របត់​ចុងក្រោយ​នៃ​អុីន​ធើ​ណិ​តនឹង​ផ្លាស់​ប្តូរ​អ្វីខ្លះ​ក្នុង​ពិភពលោក​?

បច្ចុប្បន្ន​នេះ​ មនុស្ស​ចាប់ផ្តើម​ឈាន​មួយ​ជំហាន​ថ្មីទៀត​ពី​ការ​ទំនាក់ទំនង​រវាង​មនុស្ស​ និង​មនុស្ស​ ទៅ​ជា​ទំនាក់ទំនង​រវាង​មនុស្ស​ និង​ម៉ាស៊ីន​ ព្រោះ​ការងារ​ជាច្រើន​ម៉ាស៊ីន​អាច​ឆ្លើយឆ្លង​ ឬផ្តល់​ព័ត៌មាន​បាន​យ៉ាង​លម្អិត​។

ថ្វី​ដ្បិតតែ​ការងារ​ខ្លះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​ ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​របស់​មនុស្ស​នៅពេល​ដែល​គ្រប់យ៉ាង​ក្លាយជា​ស្វ័យប្រវត្តិ​ក៏ដោយ​ តែ​ចរន្ត​ថ្មី​នៃ​អុីន​ធើ​ណិ​ត (Internet​ of​ things​) ក៏អាច​ផ្តល់​ផល​វិជ្ជមាន​ និង​ភាព​ងាយស្រួល​ជាច្រើន​សម្រាប់​ការរស់នៅ​ផង​ដែរ​។ ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​បង្ហាញ​ថា​ ពិភពលោក​នឹង​មានការ​ប្រែប្រួល​ ហើយ​អុិន​ធើ​ណិ​តនឹង​អភិវឌ្ឍ​ការរស់នៅ​របស់​មនុស្ស​នា​ថ្ងៃ​អនាគត​ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ហួសពី​ការ​រំពឹង​ទុក​។

1. ទីក្រុង​ឆ្លាតវៃ​
តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ បាន​ឱ្យ​ដឹង​ថា​ ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ បាន​កើនឡើង​ពី​ចំនួន​ 34​% នៅ​ទសវត្សរ៍​ឆ្នាំ1960​ ទៅជា​ 66​%នា​ពេល​បច្ចុប្បន្ន​។ ទីក្រុង​បាន​ក្លាយជា​កន្លែង​ប្រណីត​សម្រាប់​ការរស់នៅ​របស់​មនុស្ស​ តែ​វា​ក៏​ជា​កន្លែង​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ​។ ហេតុនេះ​ហើយ​ទើប​មនុស្ស​ចាំបាច់​ត្រូវ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ផល​ប៉ះពាល់​នៅក្នុង​ទីក្រុង​ឱ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ធ្វើ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​។

ដោយសារ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ គ្រប់​ទីកន្លែង​សុទ្ធតែ​មាន​ប្រព័ន្ធ​អុីន​ធើ​ណិ​ត ហេតុនេះ​ទីក្រុង​នានា​នឹង​ត្រូវ​គេ​ចាប់ផ្តើម​ធ្វើ​វា​ឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​។ទីក្រុង​ឆ្លាតវៃ​នេះ​ ជាទី​ក្រុង​ដែលគេ​ដាក់​ឱ្យ​បច្ចេកវិទ្យា​ជា​អ្នកធ្វើការ​ងារ​ជាច្រើន​ឱ្យ​បាន​ឆាប់រហ័ស​ ចំណេញ​ពេលវេលា​ កាត់បន្ថយ​ការ​ចំណាយ​ និង​ធនធាន​ជា​ច្រើន​ផ្សេងទៀត​ ដូចជា​ប្រើ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ឆ្លាតវៃ​ ប្រើប្រាស់​អំពូលភ្លើង​ឆ្លាតវៃ​ដើម្បី​សន្សំ​អគ្គិសនី​ ការរៀបចំ​ចំណត​យានយន្ត​ឆ្លាតវៃ​ដើម្បី​កាត់បន្ថយ​ការ​ខ្ជះ​-ខ្ជាយ​ទីធ្លា​ ជាដើម​។ ការកាត់បន្ថយ​ភាព​ខ្ជះខ្ជាយ​ទាំងអស់​នេះ​នឹង​ធ្វើ​ឱ្យ​ការ​បំពុល​បរិយាកាស​កាន់តែ​ថយ​ចុះ​ហើយ​គុណភាព​នៃ​ការរស់នៅ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

