OnePlus Nord ជាស្មាតហ្វូន 5G ដែលនឹងលក់ក្នុងតម្លៃជាង 500ដុល្លារ

OnePlus Nord បានបង្ហាញ​រូបរាង​ជា​ផ្លូវការ​ហើយ ជា​ស្មា​ត​ហ្វូ​ន​តម្លៃស្រាលៗថ្មី 1ទៀត​របស់​ក្រុមហ៊ុន OnePlus ប៉ុន្តែ​មាន​លក្ខណសម្បត្តិ​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​តម្លៃ​ថ្លៃ​ប៉ុន្មាន​ឡើយ។

OnePlus Nord បានន​ពាំនាំ​ចំណុច​ទាក់ទាញ​របស់ OnePlus 8 ដែល​ក្នុងនោះ​មានដូចជា អេក្រង់ 90Hz Fluid AMOLED និង​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន Warp Charge 30T រួមជាមួយ​កាមេរ៉ា​មេ​ទំហំ 48MP ផងដែរ។

OnePlus Nord មាន​អេក្រង់​ទំហំ 6.44អ៊ី​ញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 1080×2400 ភិ​កសែ​ល ការពារ​ដោយ​កញ្ចក់ Gorilla Glass 5 ហើយ​នៅលើ​អេក្រង់​នេះដែរ ក៏មាន​បង្កប់​ទ្រនាប់​ស្គែ​ន​ម្រាមដៃ​ផងដែរ។ នៅ​ផ្នែក​លើ​ខាងឆ្វេង នៃ​អេក្រង់ គឺមាន​កាមេរ៉ា Selfie ចំនួន 2គ្រាប់ ដែល​កាមេរ៉ា​មួយ​មាន​ទំហំ 32MP និង1ទៀត​មាន​ទំហំ 8MP ជា​ប្រភេទ​កាមេរ៉ា Ultrawide អាច​ថតរូប​ភាព​បាន​ទំហំ 105ដឺ​ក្រេ។

នៅ​ផ្នែក​ខាងក្រោយ មាន​កាមេរ៉ា​ចំនួន 4គ្រាប់​តម្រៀប​គ្នា​ជា​ជួរ ដែល​កាមេរ៉ា​មេ​ទំហំ 48MP មាន Aperture f/1.75 និង​មាន​មុខងារ OIS/EIS មកជា​មួយ។ កាមេរ៉ា​នេះ គឺ​ដូចគ្នា​នឹង​កាមេរ៉ា​ដែល​គេ​ប្រើ​នៅលើ OnePlus 8ដែរ។ ចំណុច​ខុសគ្នា​ធំ​មួយ គឺ​កាមេរ៉ា​នេះ​អាច​ថត​វីដេអូ 4K បានត្រឹមតែ 30fps ប៉ុណ្ណោះ។ ចូលមក​ដល់​កាមេរ៉ា​បន្ទាប់​ទៀត គឺជា Ultrawide ទំហំ 8MP ដែល​អាច​ថតរូប​ភាព​ទំហំ 119ដឺ​ក្រេ អម​ជាមួយ​កាមេរ៉ា Macro ទំហំ 2MP និង​ចុងក្រោយ​ជា​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ 5MP។

ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdragon 765G ដែលមាន​ភ្ជាប់​មកជា​មួយ​នូវ​សេវា 5G ដែល​អម​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android10។ ថ្ម​របស់​វា​មាន​ទំហំ 4115mAh ដែល​អាច​សាក​ត្រឹម 30នាទី នឹង​បាន​ថាមពល​ថ្ម 70%។ យ៉ាងណាក្ដី វា​មិនមាន​អាវ​ក្រោះ​ការពារ​ទឹក និង​ធូលី​ដី ដូច OnePlus 8 ទេ។

OnePlus Nord នឹង​ដាក់លក់​នៅក្នុង​តំបន់ 2 មុនគេ គឺ​អាស៊ី និង​អឺរ៉ុប ចាប់ពី​ថ្ងៃទី4 ខែសីហា ដែល​នៅ​អាស៊ី (ឥណ្ឌា) មានតម្លៃ​ចាប់ពី​ប្រមាណ 380ដុល្លារ និង​នៅ​អឺរ៉ុប​មានតម្លៃ​ចាប់ពី​ប្រមាណ 461ដុល្លារ ជា​តម្លៃ​សម្រាប់​ប្រភេទ RAM 8GB/ROM 128GB ហើយ​ក៏មាន​ប្រភេទ RAM 12GB/ROM 256GB ដែរ ដែលមាន​តម្លៃ​ប្រមាណ 402ដុល្លារ នៅ​ឥណ្ឌា និង​ប្រមាណ 576ដុល្លារ នៅ​អឺរ៉ុប។

សូមជម្រាបថា Amazon នៅ​ប្រទេស​ឥណ្ឌា​មាន​លក់​ផ្ដាច់មុខ OnePlus Nord 1ប្រភេទ​ទៀត​មាន RAM 6GB/ROM 64GB ដែលមាន​តម្លៃ​ប្រមាណ 335ដុល្លារ ដែល​នឹង​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុង​ខែកញ្ញា៕

ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

Advertisement