យាន​អវកាស​ជប៉ុន អាច​នឹង​ឈប់​ដំណើរ​ការ​ ក្រោយ​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ

យាន​ស្រាវ​ជ្រាវ SLIM របស់​ប្រទេស​ជប៉ុន បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​នៅ​វេលាម៉ោង​ 21 និង 20 នាទី ថ្ងៃទី 19 មករា 2024 ប៉ុន្តែ​បញ្ហា​​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ដូច​ការ​គ្រោង​ទុក អាច​នាំ​ឱ្យ​យាននេះ​​ឈប់​ដំណើរ​ការ​ឆាប់​ៗ​ខាង​មុខ។

យាន​អវកាស​ស្វ័យប្រវត្ត SLIM របស់​អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA) បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 19 មករា ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ដែល​បាន​បញ្ជូន​យាន​ទៅ​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​រណប​ធម្មជាតិ​របស់​ផែនដី​។ យោង​តាម​ទំព័រ Space បណ្ដា​ប្រទេស​ដែល​ធ្លាប់​មាន​យាន​ស្រាវជ្រាវ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មុន​ជប៉ុន​ រួម​មាន អតីត​សូវៀត (រុស្ស៊ី) សហរដ្ឋ​អាម៉េរិក​ ប្រទេស​ចិន និង​ឥណ្ឌា​។

ផ្ទាំងសូឡា​​លើ​យាន​ SLIM របស់​ប្រទេស​ជប៉ុន ដែល​កំពុង​ស្ថិត​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ មិន​អាច​ផលិត​អគ្គិសនី​ដូច​ការ​​គ្រោង​ទុក​ បន្ទាប់​ពី​បាន​ចុះ​ចត​។ បើ​សិន​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ទាន់​ពេល​ SLIM អាច​នឹង​ត្រូវ​អស់​ថាមពល​ និង​ឈប់​ដំណើរ​ការ​ជា​រៀង​រហូត​ ដោយ​សារ​តែ​ប្រព័ន្ធ​ថ្មផ្ទុក​ថាមពល​​​អាច​ជួយ​ឱ្យ​វា​ដំណើរ​ការ​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

SLIM (Smart Lander for Investigating Moon) ត្រូវ​បាន​បាញ់​បង្ហោះ​ជាមួយ​នឹង​កែវ​យឹត​អវកាស​ XRISM។ XRISM ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ បន្ទាប់​ពី​​ត្រូវ​បាន​បាញ់បង្ហោះ​ ខណៈដែល​ SLIM បន្ត​ហោះ​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។ SLIM បាន​ហោះ​ទៅ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​។

យាន​អវកាស​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ចុះ​ចត​នៅ​វេលា​ម៉ោង​ 21 នៃ​ថ្ងៃទី 19 មករា 2024 ម៉ោង​នៅ​កម្ពុជា​ ហើយ 20 នាទី​ក្រោយ​មក វា​ក៏​​​បានចុះ​ចតលើ​​ផ្ទៃ​ព្រះចន្ទ​ដោយជោគ​ជ័យ​៕

Advertisement