Facebook បង្កើតប្រព័ន្ធ AI ថ្មីមួយទៀត ដើម្បីតាមដានព័ត៌មានមិនពិត អំឡុងពេលផ្ទុះកូវីដ-19

ព័ត៌មានមិនពិត គឺជារឿងដ៏រសើបបំផុតមួយ ក្នុងការធ្វើឱ្យមនុស្សមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍​ផ្សេងៗ ជាពិសេស នៅពេលដែលពិភពលោកទាំងមូលកំពុងធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់យ៉ាងខ្លាំង ទាក់ទងទៅនឹងមេរោគកូវីដ-19។

ក្នុងនោះប្រទេសកម្ពុជាយើង ក៏បាននិងកំពុងតែខំប្រឹង និងតាមដានស្រាវជ្រាវដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងនោះដែរ។

ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់នៅលើបណ្តាញសង្គម ក្រុមហ៊ុនហ្វេសប៊ុកបានប្រើប្រព័ន្ធ AI ដើម្បីធ្វើការតាមដានព័ត៌មានមិនពិតទាក់ទងទៅនឹងមេរោគកូវីដ-19 ដែលអាចធ្វើឱ្យលោកអ្នកមានការភាន់ច្រឡំទៅលើការរីករាលដាល ឬការព្យាបាលនៃជំងឺនេះ។

ជាក់ស្តែងវាពិតជាមានការលំបាកខ្លះៗហើយ ក្នុងទប់ស្កាត់ និងបង្ក្រាបការលក់ផលិតផលក្លែងក្លាយសម្រាប់ការពារការឆ្លងនៃមេរោគកូវីដ-19 ដែលមានដូចជា ម៉ាស់បិទមុខ ទឹកលាងដៃ និងឧបករណ៍ធ្វើតេស្តទាំងនោះ ដោយសារតែមានជនខិលខូចធ្វើការកែរូបភាពតែបន្តិចបន្តួច ក៏អាចបំភាន់ភ្នែកអ្នកតាមដាន ឬប្រព័ន្ធ AI បានបាត់ទៅហើយ។ ព្រោះតែពិបាកក្នុងការវិភាគព័ត៌មាន ក៏ដូចជារូបភាពក្លែងក្លាយទាំងនោះ ក្រុមហ៊ុនបានប្រើប្រព័ន្ធ SimSearchNet ដែលជាប្រព័ន្ធបង្កើតឡើងដើម្បីចាប់ភ័ស្ដុតាងក្នុងរូបភាពដែលសឹងតែដូចគ្នាបេះបិទទាំងនោះ។

ដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការដាក់ជាបម្រាមតាមបណ្តាញសង្គមរបស់ពួកគេជាង ៥០លានបម្រាមរួចមកហើយ ទាក់ទងទៅនឹងការឆ្លងរីករាលដាលនៃមេរោគកូវីដ-19 កាលពីអំឡុងខែមេសាកន្លងទៅនេះ។ ដោយឡែកចាប់ពីថ្ងៃទី1 ខែមីនាមក ហ្វេសប៊ុកបានលុបចោលនូវការផ្សព្វផ្សាយលក់ ម៉ាស់បិទមុខ ទឹកលាងដៃ ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-19 បានប្រមាណជា 2.5លាន ហើយក្រុមហ៊ុន ក៏បានសហការជាមួយអង្គការប្រមាណជា 60ផ្សេងទៀត ដើម្បីត្រួតពិនិត្យតាមដានព័ត៌មានក្លែងក្លាយ ជុំវិញពិភពលោកដែលសរសេរជាភាសាផ្សេងៗគ្នាប្រហែល 50ភាសាផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Advertisement