Quantum Levitation នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ហោះ​ហើរ​ថ្មី​ដ៏អាស្ចារ្យ​បំផុត​​សម្រាប់​អនាគត

បន្ទះ​វត្ថុ​ធាតុដ៏ស្ដើងមួយ​​អាច​ផ្ទុក​វត្ថុ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​វា​ដល់​ទៅ​ 70,000​ដង​ឯណោះ​​នៅ​ក្នុង​លម្ហ​បរិយា​កាស​ ជាមួយ​នឹង​គន្លង​គោចរ​ប្រកប​ដោយ​មហា​​​ស្ថិរ​ភាព​។ នេះ​គឺជា​បច្ចេកវិទ្យា​​មហា​​ចម្លង​​ Superconductivity ដែល​ត្រូវ​បាន​គេ​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​បង្កើត​យាន​យន្ត​ដែល​អាច​ហោះ​បាន​ប្រកប​ដោយ​ភាព​អស្ចារ្យ​ជាង​យន្ត​ហោះ​ ឬ​យាន​អវកាស​នា​បច្ចុប្បន្ន​ទៅ​ទៀត​ ដោយ​សារ​វា​មិន​ទទួល​ឥទ្ធិ​ពល​នៃ​ដែន​ទំនាញ​ពី​ផែន​ដី។

ជា​ដំបូង​ សូម​ទស្សនា​ឃ្លីប​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​​ដំណើរ​ការ​នៃ​​បច្ចេក​វិទ្យា​ខាង​លើ​នេះ​នៅ​ឯតូប​ឧទ្ទេស​នាម​ផលិត​ផល​របស់​សាកល​វិទ្យា​ល័យ​ Tel Aviv នៃ​ប្រទេស​អ៊ីស្រាអែល​​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ ASTC (Association of Science and Technology Centers) កាល​ពី​ឆ្នាំ​2011 នា​​មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ​ Maryland ក្នុង​ទីក្រុង​ Baltimore សហរដ្ឋ​អាមេរិក​។

នៅក្នុង​វីដេអូ​នេះ យើង​ឃើញ​ថា មាន​បន្ទះ​វត្ថុធាតុ​​​មួយ​ដែល​ត្រូវ​បាន​ក្លា​សេ​យ៉ាង​ត្រជាក់​ដោយ​ប្រើ​អាសូតរាវ (Liquid nitrogen​​​) អាច​បណ្ដែត​ខ្លួន​ក្នុង​បរិយាកាស​ដែល​មាន​គម្លាត​ពី​មេដែក​ក្នុង​រយៈ​ចម្ងាយ​ខ្លី​។ នៅ​ពេល​បន្ទះ​វត្ថុ​ធាតុ​នេះ​​ត្រូវ​បាន​ដាក់ពី​លើ​​ក្បែរ​ប្រព័ន្ធ​មេដែក​ដែល​មាន​រាង​​រង្វង់​មូល ហើយ​យក​ដៃ​រុញ​វា​តែ​បន្តិច​ វា​នឹង​ហោះ​​​ទៅ​តាម​រង្វង់​មូល​នៃ​មេដែក​នេះ​​។

ជាពិសេស វត្ថុ​ធាតុ​នេះ​នៅ​តែ​អាច​បណ្ដែត​ខ្លួន​ក្នុង​បរិយាកាស​ បើ​ទោះ​ជា​វា​ត្រូវ​បាន​ដាក់​ពី​ខាង​ក្រោម​មេដែក​ក៏ដោយ​។ បាតុ​ភូត​នេះ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា quantum levitation ឬ​ quantum trapping។ Quantum levitation គឺជា​បច្ចេកវិទ្យា​មួយ​​ដែល​អ្នកវិទ្យា​សាស្ត្រ​ប្រើ​ប្រាស់​លក្ខណៈ​ពិសេស​របស់​រូប​វិទ្យា​កង់​ទិក​​​ដើម្បី​លើក​វត្ថុ​អ្វី​មួយ​ (ក្នុង​ករណី​នេះ​គេ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​​​មហា​​ចម្លង​​ Superconductivity) ឱ្យ​អណ្ដែត​ទៅ​លើ​ នៅ​ខាង​លើ​ប្រភព​ដែន​ទំនាញ​ (ករណី​នេះ​ គេ​ប្រើ​​ប្រព័ន្ធ​ផ្លូវ​មេដែករាង​រង្វង់​មូល)​ ជាក់​លាក់​មួយ។

យើង​គួរ​បកស្រាយ​បែប​ណា​?

Superconductivity គឺជា​​បាតុភូត​ដែល​កើត​ឡើង​នៅ​ពេល​វត្ថុ​ធាតុ​ជាក់​លាក់​មួយ​ស្ថិត​ក្នុង​សីតុណ្ហ​ភាព​ទាប​ជាង​សីតុណ្ហ​ភាព​ដល់​កម្រិត​ជាក់​លាក់​មួយ​ ដែល​ពេល​នោះ​កម្លាំង​រារាំង​​ការ​ចន្លង​​អគ្គិសនី​របស់​វា​ក៏​បាន​ថយ​ចុះ​ភ្លាម​ៗ​ដល់​ចំណុច ​0។

