យន្តហោះ​អវកាស​អាម៉េរិកលេច​មុខ​មុន​ជើង​ហោះ​ហើរ​ដំបូង

យន្តហោះ​អវកាស​ Dream Chaser ដែល​អាច​ប្រើ​ប្រាស់ឡើងវិញ​បាន​ច្រើន​ដង​ និង​អាច​ផ្ទុក​ទំនិញ​បាន​ 5,215​ គីឡូក្រាម​ ត្រូវ​បាន​បង្ហាញ​នៅ​មុន​បេសក​កម្ម​ហោះ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) ជា​លើក​ដំបូង​ នៅ​ចុង​ឆ្នាំ​នេះ​។

ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) និង​ក្រុម​ហ៊ុន Sierra Space នៅ​ Colorado កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024 បាន​អញ្ជើញ​ក្រុម​អ្នក​យក​ព័ត៌មាន​ទៅ​ទស្សនា​ Dream Chaser ដោយ​ផ្ទាល់​។​ នេះ​បើ​តាមទំព័រ​សារព័ត៌មាន​ Space​។

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​ធ្វើ​តេស្ត​ Neil Armstrong របស់​ណាសា នៅ​ Sandusky។ យន្តហោះ​អវកាស Dream Chaser និង​ម៉ូឌុល​ដឹក​ទំនិញ​ដែល​មាន​រហ័ស​នាម​ថា «Tenacity» និង «Shooting Star» ត្រូវ​បាន​ដំឡើង​បញ្ឈរ​ត្រង់​ដូច​ពេល​ត្រៀម​បាញ់បង្ហោះ​។ យាន​មួយ​គូ​នេះ​មាន​កម្ពស់​ 16.8 ម៉ែត្រ​ ដែល​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ដឹក​សិស្ស​សាលា​ខ្នាត​ធំ​។

ជើង​ហោះ​ហើរ​ដំបូង​របស់ Tenacity នឹង​ដឹក​ទំនិញ​​របស់​ណាសា ឡើង​ទៅ​កាន់​ ISS​។ ក៏ប៉ុន្តែ មុន​ពេល​ហោះ​ហើរ​ជើង​ដំបូង Tenacity និង Shooting Star នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ទៀត​នៅ Sandusky។

តាម​ផែនការ Shooting Star នឹង​ឆេះ​ខ្ទេច​នៅ​ក្នុង​បរិយាកាស​ផែនដី បន្ទាប់​ពី​បាន​បំពេញ​ភារកិច្ច​តែ​មួយ​លើក​គត់​។ ចំណែក Tenacity នឹង​ចុះ​ចតលើ​ផែនដី ហើយ​ត្រៀម​សម្រាប់​បេសកកម្ម​បន្ទាប់​។ យន្ត​ហោះ​អវកាស​ Tenacity ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​ហោះ​ហើរ​បាន​ 15 ជើង​។ យាន​នេះ​នឹង​ដឹក​ទំនិញ​ជាង 3,540 គីឡូក្រាម​ នៅ​ក្នុង​ជើង​ហោះ​ហើរ​ដំបូង​ បើ​ទោះ​ជា​វា​អាច​ដឹក​បាន​រហូត​ដល់ 5,215 គីឡូក្រាម​។ សំរាម​ជាង 3,950 គីឡូក្រាម​ អាច​នឹង​ត្រូវ​បាន​ទម្លាក់​ចោល​ពី​ម៉ូឌុល​ដឹក​ទំនិញ​របស់វា នៅក្នុង​ពេល​ហោះ​ត្រឡប់មក​កាន់​ផែនដី​។

តាម​គម្រោង​ Tenacity និង Shooting Star នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ​នេះ។ ក្រោយពី​បេសក​កម្ម​នេះ​បាន​បញ្ចប់ សំណើ​សុំ​អាជ្ញាបណ្ណ​សម្រាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​នេះ​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ផងដែរ​៕

Advertisement