BYD សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

កាលពី​ថ្ងៃទី 11 មីនា ក្រុមហ៊ុន​ផលិត​រថយន្ត​ល្បីឈ្មោះ​របស់​ចិន BYD បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ប្រទេស​ថៃ ដែល​នេះ​គឺជា​សកម្មភាព​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន ដើម្បី​ពង្រីក​ទីផ្សារ​របស់ខ្លួន​នៅ​អាស៊ីអាគ្នេយ៍។

រោងចក្រ​ដែល​ស្ថិតនៅក្នុង​តំបន់​របៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត​ប្រទេស និង​នៅក្នុង​ខេត្ត Rayong នេះ គ្រោង​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ផលិត និង​ចែកចាយ​រថយន្ត​អគ្គិសនី​សម្រាប់​ប្រទេស​ថៃ និង​បណ្ដា​ប្រទេសជិតខាង ក៏ដូចជា​តំបន់​អាស៊ីអាគ្នេយ៍ និង​បណ្ដា​តំបន់​ដទៃទៀត។

គិត​ត្រឹម​ឆ្នាំ 2022 ក្រុមហ៊ុន BYD លក់​រថយន្ត​អគ្គិសនី​បាន​លើសពី 1.86 លាន​គ្រឿង កើន 208.6% បើ​ធៀប​នឹង​ឆ្នាំ 2021។

កាលពី​ឆ្នាំមុន BYD បាន​នាំ Atto 3 ដែលជា​រថយន្ត​អគ្គិសនី​ដ៏​ពេញនិយម​របស់ខ្លួន ចូលទៅ​កាន់​ទីផ្សារ​ថៃ។ Liu Xueliang អគ្គនាយក​ផ្នែក​លក់​របស់ BYD ប្រចាំ​អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក បាន​និយាយថា ការសម្រេចចិត្ត​នេះ​របស់ BYD គឺ​ដើម្បី «បំផ្ទុះ» ការប្រើប្រាស់​នៅ​ប្រទេស​ថៃ។ ក្នុង​រយៈពេល 42 ថ្ងៃ បន្ទាប់ពី​ចាប់ផ្ដើម​លក់ BYD ទទួលបាន​ការបញ្ជាទិញ​រថយន្ត Atto 3 ចំនួន 10,000 គ្រឿង។

កាលពីឆ្នាំមុន BYD បាននាំ Atto 3 ដែលជារថយន្តអគ្គិសនីដ៏ពេញនិយមរបស់ខ្លួន ចូលទៅកាន់ទីផ្សារថៃ

រោងចក្រ​ថ្មី​របស់ BYD នៅ​ប្រទេស​ថៃ គ្រោង​នឹង​ចាប់ផ្ដើម​ការផលិត​នៅ​ឆ្នាំ 2024 ហើយ​អាច​ផលិត​បាន 150,000 គ្រឿង/ឆ្នាំ។

រាជរដ្ឋាភិបាល​ថៃ កន្លងមក​បានដាក់​គោលដៅ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 30% នៅក្នុង​ចំណោម​រថយន្ត​ដែល​បាន​ផលិត​ក្នុងប្រទេស​នេះ​នៅត្រឹម​ឆ្នាំ 2030 ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ពិភពលោក៕

Advertisement