រុស្ស៊ី​បរាជ័យ​ក្នុង​បេសកកម្ម​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ

បេសកកម្ម​ព្រះច​ន្ទ​ដំបូង​របស់​ប្រទេស​រុស្ស៊ីក្រោយ​រយៈ​ពេល 47 ឆ្នាំ​​ បាន​ទទួល​បរាជ័យ​ ​ពេល​យាន​ Luna-25 បាត់​បង់​ការ​គ្រប់​គ្រង​ក្នុងគ្រា​ចុះ​ចត និង​បាន​ធ្លាក់​បុក​ផ្ទៃ​ព្រះចន្ទ​។

យោង​តាម​សារព័ត៌មាន Reuters ទីភ្នាក់​ងារ​អវកាស​រុស្ស៊ី Roscosmos ប្រកាស​ថា បាន​ដាច់​ទំនាក់​ទំនង​ជា​មួយ​នឹង​យាន​ Luna-25 វេលា​ម៉ោង​ 18 និង 57 នាទី ថ្ងៃ​ទី 19 សីហា 2023 (ម៉ោង​នៅ​កម្ពុជា) ពេល​យាន​នេះ​ជួប​បញ្ហា​ពេល​ឆ្ពោះ​ទៅ​កាន់​គន្លង​គោចរ មុន​ពេល​ចុះ​ចត​​លើ​ឋាន​ព្រះចន្ទ។ តាម​គម្រោង Luna-25 នឹង​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 21 សីហា​នេះ​។ «យាន​អវកាស​ហោះ​ហើរ​ក្នុង​គន្លង​គោចរ​ដែល​មិន​អាច​ស្មាន​ត្រូវ​ និង​ឈប់​ដំណើរ​ការ​ដោយ​សារ​តែប៉ះ​ទង្គិច​នឹង​ផ្ទៃ​ព្រះ​ចន្ទ» Roscosmos ឱ្យ​ដឹង​ដូច្នេះ​។

Roscosmos បាន​បង្កើត​គណៈកម្មការផ្ទៃ​ក្នុង​ពិសេស​មួយ​ដើម្បី​​ស៊ើប​អង្កេត​រក​មូលហេតុ​នៅ​ពី​ក្រោយ​បរាជ័យ​របស់​យាន Luna-25 ដែល​ជា​បេសកកម្ម​វិល​ត្រលប់​មក​ប្រកួត​ប្រជែង​លើ​ឋាន​ព្រះចន្ទ​។ បរាជ័យ​នេះ​បាន​បង្ហាញ​នូវ​ជំហាន​ថយ​ក្រោយ​របស់​រុស្ស៊ី រាប់​ចាប់​ពី​សង្គ្រាម​ត្រជាក់​ ដែល​កាលនោះ​​ សូវៀត (រុស្ស៊ីបច្ចុប្បន្ន) បាន​ក្លាយ​ជា​ប្រទេស​​ដំបូង​គេ​ដែល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Sputnik 1 ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​​ផែនដី​ក្នុង​ឆ្នាំ 1957 និង​អ្នក​អវកាស​ Yuri Gagarin បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ហោះ​ទៅ​កាន់​ទីអវកាស​ក្នុង​ឆ្នាំ 1961​។ Luna-25 គឺជា​បេសក​កម្ម​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ដំបូង​របស់​រុស្ស៊ី បន្ទាប់​ពី​ Luna-24 ក្នុង​ឆ្នាំ 1976​។

យាន​ Chandrayaan-3 របស់​ឥណ្ឌា

រុស្ស៊ី​កំពុង​រត់​ប្រណាំង​ជាមួយ​នឹង​ឥណ្ឌា ជាប្រទេស​ដែល​បាន​បាញ់​បញ្ជូន​យាន​អវកាស​ទៅ​កាន់​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​។ តាម​គម្រោង​របស់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) យាន​ Chandrayaan-3 នឹង​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 23 សីហា​ខាងមុខ​។

យាន​ Luna-25 បាន​ចាក​ចេញ​ពី​គន្លង​តារាវិថី​ផែនដី​ដោយ​ជោគ​ជ័យ​ ប៉ុន្តែ​បរាជ័យ​របស់​វា​មាន​ន័យ​ថា រុស្ស៊ី​អាច​នឹង​មិន​មែន​ជា​ប្រទេស​ដំបូង​គេ​ដែល​យក​បាន​សំណាក​ទឹកកក​នៅ​តំបន់​ប៉ូល​របស់​ព្រះ​ចន្ទ​៕

Advertisement