ក្រុមហ៊ុន​របស់ Elon Musk ទទួលបាន​សិទ្ធិ «បំពាក់​ឈី​បបញ្ជា​រាង​កាយ​​ក្នុង​ខួរក្បាល​មនុស្ស»

លោក​ Elon Musk

(សហរដ្ឋ​អាម៉េរិក) – ឈី​ប​ខួរក្បាល​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការពិសោធ​លើ​មនុស្ស ក្រោយ​ការធ្វើ​តេស្ត​​ជាច្រើន​លើក​​នៅលើ​សត្វ។

ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) បានផ្ដល់​វិញ្ញាបនបត្រ​ឱ្យ​ក្រុមហ៊ុន Neuralink ដើម្បី​ធ្វើការ​ពិសោធ​ដំបូង​នៅលើ​មនុស្ស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 02 មិថុនា របស់ Live Science។ Neuralink កំពុង​ឆ្ពោះទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​អន្តរ​កម្ម​ខួរក្បាល-កុំព្យូទ័រ ដែល​ហៅ​ថា BCI (brain-computer interface) ដើម្បី​ស្ដារ​​ពិការភាព​របស់​មនុស្ស។ លោក Musk អះអាងថា ឧបករណ៍​ដែល​បំពាក់​ក្នុង​ខួរក្បាល​នេះ​ក៏​អាចជួយ​ស្ដារ​បញ្ហា​ចក្ខុវិញ្ញាណ​ផងដែរ។

Neuron ឬ​កោសិកា​សរសៃវិញ្ញាណ ទាក់ទង​គ្នា​តាមរយៈ​រលកសញ្ញា​អគ្គិសនី​ដើម្បី​ចាត់ចែង​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​មនុស្ស។ ឈិ​ប​ខួរក្បាល​របស់ Neuralink ដំណើរការ​តាមរយៈ​ការបកស្រាយ​រលកសញ្ញា​អគ្គិសនី និង​បញ្ជូន​ព័ត៌មាន​ដែល​បាន «បិទ​សោ» ទៅកាន់​កុំព្យូទ័រ​ដោយ​ប្រើ Bluetooth។ កុំព្យូទ័រ​នឹង​វិភាគ​ព័ត៌មាន​ដែល​ទទួលបាន ហើយ​ឆ្លើយតប​ដោយ​ការផ្ញើ​រលកសញ្ញា​ឱ្យ​រាងកាយ ដាស់​សរសៃវិញ្ញាណ និង​សាច់ដុំ ដើម្បី​បញ្ជា​​សកម្មភាព។

ដំណើរការនៃបច្ចេកវិទ្យាអន្តរកម្មខួរក្បាល-កុំព្យូទ័រ ដែលហៅថា BCI (brain-computer interface)

ឈី​ប​ខួរក្បាល​របស់ Neuralink ត្រូវបាន​បំពាក់​ក្នុង​ក្បាលមនុស្ស​តាមរយៈ​រន្ធ​តូច​មួយ​នៅលើ​លលាដ៍ក្បាល​ដែលបាន​ចោះ​​​​ដោយ​រ៉ូ​បូត​វះកាត់​ស្វ័យ​ប្រវត្ត​ ហើយ​បន្ទាប់មក អេឡិចត្រូត​របស់​ឈី​ប​នេះ​នឹង​​ត្រូវបាន​បំពាក់​ក្នុង​ជម្រៅ​តែ​ប៉ុន្មាន​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​នៅលើ​ស្រទាប់​ក្រៅ​បង្អស់​របស់​ខួរក្បាល។ ដំណើរការ​វះកាត់​បំពាក់​ឈី​ប​​ខួរក្បាល​នេះ ចំណាយពេល 30 នាទី ដោយ​មិនបាច់​ចាក់​ថ្នាំ​សន្លប់៕

Advertisement