជាមួយ​ក្រុមហ៊ុននានា ដូច្នេះ​យើងអាចរក្សា​វត្តមាន​មនុស្ស​ជាអចិន្រ្តៃយ៍​លើគន្លងផែនដីបាន»។ ជាមួយ​គ្នានេះ មេអង្គការ NASA បាន​លើកឡើងពីចិនថា ប្រទេសនេះ​កំពុង​សង់​ស្ថានីយអវកាស​អន្តរជាតិ និងមិនតែប៉ុណ្ណោះការអភិវឌ្ឍនេះ គឺមានការចូលរួមពីប្រទេស​ដៃគូអាមេរិកទៀតផង។ «វានឹងក្លាយជាសោកនាដកម្ម ប្រសិនបើយើងបោះបង់​គន្លងផែនដីនេះចោល»៕

Advertisement