ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​ប្រកាស​ថា កំពុង​អភិវឌ្ឍ​វិធីសាស្ត្រថ្មី​ដែល​ទំនើប​ ដើម្បី​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន និង​ម៉ាទឹក​កក​ ដោយ​យោង​ទៅ​តាមបច្ចេក​វិទ្យា​វ៉ាក់សាំង​។

យោង​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 តុលា 2023​ វ៉ាក់សាំង​ឈ្មោះ Calixcoca ដែល​កំពុង​ត្រូវ​បាន​ពិសោធ​នេះ ​អាច​ដាស់​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ឱ្យទប់​ស្កាត់​សារធាតុ​កូកាអ៊ីន និងម៉ា​ទឹក​កក​ដែល​នឹង​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់បំផ្លាញ​វដ្ដ​នៃ​អាការ​ញៀន​។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​លែង​មាន​អារម្មណ៍​ត្រេក​ត្រអាល​នៅ​ពេល​ប្រើ​ប្រាស់​គ្រឿង​ញៀន​។

អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យរដ្ឋ Minas Gerais បាន​ឱ្យ​ដឹង​ថា បើ​សិន​វិធី​សាស្ត្រ​ព្យាបាល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​ដំបូង​គេ​ដែល​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន​។

បច្ចុប្បន្ន​ វ៉ាក់សាំង​នេះ​ជិត​ចូល​ដល់​ដំណាក់​កាល​ពិសោធ​ចុង​ក្រោយ​នៅ​លើមនុស្ស​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា វ៉ាក់សាំង Calixcoca អាច​កំណត់​ឡើង​វិញ​នូវ​ការ​ព្យាបាល​អាការ​ញៀន​នឹង​គ្រឿង​ញៀន​។

គម្រោង​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាម៉េរិក​ពី Euro Health Innovation ដែល​ឧបត្ថម្ភដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Eurofarma៕

Advertisement