ទូទឹកកក​បំពាក់​បច្ចេក​វិទ្យា “គោះ2ដង ឃើញ” របស់ LG មកដល់​ខ្មែរ​ហើយ

ក្រោយ​ដាក់​បង្ហាញ​នៅក្នុង​កម្មវិធី CES 2017 នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក​កាលពីដើមឆ្នាំ ទូទឹកកក​ម៉ូ​ដែល​ថ្មី​បំពាក់​បច្ចេកវិទ្យា InstaView ប្លែក​ដាច់​គេ​ដោយ​គ្រាន់តែ​គោះ 2 ដង​អាច​មើលឃើញ​ឆ្លុះ​ដល់​ខាងក្នុង​ដោយ​មិនចាំបាច់​បើកទ្វារ​ទូទឹកកក បានមក​ដល់ទី​ផ្សា​រក​ម្ពុ​ជា​យើង​ហើយ​កាលពី​ល្ងាច​ថ្ងៃទី9 ម្សិលមិញ​នេះ។

បច្ចេកវិទ្យា InstaView ឬ​យើង​អាច​ហៅថា “គោះ 2ដង ឃើញ” ត្រូវបាន​ក្រុមហ៊ុន LG បញ្ជាក់ថា ជា​បច្ចេកវិទ្យា​ថ្មី​អាចជួយ​សន្សំសំចៃ​និង​កាត់បន្ថយ​ការ​សាយភាយ​ភាព​ត្រជាក់​ពី​ក្នុង​ទូទឹកកក​មក​ខាងក្រៅ​បាន។  មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បាន​បំពាក់​នូវ  Linear Compressor ដែល​ជួយ​ដល់​ការ​សន្សំសំចៃ​អគ្គិសនី​រហូតដល់ 36% លើសពី​ទូទឹកកក​ស៊េរីមុន។ ទូទឹកកក​ម៉ូ​ដែល GC-X247CSAV ជា​ជំនាន់​ថ្មី​មួយ​នៃ​ត្រកូល​ទូទឹកកក Door-in-Door™ ដែល​មានន័យថា ទ្វារ​របស់​ទូទឹកកក​នេះ​មាន 2 ស្រទាប់ ដោយ​ស្រទាប់​ខាងក្រៅ យើង​អាច​គោះ 2 ដង​ឱ្យ​ទូទឹកកក​បញ្ចេញ​ពន្លឺ ដើម្បី​យើង​អាច​មើលឃើញ​ផ្ទៃ​ខាងក្នុង​បាន​ដោយ​មិនចាំបាច់​បើកទ្វារ​មើល​ឡើយ។ ដោយឡែក​ផ្ទៃ​ខាងក្នុង​ទូ​ទឺ​កក​ក​នេះ​ក៏មាន​បែង​ចែកជាផ្នែកៗ សម្រាប់​ទុកដាក់​បន្លែ ត្រី​សាច់ ភេសជ្ជៈ រួម​នឹងមាន​កន្លែង​សម្រាប់​ដាក់​ស្រា​ទំពាំងបាយជូ​ផងដែរ។

ចំពោះ​ផ្នែក​ខាងក្រៅ វា​ក៏មាន​កន្លែង​សម្រាប់​ចុច​ទឹក​ផឹក និង​កន្លែង​ចុច​យក​ទឹកកក ដែលមាន​បែងចែក​ជា 2 ប្រភេទ មួយ​ជា​ប្រភេទ​ដុំ និង​មួយទៀត​ជា​ប្រភេទ​កម្ទេច​ទឹកកកតូចៗ ដូច​ទឹកកក​ឈូស។ ក្រៅពីនេះ វា​ក៏មាន​មុខងារ​ចាក់សោរ ដើម្បី​កុំឱ្យ​ក្មេង​ចុច​លេង រួម​នឹង​កម្មវិធី​ដែល​អា​ចត​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទដៃ​សម្រាប់​គ្រប់គ្រង​ផ្ទាល់​ចេញពី​ស្មា​ត​ហ្វូ​ន​បាន​ទៀតផង។ យ៉ាងណាមិញ ទូទឹកកក​ម៉ូ​ដែល GC-X247CSAV នេះ​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹងថា នឹងមាន​តម្លៃ​ប្រមាណ 2,199 ដុល្លារ សម្រាប់​ទីផ្សារ​កម្ពុជា​យើង៕

Advertisement