ភព​អង្គារ​ក្លាយ​ជា​ទីបញ្ចុះ​សព​របស់​ឧទ្ធម្ភាគ​ចក្រ​ Ingenuity របស់​ណាសា

ក្រោយ​ពី​បាន​បញ្ចប់​ជើង​​ហោះ​ហើរ​ទី 72 ​នៅ​លើ​ភព​អង្គារ​ក្នុងរយៈ​ពេល​បី​ឆ្នាំ​កន្លង ឧទ្ធម្ភាគចក្រ​ Ingenuity របស់​អង្គការ​ណាសា ក៏​បាន​បញ្ចប់​បេសក​កម្ម​។

Ingenuity បាន​ក្លាយ​ជា​យន្តហោះ​ដំបូង​គេ​ដែល​ដំណើរ​ការ​ និង​ហោះ​ហើរ​នៅ​លើភព​ដទៃ​ បន្ទាប់​ពី​បាន​ហោះ​ឡើង​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី 19 មេសា ឆ្នាំ 2021​។ រូប​ភាព​ និង​ទិន្នន័យ​ដែល​បញ្ជូន​មក​កាន់​បន្ទប់​ធ្វើ​តេស្ត​កម្លាំង​រុញ​ច្រាន​ JPL របស់​ណាសា​ នៅ Pasadena រដ្ឋ California បង្ហាញ​ថា យ៉ាង​តិច​មាន​ស្លាប​ចក្រ​ចំនួន​មួយ​របស់​ Ingenuity ត្រូវ​ខូច​ នៅ​ពេល​ចុះ​ចត​ក្នុង​ជើងហោះ​ហើរ​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​ក្នុង​ខែ​នេះ​។ ក្រុម​ការ​ងារ​បាន​បញ្ជាក់​ថា ឧទ្ធម្ភាគ​ចក្រ​នេះ​លែង​​ហោះ​ហើរ​បានទៀត​ហើយ​​។ នេះ​បើ​តាម​ CNN ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ទី 25 មករា។

បច្ចុប្បន្ន ឧទ្ធម្ភាគ​ចក្រ​ដែល​បាន​ហោះ​ទៅ​កាន់​ភព​អង្គារ​អម​ជាមួយ​នឹង​រ៉ូបូត​ Perseverance កំពុង​ចត​លើ​ផ្ទៃ​នៃ​ភព​ក្រហម​នេះ ខណៈ​ក្រុម​ការ​ងារ​នៅ JPL នៅ​តែ​អាច​ទាក់​ទង​បាន​ជាមួយ​នឹង​ Ingenuity​។

រាល់​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​បេសកកម្ម​របស់ Ingenuity នឹង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុងការ​អភិវឌ្ឍ​យន្តហោះ​​សម្រាប់​ស្រាវជ្រាវ​ភព​អង្គារ​ និង​ភពដទៃ​នា​ពេល​អនាគត​៕

Advertisement