កម្ពុជា ជាប្រទេសមួយក្នុងចំណោម 11ប្រទេស ដែលអាចប្រើកម្មវិធី mySamsung

ក្នុងតំបន់អាស៊ី និងអូសេអានី កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស 11 ដែលអាចប្រើប្រាស់កម្មវិធីថ្មីមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Samsung សម្រាប់ផ្ដល់ជូនអតិថិជននូវការថែទាំ ការគ្រប់គ្រង និងធ្វើឱ្យផលិតផល Samsung របស់អ្នកកាន់តែល្អប្រសើរជាងមុន។

តាមការចុះផ្សាយលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung បានឱ្យដឹងថា កម្មវិធី mySamsung អាចប្រើបានក្នុងប្រទេស 11 រួមមាន អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ណូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី ថៃ តៃវ៉ាន់ និងវៀតណាម។ កម្មវិធីនេះផ្ដល់នូវលទ្ធភាពទាក់ទងសេវាបម្រើអតិថិជន នៅពេលលោកអ្នកត្រូវការជំនួយ ព្រមទាំងនឹងក្លាយជាមនុស្សដំបូងក្នុងការទទួលបានការ Update ព័ត៌មានអំពីការលក់ផ្ដល់ជូនតម្លៃពិសេស ឬឯកសិទ្ធិពិសេសថ្មីៗ ជាដើម។

ប្រភពព័ត៌មានបានបន្ថែមទៀតថា កម្មវិធីនេះអាចប្រើបានលើទូរស័ព្ទវៃឆ្លាត Samsung ទាំងអស់ និងថេប្លេតមួយចំនួនដែលប្រើ Android OS 4.3 ឡើងទៅ ហើយមាន 7 ភាសាដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Samsung ទទួលបានអត្ថប្រយោជន៍ពីដៃគូដែលអាចជួយដោះស្រាយបញ្ហាបន្តិចបន្តួចរបស់ផលិតផល Samsung ឬទទួលបាននូវអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសពីសេវាកម្មភោជនីយដ្ឋាន ឬពីទីកន្លែងផ្សេងៗទៀតនៅក្នុងទីក្រុងជាកន្លែងដែលសមាជិករបស់ mySamsung អាចរីករាយជាមួយការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសណាមួយ។

ក្រៅពីនេះ លោកអ្នកក៏អាចសិក្សាអំពីព័ត៌មានជុំវិញផលិតផល Samsung ដែលជាការច្នៃប្រឌិតថ្មី និងការផ្តល់ជូនពិសេសថ្មីៗ ហើយនៅពេលដែលទូរស័ព្ទមានបញ្ហាដែលតម្រូវឱ្យមានការជួសជុលពីអ្នកបច្ចេកទេស អ្នកអាចប្រើប្រាស់កម្មវិធី mySamsung ដោយគ្រាន់តែចុចលើស្មាតហ្វូន Galaxy របស់អ្នកដែលផ្ទុកនូវកម្មវិធីនេះប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតអ្នកអាចប្រើ «Live Chat» ដើម្បីពិភាក្សាជាមួយផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងឬគ្រាន់តែចុចលើពាក្យ «Write to us» អ្នកនឹងអាចសរសេរអ៊ីមែលព្រមទាំងភ្ជាប់មកនូវរូបថត (ប្រសិនជាចាំបាច់) នៅពេលអ្នកពន្យល់ពីបញ្ហាដែលអ្នកជួបប្រទះបានទៀតផង៕

Advertisement