ទិន្នន័យរបស់អ្នកប្រើប្រាស់គេហទំព័រ Freepik ជាង ៨លាននាក់ត្រូវបានលួច

កាលពីពេលថ្មីៗនេះ​ក្រុម​អ្នកគ្រប់គ្រង​គេហទំព័រ Freepik បាន​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់ ពី​ការ​ជ្រៀតចូល​របស់​ជនអនាមិក ដែល​បាន​លួច​យក​អុ​ី​មែ​ល ឬ​លេខ​សម្ងាត់​ដែល​បាន​អុ​ិ​ន​គ្រីប (Hashed Password) របស់​អ្នកប្រើប្រាស់​ប្រមាណ​ជា ៨.៣លាន​នាក់។ សម្រាប់​លោកអ្នក​ដែល​មិន​ធ្លាប់បាន​ប្រើប្រាស់​គេហទំព័រ Freepik វា​ជា​កម្មវិធី​ដ៏​ពេញនិយម​មួយ​ដែល​អាចឱ្យ​លោកអ្នក​ទាញយក​រូបភាព ឬ​ក្រា​ហ្វិ​ច​ឌី​ហ្សា​ញស្អាតៗ ដែលមាន​គុណភាព​ច្បាស់​ដើម្បីឱ្យ​លោកអ្នក​បង្កើត​រូបភាព​ផ្ទាល់ខ្លួន​បាន។

ទាក់ទង​នឹង​ការ​ជ្រៀតចូល​នេះ ក្រុមហ៊ុន​បាន​ប្រាប់ថា ជនអនាមិក​បានធ្វើកា​រ​វាយប្រហារ​តាមរយៈ SQL injection ដោយ​បញ្ចូល​កូដ​ដែលមាន​មេរោគ​តាមរយៈ​នៃ​ភាព​ចន្លោះប្រហោង​របស់​គេហទំព័​រ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ដែល​ត្រូវ​រង​ការវាយប្រហារ ឬ​ពេលវេលា​ដែល​ក្រុមហ៊ុន​បាន​រកឃើញ​ពី​បញ្ហា​នេះ​ទេ។ ក្នុងចំណោម​អ្នកប្រើប្រាស់​ប្រមាណ ៨.៣លាន​នាក់ មាន ៤.៥លាន​នាក់ បាន​ប្រើ​គណនី​ពី​ក្រុមហ៊ុនផ្សេងៗទៀត ដូចជា Google, Facebook ឬ Twitter ដើម្បី login ដូច្នេះ​មានតែ​អុ​ី​មែ​ល​របស់​ពួកគេ​ប៉ុណ្ណោះ ដែល​ត្រូវបាន​លួច​យក ចំណែកឯ​លេខ​សម្ងាត់​វិញ ពុំ​ត្រូវបាន​លួច​យក​នោះទេ។

ដើម្បី​ការពារ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​លោកអ្នក​គួរតែ​ប្ដូរ​លេខ​សម្ងាត់ ប្រសិនបើ​លោកអ្នក​ប្រើ​គេហទំព័រ​នេះ ហើយ​ពុំបាន​ប្រើ​គណនី​ពី​ក្រុមហ៊ុនផ្សេងៗទៀត​ដូចជា Google, Facebook ឬ Twitter ដើម្បី login នោះ។ ជាងនេះទៅទៀត​ប្រសិនបើ​លោកអ្នក​បាន​ប្រើ​លេខ​សម្ងាត់​នេះ​ជាមួយ​គេហទំព័រ​ផ្សេងទៀត​នោះ លោកអ្នក​គួរតែ​ធ្វើការ​ផ្លាស់ប្ដូរ​លេខ​សម្ងាត់​នៅក្នុង​គេហទំព័រ​ទាំងនោះ​ផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement