iPhone 13​ នឹង​មាន​ការ​ “ប្រែកាយ​” ​ដ៏​ធំ ខណៈ​វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល

ទូរស័ព្ទ​ឆ្លាត​វៃ​ iPhone ថ្មី​ ដែល​នឹង​ចេញ​នៅ​ឆ្នាំ​2021​ នឹង​មាន​រូប​រាង​ថ្មី​​ស្ទើរ​ទាំង​ស្រុង ដោយ​សារ​ “ក្បាល​ឆក​” របស់​វា​ត្រូវ​បាន​បំបាត់​ ចំណែក​កាមេរ៉ា​ និង​សេន​សឺរ​ នឹង​ត្រូវ​ស្ថិត​ក្នុង​ស្រទាប់​អេក្រង់​។

Mac Otakara ដែលជា​គេហទំព័រ​មួយ​ធ្លាប់​បាន​បញ្ចេញព័ត៌មាន​ព្យាករ​ត្រឹម​ត្រូវ​បំផុត​​អំពី​ឧបករណ៍​មិន​ទាន់​បង្ហាញ​ខ្លួន​របស់​ Apple បាន​ចែក​រំលែក​វីដេអូ​ដែល​បង្ហាញ​អំពី​រូប​រាង​របស់​ iPhone 13 ដែល​នឹង​ចេញ​លក់​នៅ​ឆ្នាំ​2021​។ ទំព័រ​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​​រូប​រាង​ iPhone 13 ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម៉ាស៊ីន​បោះ​ពុម្ភ​ 3D​ ​យោង​ទៅ​តាម​ព័ត៌មាន​បែក​ធ្លាយ​​ពី​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ Apple។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា iPhone 13 នឹង​ “ប្រែកាយ​” ទាំង​ស្រុង​ ដោយ​មាន​​រចនា​រូប​រាង​ជ្រុង​​ដូច​ទៅ​នឹង​ iPhone 5 និង​ប្រើ​ប្រាស់​រន្ធ​ USB Type C ជំនួស​ឱ្យ​ Lightning នាបច្ចុប្បន្ន​។ រីឯ​ ទីតាំង​​របស់​គ្រាប់​ចុច​រឹង​ គ្រាប់​ចុច​បន្ថែម-​បន្ថយ​សម្លេង​ និង​ speaker ក្រៅ​ នឹង​​រក្សា​នៅ​កន្លែង​ដដែល​។

ការ​ផ្លាស់​ប្ដូរ​ធំបំផុត​​នៅ​លើ​ iPhone 13 ឆ្នាំ​2021​ នោះ​គឺ​អេក្រង់​ពេញ​គែម​តែ​ម្ដង​ ដោយ​សារ​អេក្រង់​ឆក​នឹង​ត្រូវ​បាន​បំបាត់​។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បណ្ដុំ​កាមេរ៉ាខាង​មុខ និង​សេនសឺរ TrueDepth ប្រើ​ប្រាស់សម្រាប់​​ Face ID នឹង​ត្រូវ​បាន​លាក់​នៅ​ក្រោម​អេក្រង់​។ ដើម្បី​ធ្វើបាន​ដូច្នេះ Apple នឹង​ប្រើ​បច្ចេក​វិទ្យា​អេក្រង់​របស់​ក្រុម​ហ៊ុន Samsung។

ប៉ុន្តែ ប្រភព​ព័ត៌មាន​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា Apple ក៏​​នឹង​អាចងាក​ទៅ​ប្រើ​សេន​សឺរ​ស្កេន​ក្រយៅដៃ​ផងដែរ​។ Touch ID នៅ​ក្រោម​ស្រទាប​​អេក្រង់​ ជំនួស​ឱ្យ​ Face ID ព្រោះ​ថា​បច្ចុប្បន្ន​ បច្ចេក​វិទ្យា​បង្កប់​សេន​សឺរ​ក្រោម​អេក្រង់គឺ​មាន​រួច​ហើយ​។ ការ​យក​ Touch ID ទៅដាក់​​ក្នុងអេក្រង់​ មាន​ភាព​ងាយ​ស្រួល​ជាង​ធៀប​នឹង​ការ​យក​សេនសឺរ​ស្កេន​ផ្ទៃ​មុខ​ និង​កាមេរ៉ា​ទៅ​បង្កប់​ក្រោម​អេក្រង់​។

