សូមណែនាំ Facebook Shops៖ កម្មវិធីសម្រាប់ជួយអាជីវកម្មខ្នាតតូច លក់ទំនិញ តាមអនឡាញ

ក្រុមហ៊ុន​Facebook បានប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ (ទី15  ខែមិថុនា) ថា ខ្លួន​បាន​បើក​ដំណើរការ​កម្មវិធី Facebook Shops នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ឱ្យ​អាជីវករ​ទាំងឡាយ អាចបង្កើត​ហាង​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្លួន​បាន​កាន់តែ​ងាយស្រួល​ឡើង ក្នុង​គោលដៅ​ជួយ​ឱ្យ​អតិថិជន​របស់​ពួកគាត់ អាច​ចូល​ទិញ​ទំនិញ​បាន ទាំង​នៅលើ Facebook និង Instagram។ អាជីវករ​អាចបង្កើត Facebook Shop របស់​ពួកគាត់​បាន​យ៉ាង​ងាយស្រួល និង​ឥតគិតថ្លៃ។

អាជីវករ​អាច​ជ្រើសរើស​ផលិតផល​ដែល​ពួកគាត់​ចង់​ដាក់លក់ ហើយ​បន្ទាប់មក​ពួកគាត់​អាច​តុបតែង​រូបរាង​ហាង​របស់គាត់​បាន ដោយ​ដាក់​ក្រប​រូបភាព និង​ពណ៌ ដែល​បញ្ជាក់​អំពី​ម៉ាក​យីហោ​របស់​ពួកគេ។

ឥឡូវនេះ នៅ​ទូទាំង​ពិភពលោក អាជីវកម្ម​ខ្នាតតូច​ជាច្រើន​កំពុង​ជួប​ការលំបាក ប៉ុន្តែខណៈដែលហាងជាច្រើនបានបិទទ្វារ គេ​ក៏​ឃើញ​មាន​អាជីវកម្ម​កាន់តែ​ច្រើនឡើង បាន​ងាក​មក​ប្រតិបត្តិការ​តាម​អន​ឡាញ​វិញ។  កម្មវិធី Facebook Shops មាន​គោលបំណង​ធ្វើឱ្យ​ការទិញ​ទំនិញ​កាន់តែ​ប្រសើ​ឡើង ព្រមទាំង​ផ្ដល់ឱកាស​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់រូប ចាប់ពី​អាជីវកម្ម​ខ្នាតតូច រហូតដល់ អាជីវកម្មល្បីៗលំដាប់​ពិភពលោក ដើម្បី​ប្រើប្រាស់​កម្មវិធី Facebook  ក្នុងគោលដៅភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ។

ហេតុនេះហើយ បានជា​ក្រុមហ៊ុន Facebook សម្រេច​បើក​ដំណើរការ កម្មវិធី Facebook Shops ហើយ​ខិតខំ​បញ្ចូល​មុខងារល្អៗជាច្រើន ទៅក្នុង​កម្មវិធីផ្សេងៗរបស់ខ្លួន ក្នុងន័យ​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់ ទិញ​ទំនិញ ក៏ដូចជា​ជួយ​ធ្វើឱ្យ​ការលក់ដូរ​ទំនិញ​តាម​អន​ឡាញ មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​ឡើង។

ឥឡូវនេះ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ស្វែងរក Facebook Shops នៅលើ​ទំព័រ ‘Facebook Page’ ឬ ទំព័រ ‘Instagram’ របស់​ហាង​ណាមួយ​ក៏បាន ឬ ស្វែងរក​តាមរយៈ story ឬ​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ហាង​នោះ។ នៅលើ​ទំព័រ​របស់​ហាង​នោះ អ្នកប្រើប្រាស់​អាច​មើលត្រួសៗនូវ​មុខទំនិញ​ទាំងអស់ អាច​រក្សាទុក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើ​ការបញ្ជាទិញ នៅលើ​គេហទំព័រ​របស់​ហាង​នោះ​តែម្ដង។

នៅក្នុង Facebook Shops  ការសាកសួរ​ព័ត៌មាន អំពី​ផលិតផល​របស់​ហាង​អន​ឡាញ គឺ​ដូចគ្នា​ទៅនឹង​ការសាកសួរ​នៅតាម​ហាង​តាមផ្លូវ​ធម្មតា​ដែរ។ គឺ​គេ​អាច​ផ្ញើ​សារ​ទៅកាន់​ហាង​នោះ តាមរយៈ កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct ដើម្បី​សួរ​សំណួរ សុំ​ជំនួយ ឆែក​មើល​ការដឹកជញ្ជូន​ទំនិញ​ដែល​បាន​ទិញ និង​ព័ត៌មាន​ជាច្រើន​ទៀត។ ហើយ​នៅពេល​អនាគត ពួកគេ​នឹង​អាច​ត្រួតពិនិត្យ ហាង​អាជីវកម្ម និង​ទិញ​ទំនិញ​បាន​ដោយផ្ទាល់​តែម្ដង តាមរយៈ​កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct។

