ក្រុមហ៊ុន Adobe គ្រោងនឹងស្នើសុំឱ្យអ្នកប្រើប្រាស់ លុបកម្មវិធី Flash Player ចេញពីកុំព្យូទ័រ

Adobe Flash Player គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​របស់​ក្រុមហ៊ុន Adobe ជា​កម្មវិធី​អាចឱ្យ​វីដេអូ​នៅលើ Internet Browser ដំណើរការបាន និង​មានការ​ពេញនិយម​យ៉ាង​ខ្លាំង​កាលពី​ជាង 1ទសវត្សរ៍​មុន។ ពេលវេលា​ចេះតែ​ដើរទៅ​មុខ ស្របពេល​ជាមួយ​បច្ចេកវិទ្យា​ក៏​ចេះតែ​វិ​វ​ឌ្ឍ​ទៅកាន់​តែ​ល្អ​ប្រសើរឡើង ក្នុងការ​បង្កើត​កម្មវិធីថ្មីៗ ដើម្បី​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយស្រួល។

ដូចគ្នានេះដែរ ការដាក់ចេញ​ឱ្យប្រើ​ប្រាស់ HTML5 កាលពី​ឆ្នាំ2008 ដែលមាន​បន្ថែម​មុខងារ​របស់ Adobe Flash ដោយ​មិនចាំបាច់​បញ្ចូល​កម្មវិធី​បន្ថែម​នោះ បានធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន ជាពិសេស​ក្រុមហ៊ុន Apple ចាប់ផ្ដើម​ឈប់​ប្រើប្រាស់ Adobe Flash ហើយ​ងាក​មក​ប្រើ​មុខងារ​នេះ​ជាមួយ HTML5 វិញ​ម្ដង។

ក្រុមហ៊ុន Adobe គ្រោង​នឹង​ស្នើ​សុំឱ្យ​អ្នកប្រើប្រាស់​លុប​កម្មវិធី Flash Player ចេញពី​កុំព្យូទ័រ​របស់​ពួកគេ​នៅ​ដំណាច់​ឆ្នាំនេះ ស្រប​ពេលដែល​កម្មវិធី​នេះ​ត្រូវបាន​គ្រោង​នឹង​ឈានដល់​ទីបញ្ចប់​នៃ​ជីវិត (End-Of-Life) នៅ​ថ្ងៃទី31 ខែធ្នូ ឆ្នាំ2020 ខាងមុខ​នេះហើយ។ តាមពិតទៅ កម្មវិធី Flash Player ត្រូវបាន​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់​តាំងពី​អំឡុង​ឆ្នាំ2017 មកម្ល៉េះ រួម​ជាមួយនឹង​ក្រុមហ៊ុន​ផលិត Browser ដូចជា Apple, Google, Microsoft និង Mozilla។ ដោយឡែក មានតែ Facebook មួយ​ប៉ុណ្ណោះ​ដែល​នៅតែ​ត្រូវការ​ពឹងផ្អែក​ទៅលើ Flash Player ដើម្បីឱ្យ​ហ្គេម​មួយចំនួន​អាច​ដំណើរការបាន។

មូលហេតុ​នៃ​គោលបំណង​ធ្វើ​នេះ គឺ​ដោយសារតែ Flash Player តែងតែ​ត្រូវបាន​វាយប្រហារ​ដោយ​ពួក Hacker និង​អ្នកបង្កើត​មេរោគ Malware។

Adobe ក៏បាន​ឱ្យដឹង​ដែរ​ថា នៅពេល Flash ឈានដល់​កាលបរិច្ឆេទ​បញ្ចប់ ក្រុមហ៊ុន​មិន​ត្រឹម​តែមាន​គម្រោង​បញ្ឈប់​ការផ្តល់ជូន​នូវ​ការធ្វើ​បច្ចុប្បន្នភាព (Update) ប៉ុណ្ណោះ​ទេ ហើយ​ពួកគេ​ក៏មាន​គម្រោង​នឹង​ដក​តំណ​ទាញយក (Download Link) Flash Player ចេញពី​គេហទំព័រ​របស់​ពួកគេ​ផងដែរ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​កម្មវិធី Flash ដែល​អាច​ប្រឈម​នឹង​ការវាយប្រហារថ្មីៗបន្តទៀត ជាពិសេស​នៅពេលដែល​ក្រុមហ៊ុន​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព៕

ប្រភព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

Advertisement