NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​ “ដៃ​បីសាច” និង​ធំជាង​ Milky Way ជិត​​ពាក់​កណ្ដាល​​ឯ​ណោះ​

NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​

ទីភ្នាក់​ងារ​អវកាស​អាមេរិក​ (NASA) បាន​បញ្ចេញ​រូប​ថត​ ​បង្ហាញអំពី​​ទិដ្ឋ​​ភាពដ៏​ស្រស់​ស្អាត​នៃ​​កាឡាក់ស៊ីរាង​គូទ​ខ្យង​​ NGC 4848 ប្រកប​ដោយ​ភាព​លម្អិត​ ដែល​ត្រូវ​បាន​ហ្ស៊ូម​មក​ជិត​ និងថត​​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

កាឡាក់ស៊ី​ NGC 4848 មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​កញ្ចុំ​ផ្កាយ​ Coma Berenices ដែល​មាន​ចម្ងាយ​ពី​ផែន​​ដី​ប្រមាណ​ជា​336​លាន​ឆ្នាំ​ពន្លឺ​ (1ឆ្នាំ​ពន្លឺ​មាន​ប្រវែង​ 9.46លានលានគីឡូម៉ែត្រ)។ NGC 4848 ត្រូវ​បាន​ចាត់​ចូល​ក្នុង​ប្រភេទ​កាឡាក់ស៊ី​គូទ​ខ្យង​ដែល​បាក់​ជា​កំណាត់​​ ឬ​កាឡាក់ស៊ី​គូទ​ខ្យង​មាន​មែក​ទទឹង​ ដែល​ដូច​ទៅ​នឹង​កាឡាក់​ស៊ី​ Milky Way របស់​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ​។

ចំណុច​ពិសេស​របស់​បណ្ដា​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ នោះ​គឺ​ ពួក​វា​មាន​មែក​ធាង​ ឬ​ដៃ​ដែល​មាន​រាង​ដូច​ដង​ធ្នូ​ ដែល​លាត​សន្ធឹង​ពី​ចំណុច​កណ្ដាល​​ទៅ​កាន់​ជាយ​របស់​​កាឡាក់ស៊ី។ នៅក្នុង​រូប​ភាព​ថ្មី​បំផុត​របស់​កាឡាក់ស៊ី NGC 4848 ដែល​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​របស់​កែវ​យឹត​អវកាស​ Hubble បង្ហាញ​ថា ​ដៃនានា​ដែល​មាន​​រាង​ដូច​គូទ​ខ្យង​ និង​ពណ៌​ខៀវ​ខ្ចី​ដ៏ស្រស់​ស្អាត​របស់​កាឡាក់ស៊ី​នេះ​ អាច​ឱ្យ​យើង​សង្កេត​មើល​ឃើញ​បាន​យ៉ាង​លម្អិត​។

NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​ "ដៃ​បីសាច" និង​ធំជាង​ Milky Way ជិត​ពាក់កណ្ដាល​
NASA បញ្ចេញ​រូប​ថត​របស់​កាឡាក់ស៊ី​រាង​គូទ​ខ្យង​ដែល​មាន​ “ដៃ​បីសាច” និង​ធំជាង​ Milky Way ជិត​ពាក់កណ្ដាល​

“Hubble មិន​ត្រឹម​តែ​ថត​បាន​ទិដ្ឋ​ភាព​ផ្នែក​ខាង​ក្នុង​យ៉ាង​ច្បាស់​នៃ​ដៃនានា​​កាឡាក់​ស៊ី​នេះ​ ជា​កន្លែង​ដែល​មាន​ផ្ទុក​ផ្កាយ​ “ក្មេង​ៗ” រាប់​សែន​ដួង​កំពុង​បញ្ចេញ​ពន្លឺ​​ដ៏​ខៀវ​ស្រងាត់​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏អនុញ្ញាត​ឱ្យ​យើង​មើល​ឃើញ​កន្ទុយ​ដ៏ស្រទន់​របស់​កាឡាក់ស៊ី​ដែល​បន្លាយ​ខ្លួន​ចេញ​ឆ្ងាយ​ពី​ចំណុច​កណ្ដាល​ ប្រៀប​បានទៅ​នឹង​ដៃបី​សាច​​ដូច្នេះ​ដែរ” នេះ​បើ​តាម​​​ការ​ពិពណ៌​នា​របស់​ NASA។

កាឡាក់ស៊ី​របស់​មនុស្ស (Milky Way)

NGC 4848 ត្រូវ​បាន​រកឃើញ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី​21​មេសា​ ឆ្នាំ​1865​ ដោយ​តារា​វិទូ​ជនជាតិ​អាល្លឺម៉ង់​ Heinrich Louis d’Arrest។ តាម​ការ​គន់​គូរ​ កាឡាក់ស៊ី​នេះ មាន​ទំហំ​ធំជាង​ Milky Way របស់​មនុស្ស​ដល់​ទៅ​ជិត​ពាក់​កណ្ដាល​ឯណោះ​ ដោយ​វា​មាន​អង្កត់​ផ្ចិត​ប្រវែង​ជិត​ 150,000ឆ្នាំ​ពន្លឺ​៕

ប្រភព៖ Sci-News

Advertisement