យន្តហោះ​អ៊ីដ្រូសែន​​របស់​ចិន បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​ជើង​ដំបូង​

យន្តហោះគំរូដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងអ៊ីដ្រូសែន 4 កៅអី របស់ចិន

កំណែ​គំរូ​នៃ​យន្តហោះ​អ៊ីដ្រូសែន​ដែល​ក្រុម​វិស្វករ​ចិន​អភិវឌ្ឍ​ មាន​ល្បឿន​ 180 គីឡូម៉ែត្រ​/ម៉ោង និង​មាន​រំញ័រ​តិច​ជាង​ បើធៀប​នឹង​បណ្ដា​យន្តហោះ​ដែល​មាន​ល្បឿន​ប្រហាក់​ប្រហែល​នេះ​។

យន្តហោះ​គំរូ​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំហេះ​ក្នុង​អ៊ីដ្រូសែន​ 4 កៅអី របស់​ចិន​ បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​ដោយ​ជោគ​ជ័យ នៅលើ​ទឹក​ដី​នៃ​ខេត្ត​ Liaoning ភាគ​ឦសាន​ប្រទេស​នេះ​កាល​ពី​ថ្ងៃទី 29 មករា​។ យោង​តាម​អ្នក​បើក​បរ Xu Xiaoben នៅ​ពេល​​ស្ថិត​​លើ​កម្ពស់​ 200 ម៉ែត្រ យន្តហោះ​នេះ​មាន​កម្រិត​រំញ័រ​អាច​ទទួល​យក​បាន​ និង​​មាន​ប្រសិទ្ធភាព​ខ្ពស់​។

យន្តហោះ​នេះ​មាន​បណ្ដោយ​ប្រវែង 8.2 ម៉ែត្រ និង​អាច​ផ្ទុក​អ៊ីដ្រូសែន​សម្ពាធ​ខ្ពស់​រហូត​ដល់ 4.5 គីឡូក្រាម​។ ល្បឿន​របស់​វា​គឺ​ប្រហែល 180 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ថាមពល​របស់​ម៉ាស៊ីន​ឈាន​ដល់ 120 គីឡូវ៉ាត់​ ជួយ​ឱ្យ​យន្តហោះ​អាច​ហោះឡើង និង​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​ភាគ​ច្រើន​ ក៏​ដូច​ជា​អាច​​ដំណើរ​ការ​រៀង​រាល់​ថ្ងៃ​។

យន្តហោះ​គំរូ​នេះ​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​អាកាសចរណ៍​ 2024AERO ក្នុង​​ប្រទេស​អាល្លឺម៉ង់ នៅ​ក្នុង​ខែ​មេសា​ខាង​មុខ។ នេះ​គឺជា​យន្តហោះ​អាច​ប្រើ​ប្រាស់​អាកាសយានដ្ឋាន​រួម​ និង​ដំណើរ​ការ​ដោយអ៊ីដ្រូសែន​ដំបូង​ដែលចិន​​អភិវឌ្ឍ​​ដោយ​ខ្លួន​ឯង​៕

Advertisement