អ៊ីស៊ុយហ្ស៊ុយបើកសម្ពោធរថយន្ត ISUZU MU-X ថ្មី

ក្រោយដណ្ដើមបានចំណែកទីផ្សាររថយន្តប្រភេទ Pickup បានចំនួន 30% ក្រុមហ៊ុនអ៊ីស៊ុយហ្ស៊ុយ (Isuzu) បានធ្វើការបើកបង្ហាញនូវរថយន្តប្រភេទ SUV ថ្មីមួយម៉ូដែលទៀត សម្រាប់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងរូបរាងស្អាត កម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន ដែលជួយសម្រួលដល់ការបើកបរប្រកបដោយផាសុកភាព។

លោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ុយហ្ស៊ុយ ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនចែកចាយរថយន្តអ៊ីស៊ុយហ្ស៊ុយ ប្រភេទ Pickups និង SUV ផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ភាពជោគជ័យក្នុងទីផ្សាររថយន្តកម្ពុជាបានជំរុញឱ្យក្រុមហ៊ុនបន្តដាក់បង្ហាញ​រថយន្តថ្មីៗមកកាន់ប្រទេសមួយនេះ។ លោកបន្ដថា រថយន្ត The New ISUZU MU-X ដែលទើបដាក់បង្ហាញនេះត្រូវ​បាន​រៀបចំរចនាម៉ូតឡើងវិញ ទាំងផ្ទៃខាងក្នុង និងខាងក្រៅនៃរថយន្ត ​ដើម្បី​ធ្វើឱ្យកាន់​តែ​ស្រស់ស្អាត ឆើតឆាយ និងផ្តល់ផាសុកភាពពេញលេញទាំងនេះឆ្លុះបញ្ចាំងពី​ភាព​ល្អដាច់គេ បើប្រៀបធៀបជាមួយនឹងរថយន្តផ្សេងទៀត។

លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា រថយន្ត The New ISUZU MU-X នឹងត្រូវចិត្តលោកអ្នកហើយវានឹងជាកម្លាំងមួយរុញច្រានការលក់របស់ក្រុមហ៊ុនកាន់តែខ្ពស់ និងសម្រេចបានគោលដៅ»

រថយន្តនេះផ្តល់ជូននូវសមត្ថភាពបើកបរដ៏ពិសេសតាមរយៈម៉ាស៊ីន “Blue Power” ដែលផ្តល់ថាមពល​ខ្លាំង សន្សំសំចៃប្រេង និងផ្តល់ជូននូវកម្រិត​សុវត្ថិភាពខ្ពស់បំផុតទៅតាមបទដ្ឋានរបស់អ៊ីស៊ុយហ្ស៊ុយ ដែលទទួលបានទំនុកចិត្ត​ពីអតិថិជននៅជុំវិញពិភពលោក និងបានឆ្លើយតបទៅគ្រប់បែបផែននៃជីវិតរស់នៅខុសៗគ្នា ហើយការជ្រៀតចូល​ក្នុង​ទីផ្សារ​នៃ​រថយន្ត Pickup និង SUV នៅក្នុងទីផ្សារ​សំខាន់ៗ ដូចជាកម្ពុជា និងឡាវ គឺជាជំហានសំខាន់បន្ទាប់ទៀតសម្រាប់ក្រុមហ៊ុន ​​​​ទ្រីផេដ អ៊ីស៊ុយហ្ស៊ុយ សេល និងសាខាក្រុមហ៊ុន អ៊ីស៊ុយហ្ស៊ុយ នៅក្នុងទីផ្សារតំបន់អាស៊ាន។ រថយន្ត “The New ISUZU MU-X” ​ដែលជា​ប្រភេទរថយន្ត SUV ថ្មីបំផុត សម្រាប់ទីផ្សារពិភពលោក ជាមួយនឹងគោលគំនិត “Uniquely You” ដោយវាមានរចនាបទថ្មី ផ្ទៃខាងក្នុងពណ៌លឿង ប្រព័ន្ធជើងក្រោមមានលំនឹងល្អ មានពោងសុវត្ថិភាព SRS ចំនួន 6 និងប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC) ជាដើម។

ក្រៅពីលក្ខណៈខាងលើវា ក៏មានចង្កៀងមុខថ្មីបែប Bi-LED ផ្តល់ពន្លឺភ្លឺច្បាស់ជាងមុន និង​មាន​ប្រព័ន្ធកែតម្រូវកម្រិតពន្លឺបានដោយស្វ័យប្រវត្តិជាមួយនឹងអំពូល Daytime Running Light។ ផ្នែកខាងក្នុងប្រើនូវប្រព័ន្ធ iConnect Multimedia លើអេក្រង់ Touch Screen ​ទំហំ 8 អ៊ីញអាចភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូនតាមរយៈ Mirroring និងរន្ធ USB ។ កៅអីអូតូ អនុញ្ញាតឱ្យអ្នកបើកបរប្តូរទីតាំងកៅអីបាន​យ៉ាងត្រឹមត្រូវ​ 6 ទិសហើយក៏អាចបត់បាន ងាយស្រួលសម្រាប់ដាក់អីវ៉ាន់។ រថយន្តនេះ មានម៉ាស៊ីនប្រើប្រេងម៉ាស៊ូត Ddi 3.0 VGS, TURBO ដែល​មាន​កម្លាំង 163 សេះ នៅ3,200 ជុំ/នាទី កម្លាំងបង្វិលអតិបរមា 380 ញីវតុនម៉ែត្រ នៅ 1,800 – 2,200 ជុំ/នាទី ហើយប្រព័ន្ធបើកបរថ្មី និងប្រអប់លេខអូតូ 5 លេខជាមួយនឹងតម្លៃចាប់ពី 48,900 ដុល្លារឡើងទៅ៕

Advertisement