វិស្វករ Software ម្នាក់ធ្វើការនៅ Facebook មានអារម្មណ៍ខ្មាស់ ពេល Mark Zuckerberg មិនលុបសាររបស់ Trump

លោក Lauren Tan ជា​វិស្វករ Software ម្នាក់​នៅ Facebook បាន​សរសេរ​ថា៖ “ការ​ដែល Facebook មិន​បញ្ចេញ​សកម្មភាពអ្វីសោះ ​ក្នុង​ការ​លុប​ចេញ​នូវ​ការ​បង្ហោះសំណេរ​របស់​លោក ត្រាំ ដែល​ញុះញង់​​ឱ្យ​មាន​ហិង្សា វាធ្វើ​ឱ្យ​ខ្ញុំនឹក​អាម៉ាស់​មុខខ្លាំងណាស់ ​ដែល​ធ្វើ​ការ​នៅ​ទី​នេះ​” ចំណែក​បុគ្គលិក​ដទៃ​ទៀត ក៏​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដូចៗគ្នា​ជា​ច្រើន​នាក់​លើ​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ។

ជា​ការ​​​ឆ្លើយ​តប​នឹង​​រឿង​នេះ លោក Mark Zuckerberg បាន​បង្ហោះ​សារ​លើ​គណនី​ Facebook ផ្លូវ​ការ​បក​ស្រាយ​ថា ៖ “ខ្ញុំ​ពិត​ជា​មិន​ឯកភាព​នឹង​ការ​និយាយ​របស់​លោក​ប្រធានាធិបតី​អំពី​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ​អ្នក​គ្រប់​គ្នា​គួរ​តែ​អាច​មើល​ឃើញ​រឿង​នេះ​​ដោយ​ខ្លួន​ឯង​ ព្រោះ​​​អ្នក​មាន​អំណាច​​ត្រូវ​ទទួល​ខុស​ត្រូវ ​ពេល​មតិ​របស់​​គេ​ត្រូវ​គេ​មើល​ឃើញ​ជា​សាធារណៈ​បែប​នេះ”

រឿង​រ៉ាវ​នេះ​កើត​ឡើង​ក្រោយ​ពេល លោក​ ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​ទាំង​លើ​ Twitter និង Facebook ទាក់ទង​នឹង​បាតុកម្ម​ដែល​កើត​មាន​នៅ​ទីក្រុង Minneapolis ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ George Floyd ដែល​បាន​ស្លាប់​យ៉ាង​វេទនា ព្រោះ​ប៉ូលិស​ក្រុង Minneapolis។

ការ​បង្ហោះ​សាររបស់​លោក​​ប្រធានាធិបតី​អាមេរិក​ បាន​ព្រមាន​ថា “ពេល​ចាប់​ផ្ដើម​មាន​ការ​លួច​របស់​របរ ការ​បាញ់​បោះ​ក៏​នឹង​ចាប់​ផ្ដើម​ដែរ”។ ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​លើ​ Facebook បាន​ធ្វើ​ឱ្យ​បុគ្គលិក​ Facebook ជា​ច្រើន​បង្ហាញ​ចេញ​នូវ​ការ​ខក​ចិត្ត​លើ​បណ្ដាញ​សង្គម។

ក្រៅ​ពី Facebook ​​នៅ​មាន Twitter ដែល​បាន​ដាក់​ការ​ព្រមាន​លើ​ការ​បង្ហោះ​សាររបស់​លោក ត្រាំ ដោយ​និយាយ​ថា ​​ជា​ការ​លើក​តម្កើង​អំពើហិង្សា ហើយ​ក៏​បានលុប​ចោល​រួច​ហើយ​ដែរ​ កាល​ពី​ពេល​ថ្មី​ៗនេះ៕

ប្រភព៖ https://sea.mashable.com/tech/10826/silence-is-complicity-facebook-workers-speak-out-after-zuckerberg-refuses-to-take-action-against-tru

https://www.nytimes.com/2020/06/01/technology/facebook-employee-protest-trump.html ​​

Advertisement