ស្ត្រីអតីតអវកាសយានិកអាមេរិក កា្លយជាមនុស្សស្រីដំបូងគេ ដែលហ៊ានចុះដល់ចំណុចជ្រៅបំផុតនៃមហាសមុទ្រ

ស្ត្រី​អវកាសយានិក​របស់​អង្គការ NASA ម្នាក់​ឈ្មោះ Kathy Sullivan បាន​បង្កើត​ប្រវត្តិសាស្ត្រ​កាលពី​ចុង​សប្ដាហ៍ ដោយ​ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​បាន​ទៅដល់​ចំណុច​ជ្រៅ​បំផុត​នៃ​មហាសមុទ្រ ដែលមាន​ជម្រៅ​ប្រហែល ១១.៣គីឡូម៉ែត្រ។

លោកស្រី Kathy Sullivan បានកត់សម្គាល់​ឱកាស​ដ៏​វិសេស​នេះ​ដោយ​បានខ​ល​ទូរស័ព្ទ​ពី​នាវាមុជទឹក DSSV Pressure Drop ដើម្បី​និយាយ​ជាមួយ​អវកាសយានិក​របស់​អង្គការ​ណា​សា នៅឯ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។

លោកស្រី Sullivan និយាយថា ៖ “ក្នុងនាម​ជា​អ្នកសិក្សា​មហាសមុទ្រ​ផង និង​ជា​អវកាសយានិក​ផង នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ ដែលមាន​តែម្តង​គត់​ក្នុង​មួយជីវិត ដែល​បានឃើញ​ផ្ទាំងទស្សនីយភាព​ទឹក​ជ្រៅ​បំផុត​ហៅថា Challenger Deep ហើយ​បន្ទាប់មក​បានខ​ល​ទូរស័ព្ទ​រវាង ISS និង​នាវា DSSV Pressure Drop”

ក្នុង​ឆ្នាំ1983 លោកស្រី​បណ្ឌិត ដែលជា​ជើងចាស់​នៃ​ការហោះហើរ​លើ​យានអវកាស​ចំនួន3 បាន​ក្លាយជា​ស្ត្រី​ជនជាតិ​អាមេរិក​ដំបូង​គេ​ដែល​បាន​ដើរ​ក្នុង​លម្ហ​អវកាស។ ឥឡូវនេះ លោកស្រី គឺជា​មនុស្ស​ទី8 ដែល​បាន​ទៅដល់​បាតសមុទ្រ​ជ្រៅ​បំផុត Challenger Deep។

មនុស្ស 2នាក់​ដំបូង​គេ ដែល​សម្រេចបាន​ជោគជ័យ​នេះ​គឺ​លោក ដុន វែ​ល និង​លោក​ចា​កេស ពី​កាដ បាន​ទៅដល់​ចំណុច​នេះ​ក្នុង​ឆ្នាំ1960 ខណៈ​អ្នកដឹកនាំ​រឿង​ហូលីវូដ​លោក ជែ​ម ខេ​ម​រ៉ូ​ន បាន​ចុះ​នៅទីនេះ​ក្នុង​ឆ្នាំ2012៕

Advertisement