ជាមួយ​នឹង​វត្ថុ​ធាតុ​ឌីយ៉ាម៉ាញេទិក (Diamagnetic materials)​ ធម្មតា លំហូរ​នៃ​អគ្គិសនី​​ Foucault ដែល​មាន​និន្នាការ​ប្រឆាំង​ទៅ​នឹង​មូលហេតុ​ដែល​បាន​បង្កើត​វា​ឡើង​ (នៅ​ក្នុងករណី​នេះ​គឺចលនា​ប្រហាក់​ប្រហែល​គ្នា​រវាង​ដែន​ម៉ាញេទិក​ និង​វត្ថុ​ធាតុ​) បាន​ចុះ​​ខ្សោយ​យ៉ាង​លឿន​ ដោយ​សារ​តែ​ រ៉េស៊ីស្ទ័រ (resistor) ដែល​ជា​កម្លាំង​រារាំង​​​នៅ​ខាង​ក្នុង​វត្ថុ​ធាតុ​នោះ​។ ប៉ុន្តែ ដោយ​សារ​វត្ថុ​មហាចម្លង Superconductivity​ មិន​មាន​រ៉េស៊ីស្ទ័រ ដូច្នេះ​លំហូរ​ Foucault ដែល​កើត​ឡើង​ ក៏​មិន​មាន​ការ​ចុះ​ខ្សោយ​។ ហេតុ​នេះ​​ហើយ​ ដែន​ម៉ាញេទិក​​បន្ទាប់​បន្សំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក៏​មិន​ថយ​ចុះ​ ហើយ​វា​​កម្ចាត់​ដែន​ទំនាញ​​ទាំង​ស្រុង​ពីក្នុង​ខ្លួន​វា​ ដែល​វា​ទទួល​បាន​ពី​​ខាង​ក្រៅ​ (ដូច​ជា​ទំនាញ​ផែន​ដី​ជា​ដើម)​។ ពេល​នោះ ដែន​ទំនាញ​នៅ​ក្នុង​វត្ថុ​ធាតុ​មហា​ចម្លង Superconductivity ​នេះ​មាន​ប្រហាក់​ប្រហែល​នឹង​​ 0 ហើយ​ក៏​​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ទៅ​ខាង​ក្រៅ​ទាំង​ស្រុង​។ ប្រការ​នេះ​ ធ្វើ​ឱ្យ​វត្ថុ​ធាតុ​មហា​ចម្លង​ Superconductivity អាច​បណ្ដែត​ខ្លួន​ក្នុង​បរិយាកាស​​ដែល​មាន​ចម្ងាយ​ពី​មេដែក​បន្តិច​។

យោង​តាម​អ្នក​វិទ្យា​សាស្ត្រ​អ៊ីស្រាអែល បើសិន​ជា​វត្ថុធាតុ​ Superconductivity រុញ​ច្រាន​ដែន​ទំនាញ​ពី​ខាងក្រៅ​ចេញ​អស់​ពី​ខ្លួន​​ វា​អាច​ហោះ​ឡើង​​ទៅ​លើ ប៉ុន្តែ ទីតាំង​ និង​គន្លង​គោចរ​របស់​វា​មិនមាន​លំនឹង​ ដោយ​សារ​តែ​វា​ចេះ​តែ​ប្រឹង​ហោះ​ ​ដើម្បី​ជៀស​ពី​ដែន​ទំនាញ​ខាង​ក្រៅ​។ វត្ថុ​ធាតុ​មហា​ចម្លង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ធាតុ​មហា​ចម្លង​ប្រភេទ​ទី​1។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ Quantum Levitation ក្នុង​វិស័យ​ឧស្សាហកម្ម

(វីដេអូ) Quantum Levitation នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ហោះ​ហើរ​ថ្មី​សម្រាប់​អនាគតបើ​ទោះ​ជា​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថភ្លើង​ល្បឿន​លឿន​នៅ​ជប៉ុន​ បាន​ប្រើប្រាស់​ទ្រឹស្ដី​នៃ​បច្ចេក​វិទ្យា Quantum Levitation នៅក្នុង​​ការ​បង្កើត​រថភ្លើង​ល្បឿន​លឿន​ដែល​អាច​ធ្វើ​ដំណើរ​បាន​ជិត​600​គីឡូម៉ែត្រ/ម៉ោង ប៉ុន្តែ វា​មិន​មែន​ជា​បច្ចេកវិទ្យា​ពិត​ប្រាកដ​របស់​ Quantum Levitation​ នោះ​ទេ។ វា​គ្រាន់​តែ​ជា​​បច្ចេកវិទ្យា​ Maglev – Magnetic Levitation តែ​ប៉ុណ្ណោះ​។

យោង​តាម​អ្នកវិទ្យា​សាស្ត្រ​នៃ​ប្រទេស​អ៊ីស្រាអែល ឱ្យដឹង​ថា វត្ថុ​ធាតុ​​ Superconductivity ដែល​ប្រើ​ប្រាស់​ក្នុង​វីដេអូ​ខាង​លើ​ មាន​កម្រាស់​ត្រឹម​តែ​ 0,5មីក្រូមម (micromet) ប៉ុណ្ណោះ ប៉ុន្តែ វា​អាច​លើក​វត្ថុ​មួយ​ដែល​ធ្ងន់​ជាង​វា​ដល់​ទៅ​70,000​​ដង​ឯណោះ​។ មាន​ន័យ​ថា វត្ថុ​ធាតុ​ Superconductivity មួយ​បន្ទះ​ដែល​មាន​អង្កត់​ផ្ចិត​ 7,62សម និង​កម្រាស់​ 2មម អាច​លើក​រថយន្ត​ដែល​មាន​ទម្ងន់​1​តោន​បាន​។

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement