យប់​នេះ​ NASA នឹង​បញ្ចេញ​​​រូប​ភាពជិត​បំផុត​នៃ​​​ព្រះអាទិត្យ​ ដែល​យាន​ Solar Orbiter ថត​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​

យប់​នេះ​ NASA នឹង​បញ្ចេញ​​​រូប​ភាពជិត​បំផុត​នៃ​​​ព្រះអាទិត្យ​ ដែល​យាន​ Solar Orbiter ថត​បាន​

បណ្ដុំ​រូប​ភាព​ជិត​បំផុត​របស់​ព្រះអាទិត្យ​ដែល​ត្រូវ​បាន​យាន​អវកាស​ Orbiter ថត​​បាន​នៅ​ពេល​​​ហោះ​ហើរ​ក្នុង​រយៈ​ចម្ងាយ​75.6​លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ​ នឹង​ត្រូវ​បាន​អង្គ​ការ​ NASA ប្រកាស​បង្ហាញ​នៅ​វេលាម៉ោង​19​យប់​ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃទី​16​កក្កដា​នេះ​។

ទីភ្នាក់​អវកាស​អាមេរិក (NASA) និង​ទី​ភ្នាក់​អវកាស​អឺរ៉ុប​ (ESA) នឹង​ចែក​រំលែក​បណ្ដា​រូប​ថត​របស់​ព្រះ​អាទិត្យ​ដែល​ត្រូវ​បាន​ថត​នៅ​ក្នុង​រយៈ​ចម្ងាយ​ជិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ បន្ទាប់​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​ចូល​ទៅក្នុង​ទីអវកាស​កាលពី​ថ្ងៃទី​9​កុម្ភៈ​2020 យាន​អវកាស​​ Solar Orbiter បាន​ហោះ​ហើរ​ឆ្លង​កាត់​តំបន់​ជិត​ព្រះ​អាទិត្យ​បំផុត​ នៅ​​ពាក់​កណ្ដាល​ខែ​មិថុនា​ បើ​ទោះ​ជា​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ដោយ​សារ​បញ្ហា​ COVID-19 ក៏ដោយ​។ នៅ​ពេល​ហោះ​ហើរ យាន​នេះ​បាន​បើក​ដំណើរ​ការ​ឧបករណ៍​ទាំង​10​របស់​វា​​ក្នុង​ពេល​តែ​មួយ​ ដើម្បី​ផ្ដិត​យករូប​ភាព​របស់​ព្រះអាទិត្យ​។

Daniel Muller ដែល​ជា​អ្នក​វិទ្យា​សាស្ត្រ​ម្នាក់​របស់​អង្គការ​អវកាស​អឺរ៉ុប​ ធ្វើ​ការ​ក្នុង​គម្រោង​ Solar Orbiter បាន​ឱ្យ​ដឹង​ថា “បណ្ដុំ​រូប​ថត​ដំបូង​ គឺ​ហួស​ពី​ការ​ស្មាន​របស់​យើង​។ យើង​បានរកឃើញ​តម្រុយ​ជា​ច្រើន​នៃ​បាតុភូត​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​មិន​ធ្លាប់​បាន​ពិនិត្យ​មើល​ឃើញ​ទាល់​តែ​សោះ​នា​ពេលកន្លង​មក។ ឧបករណ៍​ទាំង​10​នៅ​លើ​ Solar Orbiter ដំណើរ​ការ​ដោយ​រលូន និង​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រួម​របស់​​ព្រះ​អាទិត្យ​ និង​ខ្យល់​ព្រះអាទិត្យ​។ ប្រការ​នេះ​ នាំ​ឱ្យ​យើង​ជឿជាក់​ថា Solar Orbiter នឹង​ជួយ​ឱ្យ​យើង​អាច​ឆ្លើយ​នឹង​សំណួរ​ជា​ច្រើន​ដែល​មិន​ទាន់​មាន​ចម្លើយ​​ ស្ដី​អំពី​ព្រះអាទិត្យ​”។