Mac Otakara ក៏​បាន​ឱ្យ​ដឹង​ថា​ កំណែ​តូច​បំផុត​របស់​ iPhone 13 នឹង​មាន​អេក្រង់​ 5.5​ inch មិន​មែន​ 5,8 inch ដូច​ទៅ​នឹង​ iPhone 11 Pro ឬ 5,4 inch ដូច iPhone 12 ដែល​ជិត​នឹង​បង្ហាញ​វត្តមាន​នោះ​ទេ។

នៅ​ខ្នង​ទូរស័ព្ទ​ iPhone 13 ក៏​មាន​ការ​ផ្លាស់​ប្ដូរ​មួយ​ចំនួន​​ទាក់​ទិន​នឹ​ង​កាមេរ៉ា​។ ​​ដំណឹង​បែក​ធ្លាយ​បាន​បង្ហាញ​ថា iPhone 13 នឹង​មានគ្រាប់​ចំនួន​​5ចំណុច​នៅ​ខាង​ក្រោយ​ ដោយ​តម្រៀប​ជា​រាង​ជើង​ក្អែក។ Phonearena ឱ្យ​ដឹង​ថា​ iPhone 13 អាច​នឹង​មាន​កាមេរ៉ា​ចំនួន​4​នៅ​ជ្រុង​ទាំង​4ក្នុង​បណ្ដុំ​កាមេរ៉ា ហើយ​នៅ​កណ្ដាល​គឺជា​សេន​សឺរ LIDAR ប្រើ​សម្រាប់​វាស់​ជម្រៅ​​រូប​ភាព​ និង​សម្រាប់​ការ​ងារ​ទាក់​ទង​នឹង​ AR រួម​និង​​អំពូល​ភ្លើង​ flash ផងដែរ​​។

បច្ចុប្បន្ន ព័ត៌មាន​ស្ដីអំពី​ iPhone 13 នៅ​មាន​កំណត់​នៅ​ឡើយ​។ យោង​តាម​កាល​​បរិច្ឆេទ​នៃ​ការ​បង្ហាញខ្លួន​ជា​ប្រចាំ​ឆ្នាំ របស់​ Apple ស្មាតហ្វូន​នេះ​អាច​​ត្រូវ​បាន​ឧទ្ទេស​នាម​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​2021​។

វត្តមាន​របស់​ iPhone 12 ត្រូវ​បាន​ពន្យារ​ពេល​

និយាយ​អំពី​ស្មាតហ្វូន​ថ្មី​របស់​ Apple សម្រាប់​ឆ្នាំ​នេះ​វិញ ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​បញ្ចេញ​ iPhone 12​ ចំនួន​4​កំណែ រួម​មាន​ iPhone 12 ដែល​មាន​​រូប​រាង​តូច​បំផុត​ត្រឹម​5.4​ inch និង​ iPhone 12, iPhone 12 Pro ដែល​មាន​អេក្រង់ 6.1​ inch រួម​ជាមួយ​នឹង​ iPhone 12 Pro Max មាន​អេក្រង់​ 67 inch ដែល​ជា​កំណែ​លំដាប់​ខ្ពស់បំផុត​។ ប៉ុ​ន្តែ​ iPhone 12 ត្រូវ​បាន​ពន្យា​រ​ពេលដល់​ត្រី​មាស​ទី​4​​ ព្រោះ​តែ​ COVID-19។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​ 9to5mac ដែល​បាន​ដក​ស្រង់​សម្ដី​ CEO របស់​​ Broadcom ដែល​ជា​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់​​ហាត​វ៉ែរ​សម្រាប់​​ Apple៕

Advertisement