រូបភាព​ដំបូង​ៗ​របស់​យាន​អវកាស​ជប៉ុន​នៅ​លើ​ឋាន​ព្រះ​ចន្ទ

យាន​ចុះ​ចត​ SLIM បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​យ៉ាង​ត្រឹម​ត្រូវ​នៅ​លើ​ផ្ទៃ​នៃឋាន​ព្រះ​ចន្ទ​ និង​បាន​បញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី​ បើ​ទោះ​ជួប​បញ្ហា​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ និង​ត្រូវ​ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​។

អង្គការ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (JAXA) នា​ថ្ងៃ​នេះ​បាន​ប្រកាស​ថា យាន​ SLIM បាន​ចុះ​ចត​នៅ​ចម្ងាយ​ប្រហែល​ 55 ម៉ែត្រ​ប៉ុណ្ណោះ ពី​ទីតាំង​ដែល​បាន​កំណត់​ ព្រមទាំង​បាន​ប្រកាស​បង្ហាញ​រូប​ភាព​ដំបូង​ៗ​មួយ​ចំនួន​​ពី​បេសក​កម្ម​នេះ​។

ក្នុង​ចំណោម​រូប​ថត​ដំបូង​ៗ​ដែល JAXA បាន​ប្រកាស​ រូបដែល​ត្រូវ​បាន​ថត​ដោយកាមេរ៉ា SORA-Q បង្ហាញ​​ពី​ស្ថាន​ភាព​របស់ SLIM។ យាន​ចុះ​ចត​នេះ​នៅ​រក្សា​បាន​ទ្រង់​ទ្រាយ​ដើម​ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ពណ៌​ប្រផេះ និង​មាន​ដុំ​ថ្ម​ច្រើន​ ខណៈ​ឯនាយ​គឺជា​ជម្រាល​ភ្នំ​លើ​ឋាន​ព្រះ​ចន្ទ​។

«យោង​តាម​ការ​គណនា​បច្ចុប្បន្ន យើង​កំពុង​ត្រៀម​សម្រាប់​ការ​តភ្ជាប់​សកម្មភាព​របស់​យាន​ចុះ​ចត​នេះ​ប្រហែល​នៅ​ថ្ងៃទី 01 កុម្ភៈ» JAXA ឱ្យ​ដឹង​ដូច្នេះ​។

យាន​អវកាស​ SLIM ឬ​ហៅ​ថា Moon Sniper បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​វេលាម៉ោង​ 22 និង 20 នាទី ថ្ងៃទី 19 មករា 2024​ ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ធ្វើ​សកម្មភាព​នៅ​លើ​ទីឋាន​រណប​ធម្មជាតិ​របស់​ផែនដី​ បើ​ទោះ​ជួប​បញ្ហា​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ និង​ត្រូវ​ផ្អាក​ដំណើរ​ការ​ បន្ទាប់​ពីចុះ​ចត​​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​៕

Advertisement