Facebook សាង​សង់​បណ្ដាញ​​ខ្សែ​កាប​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

Facebook សាង​សង់​បណ្ដាញ​ខ្សែកាប​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដី

Facebook ត្រៀម​កសាង​បណ្ដា​ខ្សែកាប់​​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ដែល​មាន​ប្រវែង​សរុប​37,000​គីឡូម៉ែត្រ​ តភ្ជាប់​ប្រទេស​ចំនួន​23នៅ​ទ្វីប​អាហ្វ្រិក​ ជាមួយ​នឹង​ទ្វីប​អឺរ៉ុប​ និង​មជ្ឈិម​បូពា៌​។

តំណាង​របស់​ក្រុមហ៊ុន​ Facebook បាន​ឱ្យ​ដឹង​ថា​ គម្រោង​ខាងលើ​នេះ​មាន​ឈ្មោះ​ថា 2Africa (ឈ្មោះ​ដំបូង​គឺ Simba)។ គម្រោង​នេះ​មាន​ការ​សហការគ្នា​ជាមួយ​ក្រុម​ហ៊ុន​អ៊ីនធើណិត​ជា​ច្រើន​ រួម​មាន​ China Mobile របស់​ចិន MTN របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ Orange និង​ Vodafone របស់​បារាំង​ ក៏ដូច​ជា​បណ្ដា​ក្រុម​ហ៊ុន​រក​ស៊ី​​ក្នុង​វិស័យ​ទូរគមនាគមន៍​ជា​ច្រើន​ទៀត​នៅ​ពាស​ពេញ​ទ្វីប​អាហ្វ្រិក​ ជា​កន្លែង​ដែល​ខ្សែ​កាប​អ៊ីនធើណិត​ទៅ​ដល់​។ ប្រព័ន្ធ​ខ្សែ​កាប​អ៊ីនធើណិត​​ក្រោម​សមុទ្រ​នេះ​នឹង​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​ក្រុម​ហ៊ុន​ Nokia ហើយ​ក្រុម​ហ៊ុន​ Alcatel នឹង​ជា​អ្នក​សាង​សង់​។

ជាមួយ​នឹង​ប្រវែង​37,000​គីឡូម៉ែត្រ​នេះ​ Facebook ប្រកាស​ថា វា​គឺជា​បណ្ដាញ​ខ្សែ​កាប់​អ៊ីនធើណិត​​ក្រោម​សមុទ្រ​ដែល​វែង​ជាង​គេបង្អស់​​មួយ​នៅ​ក្នុង​ពិភពលោក​ ពោល​គឺ​វា​ “ជិត​ស្មើ​នឹង​1ជុំ​ផែន​ដី​”។

2Africa នឹង​ប្រើ​ប្រាស់​ខ្សែ​កាប​ដែល​សរសៃ​​ខាងក្នុង​របស់​វា​ធ្វើអំពី​អាលុយ​មីញ៉ូម​ ជំនួស​ឱ្យ​សរសៃ​​ធ្វើ​អំពី​ស្ពាន់​ ក្នុង​បំណង​ដើម្បី​បង្កើន​សមត្ថ​ភាព​នៃ​ការ​បញ្ជូន​អ៊ីនធើណិត​។ បន្ទាប់​ពី​កសាង​រួច​រាល់ បណ្ដាញ​ខ្សែ​កាប​នេះ​នឹង​អាច​ផ្គត់​ផ្គង់​អ៊ីនធើណិត​ល្បឿន​150​Terabit/វិនាទី (1Terabit=1,000Gigabit)​។ សមត្ថ​ភាព​នេះ​ខ្លាំង​ជាង​3​ដង​បើ​ធៀប​ជាមួយ​នឹង​បណ្ដាញ​ខ្សែកាប់​ទាំង​អស់​​ដែល​មាន​នៅទ្វីប​​អាហ្វ្រិក​នាបច្ចុប្បន្ន​ បូក​ចូល​គ្នា។

