Facebook នឹងធ្វើតេស្ត មុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណ របស់បុគ្គល ដោយនឹងចាប់ផ្តើមមុនគេ នៅសហរដ្ឋអាមេរិក

បន្តិចទៀត ប្រសិនបើការបង្ហោះរបស់លោកអ្នក ទទួលបានប្រជាប្រិយភាពខ្លាំង នោះ អ្នកគួរតែត្រៀមបង្ហាញអត្តសញ្ញាណប័ណ្ណឱ្យហើយទៅ។

នាពេលបច្ចុប្បន្ននេះមានមនុស្សដ៏ច្រើនរាប់លាននាក់ បាននិងកំពុងប្រើប្រាស់កម្មវិធីបណ្តាញសង្គមជាច្រើន ស្របពេលជាមួយគ្នានេះដែរ មានអ្នកខ្លះក៏បានប្រើប្រាស់ព័ត៌មានពិតប្រាកដរបស់ខ្លួន ក្នុងការបង្កើត និងប្រើប្រាស់កម្មវិធីទាំងអស់នោះ ដូចជា ឈ្មោះ រូបថត អាសយដ្ឋាន ជាដើម។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់ព័ត៌មានមិនពិតរបស់ខ្លួនផងដែរ។

​ដើម្បីកាត់បន្ថយការប្រើប្រាស់ព័ត៌មានមិនពិតនេះ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះតាំងពីឆ្នាំ2018 មកម្ល៉េះ សម្រាប់អ្នកគ្រប់គ្រងផេច ហើយឥឡូវនេះ បាននិងកំពុងពង្រីកការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់មួយចំនួនទៀត ដែលមានអ្នកតាមដានច្រើននៅសហរដ្ឋអាមេរិកផងដែរ។

ក្រុមហ៊ុនក៏បានផ្សព្វផ្សាយផងដេរថា តទៅមុខទៀត នឹងមានការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គលដែលធ្លាប់មានអាកប្បកិរិយាឆបោក នៅលើបណ្តាញសង្គមហ្វេសប៊ុក និងការបង្ហោះរបស់ពួកគេត្រូវបានរីករាលដាលយ៉ាងឆាប់រហ័សទៀតផងនោះ ព្រោះក្រុមហ៊ុនចង់ឱ្យអ្នកប្រើប្រាស់មានជំនឿទុកចិត្តថា បុគ្គលដែលគេបានឃើញនៅលើហ្វេសប៊ុកនោះ ពិតជាមានបំណងចង់ផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវប្រាកដមែន។

ប្រសិនបើនរណាម្នាក់ជ្រើសរើសមិនបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ ឬមានអត្តសញ្ញាណប័ណ្ណមិនត្រូវគ្នានឹងគណនីហ្វេសប៊ុក ដែលបានភ្ជាប់មកជាមួយនោះ ការបង្ហោះចែកចាយរបស់ពួកគេនឹងត្រូវបានកំណត់ ដូច្នេះមានតែមនុស្សចំនួនតិចតួចប៉ុណ្ណោះដែលនឹងបានឃើញ ប៉ុន្តែប្រសិនបើវាជាផេចវិញនោះ អ្នកគ្រប់គ្រងនឹងពុំអាចផ្សព្វផ្សាយបានទៀតឡើយ។

ដំណើរការនៃការផ្ទៀងផ្ទាត់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីបង្កើតគណនេយ្យភាពកាន់តែច្រើននៅលើហ្វេសប៊ុក និងកែលម្អបទពិសោធក្នុងការប្រើប្រាស់របស់មនុស្ស នៅលើកម្មវិធីរបស់ហ្វេសប៊ុក។

ការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះត្រូវបានអនុវត្តនៅ សហ​រដ្ឋ​អា​មេរិកមុនគេ ហើយអាចនឹងបន្តធ្វើនៅតាមបណ្តាប្រទេសផ្សេងៗទៀត ក្នុងពេលអនាគត៕

​ប្រភព៖ https://www.engadget.com/facebook-to-verify-id-for-viral-accounts-182559625.html

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement