Hyundai បង្ហាញ​តាក់ស៊ីហោះ 193 គីឡូម៉ែត្រ​/ម៉ោង អាច​ហោះឡើង-ចុះ​ចត​ដូច​ឧទ្ធម្ភាគ​ចក្រ

​តាក់ស៊ីហោះគំរូ​​ថ្មី​របស់​ក្រុម​ហ៊ុន​កូរ៉េខាងត្បូង​ Hyundai ដែល​ហោះឡើង​ និង​ចុះ​ចត​បែប​បញ្ឈរ​ត្រង់ ដំណើរ​ការ​បាន​ស្រួល​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឧទ្ធម្ភាគ​ចក្រ​ និង​​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ពី​ 40 ទៅ 64 គីឡូម៉ែត្រ​ ក្នុង​ល្បឿន​193 គីឡូម៉ែត្រ​/ម៉ោង​។

តាក់ស៊ី​ហោះ​ឡើង​ ចុះ​ចត​បញ្ឈរ​ត្រង់​ដែល​ប្រើ​ប្រាស់​អគ្គិសនី​​ (eVTOL) មាន​កៅអីចំនួន​បួន​ និង​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន Supernal របស់ Hyundai ឈ្មោះ SA-2 នេះ នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2028​ បន្ទាប់​ពី​បាន​ហោះ​ហើរ​សាកល្បង​នៅ​ចុង​ឆ្នាំ​ 2024​។ នេះ​បើ​តាម​ការ​ផ្សាយកាល​ពី​ថ្ងៃទី 22 មករា របស់​ Live Science ដែល​បាន​ដក​ស្រង់​សម្ដី​​របស់​តំណាង​នៃក្រុម​ហ៊ុន Hyundai ដែល​បាន​ឱ្យដឹង​នៅ​ក្នុង​ពិព័រណ៍​អេឡេចត្រូនិច​ CES 2024​ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

SA-2 ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​អាច​ហោះ​ធម្មតា​ក្នុង​ល្បឿន​ 193 គីឡូម៉ែត្រ​/ម៉ោង​ នៅ​លើ​កម្ពស់ 457 ម៉ែត្រ និង​បញ្ចប់​ជើង​ហោះ​ហើរ​ពី​ 40 ទៅ 64 គីឡូម៉ែត្រ​។ យោង​តាម​អាជ្ញាធរ​គ្រប់គ្រង​អាកាស​ចរណ៍សហរដ្ឋ​អាម៉េរិក​ (FAA) តាក់ស៊ី​ហោះ​នេះបញ្ចេញ​សំឡេង​រំខាន​តិច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ឧទ្ធម្ភាគ​ចក្រ​។

បច្ចុប្បន្ន Supernal កំពុង​រៀប​គម្រោង​សម្រាប់​ការ​ហោះ​ហើរ​សាកល្បងនៅ​ចុង​ឆ្នាំ​នេះ​។ ក្រុម​ហ៊ុន​ក៏​មាន​គម្រោង​ដាក់​ឯកសារ​ជូន​ FAA ក្នុង​ឆ្នាំ 2024​ មុន​ពេល​ស្នើ​សុំច្បាប់​ហោះ​ហើរ​ពិសេស​នៅ​ឆ្នាំ 2025​ ខណៈ​ការ​ធ្វើ​តេស្ត​លម្អិត​បំផុត​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ 2027​។ Hyundai មាន​គោល​ដៅ​ផលិត​ SA-2 នៅ​ឆ្នាំ 2028 ប៉ុន្តែ​ការ​ទិញ​ដូរ និង​ប្រើប្រាស់​យន្តហោះ​អគ្គិសនី​នេះ​ក៏​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ច្បាប់​​ស្ដី​ពី eVTOL ផងដែរ​៕

Advertisement