ផ្លូវការ៖ Oppo បញ្ចេញបច្ចេកវិទ្យាសាកថ្មលឿនបំផុត កម្លាំងសាក 125 វ៉ាត់

ក្រុមហ៊ុន OPPO បានប្រកាស​ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី កម្លាំង​ដល់ 125W ដោយបាន​អះអាងថា ជា​បច្ចេកវិទ្យា​ឈានមុខ​គេ ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ។ OPPO ក៏​តែងតែ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ការផ្ដល់​ដំណោះស្រាយ​ការ​សាក​ថ្ម​ល្បឿន​លឿន ដែល​បាន​បង្កើត​នូវ​បច្ចេកវិទ្យាទំនើបៗ ដូចជា Dash Charge ជាដើម។

បើទោះជា OPPO មិនទាន់បាន​ប្រកាស​នៅឡើយ​ថា ស្មា​ត​ហ្វូ​ន​ណា​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​មុនគេ​ក្ដី  តែ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​នេះ​បាន មិនមែនជា​រឿងងាយៗ ដែល​គ្រាន់តែ​បង្កើត​ដុំ​សាក​ថ្ម​កម្លាំង​ខ្លាំង រួច​ដោត​ចូលទៅ​ស្មា​ត​ហ្វូ​នធម្មតាៗនោះទេ។ គេ​ត្រូវ​ឌី​ហ្សា​ញ​ដុំ​សាក ខ្សែ​ត​ភ្ជាប់ និង​ថ្ម​ជាថ្មី ដែល​អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​ថ្មី​នេះ ដើម្បី​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព។

យោងតាម​ការអះអាងរ​បស់ OPPO បានឱ្យដឹងថា បច្ចេកវិទ្យា​ថ្មី​កម្លាំង 125Wនេះ អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ចំណាយពេល​ត្រឹម 20នាទី​ប៉ុណ្ណោះ ហើយ​សាក 5នាទី បាន​ថាមពល​ថ្ម​រហូតដល់ 41%។

ក្រៅពីនោះ OPPO ក៏បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា AirVOOC 65W ដែលជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ប្រើ​ខ្សែ អាច​សាក​ថ្ម​ទំហំ 4000mAh ដោយ​ប្រើពេល​ត្រឹម 30នាទី​ប៉ុណ្ណោះ៕

Advertisement