2. ជួយ​ឱ្យ​ខ្យល់​ និង​ទឹក​ស្អាត​ជាង​មុន​
ការប្រើ​ប្រាស់​បណ្តាញ​អុីន​ធើ​ណិ​តបែប​ថ្មីនេះ ​(Internet​ of​ things​) អាច​ជួយ​អភិវឌ្ឍ​ផ្នែក​សុខភាព​សាធារណៈ​បាន​។ យោង​តាម​ការ​សិក្សា​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ខ្យល់ពុល​ និង​ទឹក​មិន​ស្អាត​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ 9លាន​នាក់​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ2015​។ ទីក្រុង​បច្ចុប្បន្ន​ពោរពេញ​ដោយ​ការ​បំពុល​ ព្រោះ​កំណើន​នៃ​រោងចក្រ​ឧស្សាហកម្ម​ និង​យានយន្ត​ ហេតុនេះ​នៅក្នុង​ទី​ក្រុង​ធំៗ​មួយចំនួន​ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ទាំងអស់​នោះ​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ (sensor​) ដើម្បី​ប្រាប់​ព័ត៌មាន​ដល់កន្លែង​ស្នាក់នៅ​របស់​ប្រជាជន​នៅពេល​កម្រិត​នៃ​ការ​បំពុល​ពី​អាកាសធាតុ​បាន​កើនឡើង​ខ្ពស់​។

នៅក្នុង​ប្រទេស​មួយចំនួន​ ដូចជា​ទី​ក្រុង​ឡុងដ៍​នៃ​ប្រទេស​អង់គ្លេស​ គេ​បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​នៅក្នុង​ទូរស័ព្ទ​ស្មា​តហ្វូ​នដើម្បី​បង្ហាញ​ដល់​ប្រជាជន​ឱ្យ​បានដឹង​ពី​បញ្ហា​ជាតិពុល​ក្នុង​បរិយាកាស​។ នេះ​ជា​ចំណុច​ល្អ​មួយ​ដែល​អាច​កាត់បន្ថយ​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​មនុស្ស​។

3.កសិកម្ម​កាន់តែ​ឆ្លាតវៃ
​ទោះជា​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ដើរ​ដល់ណា​ក៏ដោយ​ កសិកម្ម​នៅតែ​ជា​ចំណុច​ដែល​ត្រូវ​គិតគូរ​ដដែល​ព្រោះ​មនុស្ស​អាច​មិន​ប្រើប្រាស់​ឧបករណ៍​ទំនើប​បាន​ តែ​មិន​អាច​អត់អាហារ​បាន​នោះ​ទេ​។ ការ​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ ថ្វី​ដ្បិតតែ​អាច​ផ្គត់ផ្គង់​តម្រូវការ​មនុស្ស​បានតែ​វា​ក៏​នៅ​មិនទាន់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ខ្លាំង​នៅឡើយ​សម្រាប់​មនុស្ស​ ព្រោះ​កសិកម្ម​ប្រពៃណី​មាន​ចំណុច​ខាតបង់​ច្រើន​ដែល​អ្នក​ដាំដុះ​អាច​កាត់បន្ថយ​បាន​។ឭ

ការ​ដាំដុះ​បែប​ថ្មី​ គឺ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ត្រួតពិនិត្យ​ពី​កម្រិត​នៃ​ការ​ដាំដុះ​ដែល​អាច​ធ្វើ​ឱ្យ​ចំនួន​ខូច​នៃ​គ្រាប់ធញ្ញជាតិ​កាត់បន្ថយ​បាន​ ហើយ​វា​ក៏​ធ្វើ​ឱ្យ​ចំណេញ​ធនធាន​ផង​ដែរ​ ខណៈ​បរិមាណ​ទឹក​ និង​ជី​ត្រូវ​បាន​គេ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ឱ្យ​មាន​តុល្យភាព​តាមរយៈ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​។ តាមរយៈ​ការប្រើ​ប្រាស់​ Internet​ of​ things​ ទិន្នន័យ​កសិកម្ម​នឹងអាច​ចំណេញ​ច្រើន​ព្រោះ​កសិករ​ធ្វើ​តិច​ តែ​ទទួល​បានផល​ច្រើន​៕

Advertisement