រថភ្លើង​ «ហោះ​លើ​ផ្លូវ​ដែក» របស់​ចិន​ បង្កើត​បាន​កំណត់​ត្រា​ល្បឿន​​ថ្មី​

រថភ្លើង​អណ្ដែត​ maglev train

សាជីវកម្ម​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អវកាស​ចិន​ (CASIC) បង្កើត​បាន​កំណត់​ត្រា​ល្បឿន​ថ្មី​​របស់​​រថភ្លើង​អណ្ដែត​ដើរ​ដោយ​កម្លាំង​មេដែក​ ឬ​ហៅ​ថា Maglev Train (Maglev ជា​ពាក្យ​កាត់​របស់​ពាក្យ magnetic levitation) បើក​ផ្លូវ​សម្រាប់​ប្រព័ន្ធ​រថភ្លើង​ Hyperloop ល្បឿន​មហា​លឿន​ នា​ពេល​អនាគត​។

បើ​ទោះ​ជា​ល្បឿន​ពិត​ប្រាកដ​ដែល​ខ្សែ​រថភ្លើង​នេះ​សម្រេច​បាន​គឺជា​ព័ត៌មាន​សម្ងាត់​ ប៉ុន្តែ CASIC ឱ្យ​ដឹង​ថា ពួក​គេ​បាន​ឈាន​ដល់​ជំហាន​ដ៏សំខាន់​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នា​ពេល​ថ្មី​ៗ​នេះ​។ នេះ​បើ​តាម Sun ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 22 កុម្ភៈ 2024​។

យោង​តាម CASIC នេះ​គឺជា​លើក​ដំបូង​ដែល​រថភ្លើង​ Maglev ឈាន​ដល់​កម្រិត​អណ្ដែត​ស្ថិរភាព​ នៅ​ពេល​​ផ្លាស់​ទី​ក្នុង​បំពង់​សុញ្ញកាស​កម្រិត​ទាប​ ដោយ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​សម្រាប់​ការ​ពិសោធ​ ​ប្រវែង​ 2 គីឡូម៉ែត្រ​ ដែល​ស្ថាបនា​រួច​រាល់​កាល​ពី​ខែ​វិច្ឆិកា 2023​។ CASIC បង្ហើប​ឱ្យ​ដឹង​ថា លទ្ធផល​បាន​បំបែក​កំណត់​ត្រា​មុន​នោះ​ (623 គីឡូម៉ែត្រ​/ម៉ោង) របស់​រថភ្លើង​ Maglev មួយ​ខ្សែ​ដែល​ធ្វើ​ដំណើរ​ក្នុង​បរិស្ថាន​ធម្មតា​កាល​ពី​ខែ​តុលា 2023​។

ទូរថភ្លើង​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​លើផ្លូវ​ដែក​សុញ្ញកាស​កម្រិត​ទាប

បច្ចេកវិទ្យា​ Maglev ជួយ​ឱ្យ​រថភ្លើង​អណ្ដែត​ពី​លើ​ផ្លូវ​ដែក​ ​លុប​បំបាត់​ភាព​កកិត​​នៅ​ពេល​ធ្វើ​ដំណើរ​តាម​បំពង់​សុញ្ញកាស​កម្រិត​ទាប​​។ ស្ថានភាព​ក្បែរ​សុញ្ញកាស​ (ស្ទើរ​តែ​គ្មាន​ខ្យល់ ឬ​ម៉ូលេគុល) កាត់​បន្ថយ​កម្លាំង​កកិត​​របស់​ខ្យល់​ បង្កើត​បាន​ជា​ «ជើង​ហោះ​ហើរ​ទាប​ក្បែរ​ដី» ក្នុង​ល្បឿន​លឿន​ខ្លាំង​។

Advertisement