ក្រុមហ៊ុន Facebook ក៏​កំពុង​ខិតខំ​បញ្ចូល​មុខងារល្អៗ ទៅក្នុង​កម្មវិធីផ្សេងៗរបស់ខ្លួន ដូចជា កម្មវិធី Instagram Shop កម្មវិធី​ទិញ​ទំនិញ​តាម​វីដេអូ​ផ្សាយ​ផ្ទាល់ និង​កម្មវិធីផ្សេងៗទៀត។ មុខងារ​ទាំងនេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង Facebook Shops ដើម្បី​ជួយ​ឱ្យ​អតិថិជន​អាច​ស្វែងរក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើឱ្យ​ការទិញ​ទំនិញ កាន់តែ​ងាយស្រួល និង​កាន់​តែមាន​សុវត្ថិភាព។ លោកអ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គោលការណ៍​របស់ Shops ស្ដីពី​ការការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក នៅទីនេះ

ការ​ឡាយ​វីដេអូ​តាម Facebook កំពុង​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​ហាង​ខ្លះ​ឡាយ​លក់​ស្បែកជើងបាតាថ្មីៗ ហើយ​តារា​ហ្វេ​ស​ប៊ុ​ក​ខ្លះ ក៏​ឡាយ​វីដេអូ​សាក​ប្រើ​ក្រែ​ម​លាប​មាត់ថ្មីៗផងដែរ។

ឥលូវ​នេះ គឺ​កាន់តែ​ងាយស្រួល​ក្នុង​ការទិញ​ទំនិញភ្លាមៗ ហើយ​ហាង និង​អ្នក​ផលិត​ផលិតផល​ទាំងឡាយ ក៏​នឹង​អាច​tagផលិតផល​របស់​ពួកគេ​ពី Facebook Shop ឫ កាតាឡុក​របស់​ពួកគេ​បាន​ផងដែរ មុននឹង​ឡាយ​វីដេអូ។ ហើយ​ផលិតផល​ទាំងនោះ នឹងមាន​បង្ហាញ​នៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់ ដូច្នេះ​អតិថិជន​អាច​ចុច ចូល​មើល​បាន​យ៉ាង​ងាយស្រួល ដើម្បី​ស្វែងយល់​បន្ថែម និង​អាច​ទិញ​បាន។

ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួន​កំពុង​ចាប់ផ្តើម​សាកល្បង​ធ្វើតេស្ដ​កម្មវិធី​នេះ ជាមួយ​អាជីវកម្ម​នានា​លើ Facebook និង Instagram ហើយ​ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​កម្មវិធី​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ។

យើង​ក៏​កំពុង​ធ្វើតេស្ដ​សាកល្បង​ប្រើ​មធ្យោបាយផ្សេងៗ ដើម្បី​ជួយ​ឱ្យ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល ក្នុងការ​សន្សំ​ពិន្ទុ​ជាមួយ​ហាង​ដែល​ពួកគេ​ចូលចិត្ត ដោយ​យើង​បើក​លទ្ធភាព​ឱ្យ​អ្នកប្រើប្រាស់ អាច​ភ្ជាប់​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ ជាមួយនឹង​កម្មវិធី​សន្សំ​ពិន្ទុផ្សេងៗ ដូចជា​កម្មវិធី​សន្សំ​ពិន្ទុ​នៅតាម​ហាង​កាហ្វេ​ជាដើម។ អ្នក​ក៏​នឹង​អាច​មើលឃើញ និង​តាមដាន​ពិន្ទុ និង​រង្វាន់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ផងដែរ។ ហើយ​យើង​កំពុង​ស្វែងរក​មធ្យោបាយថ្មីៗ ដើម្បី​ជួយ​អាជីវកម្ម​ខ្នាតតូច ឱ្យ​បង្កើត គ្រប់គ្រង និង​ដាក់​បង្ហាញ​កម្មវិធី​លើទឹក​ចិត្ត​អតិថិជន​របស់​ពួកគេ នៅលើ​កម្មវិធី Facebook Shops ផងដែរ។

ក្រុមហ៊ុន Facebook បានឱ្យដឹងថា ខ្លួន​សង្ឃឹមថា មធ្យោបាយ​ទាំងនេះ​អាចជួយ​សម្រាល​បាន​ខ្លះ នូវ​បន្ទុក​របស់​អាជីវករ​កម្ពុជា​ខ្នាតតូច​មួយចំនួន ក៏ដូចជា​ជួយ​អាជីវក​រទាំង​តូច​ទាំង​ធំ ឱ្យមាន​លទ្ធភាព​ត្រៀមខ្លួន​សម្រាប់​ពេលអនាគត​ផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់៖ https://www.facebook.com/business/shops  និង https://www.facebook.com/business/help/2343035149322466?id=1077620002609475

Advertisement