Huawei ក្លាយជាក្រុមហ៊ុន ដែលអាចលក់ស្មាតហ្វូនបានច្រើនជាងគេ

បើតាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint Research បាន​បង្ហាញថា Huawei ជា​ក្រុមហ៊ុន​ដែល​កាន់កាប់​ចំណែក​ទីផ្សារ​សកល​បាន 21.4% ខណៈដែល Samsung កាន់កាប់ 18.1% ដូចនេះ Huawei បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​អាច​លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើនជាងគេ​ក្នុង​លោក ប្រចាំ​ខែមេសា ឆ្នាំ2020 ដោយ​អាច​វ៉ា​ឈ្នះ Samsung បាន។

អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ Counterpoint Research បាន​លើកឡើងថា Huawei បានទទួល​ផលប្រយោជន៍​ធំ ពី​ទីផ្សារ​ប្រទេស​ចិន ដែល​ខ្លួន​បាន​ពង្រឹង​ម៉ាក​យីហោ​របស់ខ្លួន តាំងពី​មានរឿង​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ម​ក។ ជាងនេះទៅទៀត ដោយសារតែ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ចិន វិលត្រឡប់​មករក​ស្ថានភាព​ដើម​វិញ ទាំង​តម្រូវការ និង​ការផ្គត់ផ្គង់​នោះ ទើប​ធ្វើឱ្យ​ចំនួន​លក់​របស់ Huawei មានការ​កើនឡើង។

ក្នុង​របាយការណ៍ ថែមទាំង​មាន​បញ្ជាក់​ផងដែរ​ថា ទីផ្សារសំខាន់ៗ របស់ Samsung ដែលមាន​ដូចជា ឥណ្ឌា អាមេរិក​កណ្ដាល អាមេរិក​ឡាទីន និង​ផ្នែក​ខ្លះ​នៃ​តំបន់​អឺរ៉ុប គឺ​សឹងតែ​ធ្លាក់​ដល់​ចំណុចសូន្យ​នៅក្នុង​ខែមេសា។ តំបន់​ទាំងនេះ គឺ​ស្ថិតក្រោម​ការអនុវត្ត​គម្លាត​សង្គម និង​ការបិទ​ប្រទេស យ៉ាង​តឹងរ៉ឹង​នា​ខែមេសា ដែល​ធ្វើឱ្យ​ចំនួន​លក់​ត្រកូល Galaxy S20 មាន​អត្រា​ទាប។

សរុប​ជារួម នៅ​ខែមេសា មាន​ស្មា​ត​ហ្វូ​ន​ចំនួន​ជិត 70លាន​គ្រឿង បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​សកល ដែល​វា​មានការ​ធ្លាក់ចុះ​រហូតដល់ 41% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំមុន៕

Advertisement