ណាសា​ធ្វើ​តេស្តក្បាល​បាញ់​កម្លាំង​រុញ​ច្រាន​របស់​ម៉ាស៊ីន​រ៉ុក្កែត​ដែល​បោះ​ពុម្ព​ 3D

ដំណើរការសាកល្បងក្បាលបាញ់កម្លាំងរុញច្រានរបស់ម៉ាស៊ីនរ៉ុក្កែតអវកាសដែលអភិវឌ្ឍដោយប្រើប្រព័ន្ធបោះពុម្ព 3D

ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) ទើប​តែ​បាន​ធ្វើ​ការ​សាកល្បង​ក្បាល​បាញ់​កម្លាំង​រុញ​ច្រាន​របស់​ម៉ាស៊ីន​រ៉ុក្កែត​អវកាស​ ​ដែល​ផលិតដោយ​បច្ចេក​វិទ្យា​បោះ​ពុម្ព​ 3D នៅ​ឯ​មជ្ឈមណ្ឌលអវកាស​ Marshall ក្នុង​រដ្ឋ Alabama សហរដ្ឋ​អាម៉េរិក​។

គម្រោង​នេះ​ត្រូវ​បានអនុវត្ត​ដោយ​ណាសា​ សហការ​ជាមួយ​នឹង​ដៃគូ​ចំនួន​ពីរ​គឺ Elementum 3D និង​ RPM Innovations។ នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផលិត​សារធាតុ​បន្ថែម​ដែល​មាន​ប្រតិកម្ម​ សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទីបួន​ (RAMFIRE) របស់​ណាសា​។ RAMFIRE ប្រើ​ប្រាស់​ការ​រួម​ផ្សំ​ជាមួយ​នឹង​​បច្ចេកវិទ្យា​បោះ​ពុម្ព​ 3D និង​អាលុយមីញូម​ ដើម្បី​កាត់បន្ថយ​ពេល​វេលា​ និង​ទម្ងន់​ផលិតកម្ម​ ទន្ទឹម​នឹង​ការ​កាត់បន្ថយ​ចំណាយ និង​អាច​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ទីអវកាស​។

កន្លង​មក អាលុយមីញូម​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​ផលិត​យាន​អវកាស ​ដោយ​សារ​តែ​វា​ងាយ​នឹង​ក្ដៅ និង​ប្រេះ​ក្នុង​ពេល​ផ្សារ​ភ្ជិត​។ ក៏ប៉ុន្តែ បច្ចេក​ទេស​បោះពុម្ព​ 3D ដែល​ណាសា​ប្រើ​ប្រាស់​ខាងលើ​​ បាន​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ដោយ​ការ​លុប​បំបាត់​តម្រូវ​ការផ្សារ​ភ្ជាប់​ និង​បង្កើត​បាន​ចង្អូរ​តូច​ៗ​នៅ​ខាង​ក្នុងលោហ​ធាតុ អនុញ្ញាត​ឱ្យ​វា​ចុះ​ត្រជាក់​ ដែល​ជួយ​ទប់​ស្កាត់​បញ្ហា​ក្ដៅ​រហូតដល់​រលាយ​។

John Vickers ប្រធាន​ក្រុម​ស្រាវជ្រាវ​របស់​គម្រោង​ RAMFIRE បាន​ឱ្យ​ដឹង​ថា គម្រោង​នានា​ដូច​ RAMFIRE នឹង​ជួយ​អភិវឌ្ឍ​បណ្ដា​ប្រព័ន្ធ​រុញ​ច្រាន​ថ្មី​ដែល​គាំទ្រ​ដល់​បេសក​កម្ម​ប្រកប​ដោយ​មហិច្ឆតា​របស់​ណាសា​ ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ភព​អង្គារ​ និង​ឆ្ងាយ​ជាង​នេះ​៕

Advertisement