នៅក្នុង​ការ​ហោះ​ហើរ​ជុំវិញ​តារាវិថី​ជា​លើក​ដំបូង​ យាន​ Solar Orbiter បាន​ហោះ​ក្នុង​រយៈ​ចម្ងាយ​​​ពី​ព្រះ​អាទិត្យ​ប្រមាណ​ជា​75.6​លាន​គីឡូម៉ែត្រ​ គឺ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​រយៈ​ចម្ងាយ​ពី​ព្រះអាទិត្យ​មក​ផែន​ដី​។​ ESA ឱ្យ​ដឹង​ថា យាន​អកវាស​នេះ​នឹង​ហោះ​ទៅ​​ជិត​​ព្រះអាទិត្យ​ជាង​នេះ​ទៀត​នា​ពេល​ខាងមុខ​។ Solar Orbiter កំពុង​តែ​ធ្វើ​ការ​កែ​ប្រែ​គន្លង​គោចរ​របស់​វា​យ៉ាង​យឺត​ៗ​។ នៅ​ចុង​ឆ្នាំ​2021 យាន​នេះ​នឹង​ហោះ​ទៅ​ក្បែរ​ព្រះ​អាទិត្យ​ក្នុង​រយៈ​ចម្ងាយ​41.8​លាន​គីឡូម៉ែត្រ​ ពោល​គឺជិត​ជាង​រយៈ​ចម្ងាយ​រវាង​​ព្រះអាទិត្យ​និង​ពិភព​ពុធ​ទៅ​ទៀត​ ដើម្បី​ពិនិត្យ​ទៅ​លើ​តំបន់​ប៉ូលទាំង​មូល​របស់​ព្រះអាទិត្យ​។

យប់​នេះ​ NASA នឹង​បញ្ចេញ​​​រូប​ភាពជិត​បំផុត​នៃ​​​ព្រះអាទិត្យ​ ដែល​យាន​ Solar Orbiter ថត​បាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​
ដំណើរ​ហោះ​​ហើរ​ជុំ​វិញ​ព្រះអាទិត្យ​របស់​យាន​ Solar Orbiter

ក្រុម​អ្នក​វិទ្យាសាស្ត្រ​សង្ឃឹម​ថា គម្រោង​នេះ​នឹង​អាច​ស្វែង​រក​ឃើញ​ចម្លើយ​ដែល​បក​ស្រាយ​អំពី​ការ​វិវឌ្ឍន៍​​របស់​ភព​នានា​ រួម​នឹង​ដំណើរ​ការ​នៃ​វត្តមាន​របស់​ជីវិត​ រចនា​សម្ព័ន្ធ​នៃ​ដំណើរ​ការ​របស់​ប្រព័ន្ធ​ព្រះអាទិត្យទាំង​មូល​​ និង​ប្រភព​នៃ​អវកាស​ផងដែរ​។

កន្លង​មក​ កាល​ពី​ខែ​មិថុនា​2020​ អង្គការ​ NASA បានចែក​រំលេក​វីដេអូ​ time-lapse មួយ​ ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​ព្រះអាទិត្យ​ក្នុងរយៈ​ពេល​10ឆ្នាំ​កន្លង​មក​​ ដោយ​យោង​ទៅ​តាម​ទិន្ន​ន័យ​ពី​យាន​អវកាស​ Solar Dynamics Observatory (SDO)។ SDO ថត​បាន​រូប​ភាព​យ៉ាង​ច្បាស់​ចំនួន​425​លាន​សន្លឹក​អំពី​ព្រះអាទិត្យ​ គឺ​ប្រហាក់​ប្រហែល​នឹងទិន្ន​ន័យ​ចំនួន​​20​លាន​ gigabyte ក្នុង​រយៈ​ពេល​1ទសវត្សរ៍​៕

ប្រភព៖ NASA

Advertisement