បន្ទះឈីប Snap 6-series គាំទ្រសេវា 5G ដាក់លើស្មាតហ្វូនតម្លៃធូរៗ ចេញមកហើយ!

បន្ទះ​ឈី​ប Snapdragon 6-series បាន​លេចចេញ​ជា​ផ្លូវការ​ដំបូង​គេ ដែល​គាំទ្រ​សេវា 5G សម្រាប់​ប្រើប្រាស់​លើ​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ធូរ​ថ្លៃ បន្ថែម​ពីលើ​ឈី​ប Snapdragon 765G និង Snapdragon 865 ដែល​ប្រកាស​ចេញផ្សាយ​ដោយ Qualcomm ។

ឈី​ប​ជំនាន់​ចុងក្រោយបង្អស់ Snapdragon 690 នេះ មាន​បំពាក់​មកជា​មួយ​នូវ Modem X51 ដែលជា Modem 5G ។

គោលដៅ​របស់​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​ល្បីល្បាញ Qualcomm គឺ​ធ្វើយ៉ាងណា​ផ្ដល់នូវ​ស្មា​ត​ហ្វូ​ន 5G តម្លៃ​ធូរ​ថ្លៃ​ដល់​អតិថិជន​ទូទាំង​ពិភពលោក។ Snapdragon 690 នេះ​មាន​ល្បឿន CPU លឿន​ជាង​មុន 20% និង​ល្បឿន​ក្រាហ្វិក​លឿន​ជាង​មុន 60% បើ​ធៀប​នឹង​ឈី​ប Snapdragon 675។

ក្រៅពី​មាន​ពាំនាំ​នូវ​សេវា 5G ហើយ​នោះ ឈី​ប​ថ្មី​នេះ ក៏​អាច​គាំទ្រ​ការថត​វីដេអូ HDR កម្រិត 4K/30fps និង​គាំទ្រ​ការថតរូប​សន្លឹក​ដល់​ទំហំ 192MP ផងដែរ។

ក្រុមហ៊ុន HMD, LG, Motorola, Sharp, TCL និង Wingtech រំពឹងថា នឹង​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ថ្មី ដែល​ប្រើ​ឈី​ប​ថ្មី​នេះ​ក្នុងពេលឆាប់ៗនេះ។ បន្ថែម​ពីលើ​នេះដែរ វា​ក៏មាន​គាំទ្រ​នូវ Refresh Rate នៃ​អេក្រង់​រហូតដល់ 120Hz នៅក្នុង​កម្រិត FHD+ និង​មាន Quick Charge 4+ ហើយ​មាន​គាំទ្រ​នូវ Wi-Fi 6 ទៀតផង។

នៅលើ​ឈី​ប​នេះ ក៏មាន AI Engine ជំនាន់​ថ្មី ដែល​ធ្វើឱ្យ​ការប្រើប្រាស់ Filter Snapchat កាន់តែ​រលូន មិនទាក់ៗដូច​មុន ហើយក៏​ជួយ​ដល់​ការផ្លាស់ប្ដូរ ពី​កាមេរ៉ា 1ប្រភេទ​ទៅ​កាមេរ៉ា 1ប្រភេទ​ទៀត ហើយ​កាន់​តែមាន​ភាពរលូន​ល្អ​ផងដែរ៕

Advertisement