Twitter អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើ​ការ​ពីផ្ទះ​អស់​មួយ​ជីវិត

Twitter អនុញ្ញាត​ឱ្យ​បុគ្គលិក​ធ្វើ​ការ​ពីផ្ទះ​អស់​មួយ​ជីវិត

បន្ទាប់​ពី​បាន​ធ្វើ​ការ​ពីចម្ងាយ​អស់​រយៈ​ពេល​ច្រើន​ខែ​​ដោយ​សារ​ COVID-19 ក្រុម​ហ៊ុន​​បណ្ដាញ​សង្គម​ Twitter យល់​ឃើញ​ថា​ បុគ្គលិក​​អាច​បន្ត​ធ្វើ​បែប​នេះ​ សូម្បី​នៅ​ពេល​កូរ៉ូណា​​បាន​បញ្ចប់​។

“បើ​សិន​ជា​ទីកន្លែង និង​ស្ថាន​ភាព​របស់​បុគ្គលិក​នោះ​សម​ស្រប​សម្រាប់​ពួក​គេ​ធ្វើ​ការ​នៅ​ឯផ្ទះ​ ហើយ​ពួកគេ​ក៏​ចង់​បន្ត​ធ្វើ​បែប​នេះ​អស់​មួយ​ជីវិត យើង​ខ្ញុំ​នឹង​អនុញ្ញាត​” នេះ​ជា​សម្ដី​របស់​នាយិកា​រង​របស់​ក្រុម​ហ៊ុន​ Twitter ទទួល​បន្ទុក​ធនធាន​មនុស្ស អ្នក​ស្រី​ Jennifer Christie ដែល​បាន​ថ្លែង​ប្រាប់​ CNN កាល​ពី​ថ្ងៃទី​12​​មេសា​កន្លង​ទៅ​។ អ្នក​ស្រី​បន្ត​ថា “បើ​មិន​ដូច្នោះ​ទេ ការិយាល័យ​របស់​យើង​​ក៏​នៅ​តែ​ទទួល​ស្វាគមន៍​​ពួក​គេ​ត្រឡប់​មក​ធ្វើ​ការ​ក្នុង​ការិយាល័យ​វិញ​ នៅ​ពេល​ដែល​យើង​ខ្ញុំ​គិត​ថា មាន​សុវត្ថិ​ភាព​​អាច​បើក​ទ្វារ​ឡើង​វិញ​បាន”។

ការ​សម្រេចចិត្ត​នេះ​អាច​​បង្ហាញ​បាន​ខ្លះ​ថា វិធាន​ការ​ដែល​គេ​ប្រើ​ប្រាស់​ក្នុង​​សម័យ​មេរោគ​រាតត្បាត​នេះ​ អាច​បង្កើត​បាន​ជា​និន្នាការ ឬ​ស្ថាន​ភាព​ធម្មតា​ថ្មី​មួយ​​សម្រាប់​ក្រុម​ហ៊ុន​នៅ​សហ​រដ្ឋ​អាមេរិក​។ Twitter មិន​បាន​ឱ្យ​ដឹង​ថា​​ មុខ​តំណែង​ណា​ខ្លះ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​នេះ​នៅឡើយ​ ប៉ុន្តែ ពួកគេ​បាន​បញ្ជាក់​ថា បទ​ពិសោធន៍​ធ្វើ​ការ​ពី​ចម្ងាយ​​ក្នុង​រយៈ​ពេល​ច្រើន​ខែ​មក​នេះ បាន​បង្ហាញ​ថា វិធី​នេះ​អាចអនុវត្ត​បន្ត​ទៅ​មុខ​ទៀត​បាន​។

Twitter មិន​​មាន​គម្រោង​បើក​ទ្វារ​ការិយាល័យ​ ឬ​ចាប់​ផ្ដើម​ដំណើរ​បំពេញ​បេសកកម្ម​របស់​ខ្លួន​នៅ​មុន​ខែ​កញ្ញា​នោះ​ទេ​។ ពួក​គេ​ក៏បាន​លុប​ចោល​ព្រឹត្តិការណ៍​ផ្ទៃ​ក្នុង​ទាំង​អស់​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ​ផងដែរ​ ហើយ​បញ្ហា​នេះ​អាច​ពន្យារ​ពេល​ដល់​ឆ្នាំ​2021។ នេះ​បើតាម​សេចក្ដី​ប្រកាស​មួយ​របស់​ Twitter។

ក្រៅ​ពី​ Twitter ក៏​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​ បាន​សម្រេច​ចិត្ត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពីចម្ងាយផងដែរ​។ ក្រុម​ហ៊ុន​ Facebook និង​ Google កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ជាក់​ថា ពួកគេ​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ការ​ពី​ចម្ងាយ​រហូត​ដល់​ដំណាច់​ឆ្នាំ​2020​។ ចំណែក​ក្រុម​ហ៊ុន​ Amazon វិញ បាន​សម្រេច​ថា អនុញ្ញាត​ឱ្យ​​​បុគ្គលិក​​ធ្វើ​ការ​​ពី​ផ្ទះ​រហូត​ដល់​ដើម​ខែ​តុលា​៕

ប្រភព​៖ សារព័ត៌មាន​បរទេស

Advertisement