Kevin Salvadori ដែល​ជា​នាយក​ផ្នែក​វិនិយោគ​លើ​អ៊ីនធើណិត​របស់​ Facebook បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ពិភាក្សា​ជាមួយ​ដៃ​គូ​នានា​អំពី​គម្រោង​ 2Africa ចាប់​តាំង​ពីឆ្នាំ​2018។ គម្រោង​នេះ​នឹង​​ត្រូវ​​សាង​សង់​រួច​រាល់​នៅ​ក្នុង​ឆ្នាំ​2023​ ឬ​ដើម​ឆ្នាំ​2024​ ហើយ​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ភ្លាម​ៗ​ ក្រោយ​ពី​កសាង​រួច​រាល់​​។

Facebook សាង​សង់​បណ្ដាញ​ខ្សែកាប​អ៊ីនធើណិត​ក្រោម​សមុទ្រ​ ប្រវែង​ជិត​1ជុំផែន​ដីតំណាង​របស់​ Facebook បានបដិសេធ​មិន​ប្រាប់​អំពី​ខ្ទង់​ប្រាក់​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​គម្រោង​នេះ​ទេ​។ ប៉ុន្តែ Michael Ruddy ដែលជា​នាយក​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ​អន្តរ​ជាតិ​នៃ​ក្រុម​ហ៊ុន​​វិភាគ​ទី​ផ្សារ​ Terabit Consulting Inc បាន​គន់​គូរ​ឃើញ​ថា បណ្ដាញ​ខ្សែ​កាបអ៊ីនធើណិត​​ខាងលើ​នេះ នឹង​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​តិច​ 800​លាន​ដុល្លារ​អាមេរិក​។

កន្លង​មក ក្រុម​ហ៊ុន​ Facebook ក៏ធ្លាប់​មាន​បំណង​ផ្គត់​ផ្គង់​ Wifi ទៅកាន់​តំបន់​ដាច់​ស្រយាល​​នានា​នៅ​ទូទាំង​ពិភពលោក​ ដែល​ក្នុង​នោះ​ក៏​មាន​តំបន់​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​ផងដែរ ដោយ​ប្រើ​ Aquila (គម្រោង​បាញ់​រលក​សញ្ញា​ Wifi តាម​រយៈ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​ដំណើរ​ការ​ដោយ​ថាម​ពល​ព្រះអាទិត្យ​) ប៉ុន្តែ​គម្រោង​នេះ​​ត្រូវ​បាន​ផ្អាក​ចាប់​ពីឆ្នាំ​2018។

ក្រៅ​ពី​ Facebook ក្រុម​ហ៊ុន​ Google ក៏កំពុង​ដំណើរ​ការ​គម្រោង​​សាង​សង់​ខ្សែ​កាប​អុប​ទិក​មួយ​​ទៀត​ដែ​ល​មាន​ឈ្មោះថា Equino ដែល​នឹង​តភ្ជាប់​ទ្វីប​អាហ្វ្រិក​ជាមួយ​នឹង​អឺរ៉ុប​។ Google ក៏​កំពុង​មាន​មហិច្ឆតា​ក្នុងការ​​បាញ់​រលក​សញ្ញា​អ៊ីនធើណិត​ 4G ទៅកាន់​តំបន់​ដាច់​ស្រយាល​នៅ​ទូទាំង​ពិភពលោក​ ដោយ​គម្រោង Project Loon ដែល​ប្រើ​ប្រាស់​បាឡុង​ហោះ​​។ បច្ចុប្បន្ន គម្រោង​នេះ​កំពុង​ធ្វើ​ការ​សាក​ល្បង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​ ក្នុង​នោះ​​ក៏មាន​ប្រទេស​ Mozambique ផងដែរ​។

សារ​ព័ត៌មាន​ផ្នែក​បច្ចេក​វិទ្យា​ WSJ បាន​ឱ្យ​ដឹង​ថា នា​បច្ចុប្បន្ន​ ទ្វីប​អាហ្វ្រិក​មាន​ប្រជាជន​សរុប​ជាង​ 1.2​ពាន់​លាន​នាក់​កំពុង​រស់​នៅ​។​ ក៏ប៉ុន្តែ ពួក​គេ​ភាគ​ច្រើន​មិន​បាន​ប្រើ​ប្រាស់​អ៊ីនធើណិត​ ឬ​បាន​ប្រើ​ដែរ​ តែ​តាម​រយៈ​ឧបករណ៍​ 2G ប៉ុណ្ណោះ​៕

ប្រភព​៖ សារ​ព័ត៌​បរទេស

Advertisement