ឥណ្ឌា​ប្រកាស​​កាល​​បរិច្ឆេទ​នៃ​ការ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​យាន​អវកាស​​​ Chandrayaan-3

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ប្រកាស​ថា ស្ថានីយ​ចុះ​ចត​របស់​បេសក​កម្ម​ Chandrayaan-3 នឹង​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​វេលា​ម៉ោង 19 និង 34 នាទី ថ្ងៃទី 23 សីហា 2023 (ម៉ោង​នៅ​កម្ពុជា)​។

ដំណើរ​ការ​ចុះចត​នឹង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​ ISRO និង​លើ​ទូរទស្សន៍​ជាតិ​ឥណ្ឌា Doordarshan រួម​នឹង​បណ្ដាញ​សង្គម​ Facebook និង YouTube ជា​ដើម​។ នេះ​បើ​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ ប្រកាស​កាល​ពី​ថ្ងៃទី 20 សីហា​។

«សមិទ្ធផល​នេះ​នឹង​ជា​ជំហាន​សំខាន់​មួយ​សម្រាប់​វិទ្យាសាស្ត្រ បច្ចេក​ទេស និង​បច្ចេក​វិទ្យា​របស់​ឥណ្ឌា ដែល​ជា​និមិត្ត​រូប​នៃ​​វឌ្ឍនភាព​របស់​ប្រទេស​ជាតិ​ក្នុង​វិស័យ​ស្រាវជ្រាវ​អវកាស​» ISRO លើក​ឡើង​ដូច្នេះ​។

រ៉ុក្កែត LVM3 នាំ​ស្ថានីយ​ចុះ​ចត Vikram ​របស់​បេសក​កម្ម Chandrayaan-3 ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស Satish Dhawan នៅ​វេលា​ម៉ោង​ 16 និង 05 នាទី ថ្ងៃទី​ 14 កក្កដា 2023 (ពេល​វេលា​​នៅ​កម្ពុជា)។ យាន​ Chandrayaan-3 បាន​ហោះ​ដល់​គន្លងតារា​វិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 05 សីហា 2023​។

Vikram នាំ​យក​រ៉ូបូត​ Pragyan មួយ​គ្រឿង​ទៅ​តាម​ខ្លួន​​។ យាន​មួយ​គូ​ដែល​ដំណើរ​ដោយ​ថាមពល​ព្រះ​អាទិត្យ​នេះ​នឹង​ស្រាវជ្រាវ​អំពី​ផ្ទៃ​របស់​ព្រះចន្ទ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​លើ​ឋាន​នេះ​ (ប្រហែល​នឹង 14 ថ្ងៃ​នៅ​លើ​ផែនដី​) មុន​ពេល​រាត្រី​ព្រះ​ចន្ទ​មក​ដល់ ធ្វើ​ឱ្យ​ពួក​វា​អស់​ថាមពល​។

ស្ថានីយ​ Vikram បាន​ទៅ​ដល់គន្លងគោចរ​ដែល​មាន​​ចម្ងាយ​ពី​ព្រះ​ចន្ទ​ពី 25 ទៅ 134 គីឡូម៉ែត្រ​ កាលពី​ថ្ងៃទី 20 សីហា​ 2023​។ ស្ថានីយ​នេះ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ដោយ​ស្វ័យ​ប្រវត្ត​ និង​​រង់​ចាំ​ព្រះ​អាទិត្យ​រះ​នៅ​តំបន់​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទដែល​ត្រូវ​បាន​​កំណត់​​ជា​ទីតាំង​ចុះ​ចត​។ តំបន់​ដែល​អាច​មាន​ទឹក​ក្នុង​ទម្រង់​កក​នេះ​ក៏​ជា​គោលដៅ​របស់​យាន​អវកាស​រុស្ស៊ី Luna-25 ផងដែរ​ ប៉ុន្តែ​វា​បាន​​ធ្លាក់​ទៅ​បុក​ដី​ព្រះ​ចន្ទ​ មិន​អាច​ចុះ​ចត​នៅ​ថ្ងៃទី 21 សីហា ​ទៅ​តាម​ផែនការ​។ Vikram បំពាក់​ឧបករណ៍​វិទ្យាសាស្ត្រ​ចំនួន​បួន​គ្រឿង​​​សម្រាប់ការ​ពិសោធ​វិទ្យាសាស្ត្រ​៕

Advertisement