Messenger បន្ថែមមុខងារថ្មី 1ទៀត គឺ App Lock អាចការពារកុំឱ្យគេលួចចូលមើល

ការការពារ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់ គឺមាន​សារៈ​សំខាន់បំផុត ក្នុងសម័យ​បច្ចេកវិទ្យា ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ដាក់ឱ្យ​ប្រើប្រាស់​មុខ​ងារ App Lock សម្រាប់​កម្មវិធី Messenger ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់។

មុខងារ​ថ្មី​នេះ​អាច​តម្រូវឱ្យ​អ្នកប្រើប្រាស់​ផ្ដល់ Face ID ឬ Touch ID មុននឹង​អាច​ចូល​ប្រើ​កម្មវិធី Messenger នេះ​បាន។ ការបន្ថែម​មុខងារ​ថ្មី​នេះ វា​ធ្វើឱ្យ​អ្នកប្រើប្រាស់ មាន​អារម្មណ៍​សុវត្ថិភាព​ថា ព័ត៌មាន​របស់​ពួកគេ​នឹងមិន​ត្រូវបាន​ចូល​មើល នៅពេលដែល​អ្នកផ្សេង​ប្រើ​ទូរស័ព្ទ​របស់គេ​នោះ។ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន Facebook ក៏បាន និង​កំពុងធ្វើការ​សាកល្បង​មុខងារ ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​កំណត់ថា តើ​អ្នកណា​អាច​ផ្ញើ​សារ ឬ​តេ​មក​គេ​ដោយផ្ទាល់ ឬ​ពួកគេ​ក៏​អាច​កំណត់​សម្រាប់​អ្នក​ដែល​មិនអាច​តេ ឬ​ផ្ញើ​សារបាន​ទាំងស្រុង​ផងដែរ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នឹងធ្វើ​ឱ្យ​រូបភាព​មើលទៅ​ឃើញព្រាលៗ ប្រសិនបើ​រូបភាព​នោះ​ត្រូវបាន​ផ្ញើ​ពី​អ្នកប្រើប្រាស់​ដែល​មិន​ធ្លាប់​ស្គាល់។

សូមបញ្ជាក់​ផងដែរ​ថា នាពេល​បច្ចុប្បន្ន មុខងារ​នេះ​ប្រើ​បានតែ​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS តែប៉ុណ្ណោះ តែ​គួរឱ្យ​ស្ដាយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ទាល់តែ 2-3ខែ​ទៀត ទើប​អាច​ប្រើ​មុខងារ​នេះ​បាន។ ដើម្បី​ប្រើប្រាស់​មុខងារ​នេះ លោកអ្នក​អាច​ចូលទៅក្នុង Privacy ដើម្បី​បើកមុខ​ងារ​ថ្មី​នេះ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement