យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន ថត​យក​រូប​ភាព​ចុង​ក្រោយ​

យាន​អវកាស​ SLIM នឹង​ឆ្លង​កាត់​រាត្រី​ត្រជាក់​ដ៏វែង​នៅ​លើឋាន​ព្រះ​ចន្ទ​​ ដោយ​ការ​ស្ថិត​នៅស្ងៀម​​​​មួយ​កន្លែង​ ហើយ​ប្រហែល​ជា​មិន​អាច​ដំណើរ​ការ​ឡើង​វិញ​បាន​​ នា​ពេល​ខាង​មុខ​។

យាន​ចុះ​ចត​ SLIM របស់​ប្រទេស​ជប៉ុន​ បាន​អស់​ថាមពល​មុន​ពេល​រាត្រី​ត្រជាក់​លើឋាន​ព្រះ​ចន្ទ​ចូលមក​បញ្ចប់​បេសក​កម្ម​ ប៉ុន្តែ​វា​នៅ​តែអាច​បញ្ជូន​រូប​​ថត​​ចុង​ក្រោយ​​មួយ​ចំនួន​ រួម​នឹង​ទិន្នន័យ​វិទ្យាសាស្ត្រ​ មក​កាន់​ផែនដី​ដល់​ពេល​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024​។

SLIM (Smart Lander for Investigating Moon) បាន​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី 19 មករា 2024​ បើ​ទោះ​ផ្ទាំង​សូឡា​ជួប​បញ្ហា​ ធ្វើ​ឱ្យ​យាន​នេះ​ត្រូវ​ផ្អាក​សកម្មភាព​លើ​ឋាន​ព្រះ​ចន្ទ​​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ SLIM បាន​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​ការ​ចុះ​ចត​បាន​ជិត​ដប់​ថ្ងៃ​ នៅ​ពេល​​ព្រះ​អាទិត្យ​បាន​ជះ​ពន្លឺ​មក​លើ​ផ្ទាំង​សូឡា​របស់​វា​។

អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (JAXA) បាន​ចែក​រំលែក​រូប​ថត​ចុងក្រោយ​ដែល​បាន​ពី​យាន​ SLIM កាល​ពី​ថ្ងៃទី 31 មករា​។ ពួក​គេ​ក៏​បាន​បញ្ជាក់​ថា យាន​នេះ​បាន​ឈាន​ដល់​ស្ថាន​ភាព​ដេក​ស្ងៀម​ដូច​ការ​គ្រោង​ទុក​។ JAXA នឹង​ត្រូវ​​រង់​ចាំមួយ​​រាត្រី​​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដែល​ប្រហែល​នឹង​ 14.5 ថ្ងៃ​នៅ​លើ​ផែនដី​ រួម​នឹង​លក្ខខណ្ឌ​កម្ដៅ​ព្រះ​អាទិត្យ​នៅ​ថ្ងៃ​បន្ទាប់​ ដែល​ចាប់​ផ្ដើម​​ពី​ថ្ងៃទី 15 កុម្ភៈ​ មុន​ពេល SLIM អាច​ភ្ញាក់​ខ្លួន​ជា​ថ្មី​។ សីតុណ្ហភាព​ពេល​យប់​នៅ​លើ​ឋានព្រះ​ចន្ទ​គឺ​ប្រហែល -130 អង្សាសេ​។

រូបភាពដែល SLIM បានថតពេលចុះចត (ឆ្វេង) និងពេលដំណើរការឡើងវិញ

ក៏ប៉ុន្តែ បើ​ទោះ​ SLIM អាច​ ឬ​មិន​អាច​ដឹងខ្លួន​ជា​ថ្មី​ យាន​នេះ​ក៏បាន​​បំពេញ​ភារកិច្ច​​ទាំង​ស្រុង​ដោយ​ជោគជ័យ​រួច​ហើយ ក្នុង​នោះមាន​ដូច​ជា ការ​ចុះ​ចត​ត្រូវ​តាម​ផែនការ​ ការ​ដាក់​ពង្រាយ​រ៉ូបូត​ខ្នាត​តូច​ចំនួន​ពីរ​គ្រឿង​ និង​ប្រមូល​បាន​ទិន្នន័យ​ផ្នែក​វិទ្យាសាស្ត្រ​ជា​ច្រើន​​ជា​ដើម​៕

Advertisement