មហា​សេដ្ឋី​ Elon Musk រកបាន CEO ថ្មី សម្រាប់ Twitter

អ្នកស្រី Linda Yaccarino (ស្ដាំ) និងលោក Elon Musk

មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បានឱ្យដឹងថា រកបាន​មនុស្ស​សម្រាប់​តំណែង​នាយក​ប្រតិបត្តិ​របស់​ Twitter ហើយ​មនុស្ស​ថ្មី​នេះ​នឹង​ចូលមក​ដឹកនាំ​បណ្ដាញ​សង្គម​នេះ​ នា​ពេល​ឆាប់​ៗ​។

«រីករាយ​ប្រកាសថា ខ្ញុំ​បានជ្រើសរើស CEO ថ្មី​សម្រាប់ X/Twitter។ គាត់​នឹង​ចាប់ផ្ដើម​ធ្វើការ​ក្រោយ​រយៈពេល​ប្រហែល 6 សប្ដាហ៍​ទៀត។ ខ្ញុំ​នឹង​ងាក​ទៅ​បំពេញ​តួនាទី​ជា​ប្រធាន និង CTO (Chief Technology Officer) ដែល​គ្រប់គ្រង​ផលិតផល សប​វ៉ែ និង​ប្រព័ន្ធ» លោក Elon Musk សរសេរ​លើ Twitter ដូច្នេះ។

លោក Musk មិនទាន់​បង្ហើប​ឱ្យ​ដឹង​ថា CEO ថ្មី​នេះ​ជា​អ្នកណា ប៉ុន្តែ បើ​យោងតាម​ទំព័រ Wall Street Journal នាយក​ប្រតិបត្តិ​ថ្មី​នេះ​អាចជា Linda Yaccarino ប្រធាន​ផ្នែក​ទំនាក់ទំនង​ភាពជា​ដៃគូ​សហការ និង​ផ្សព្វផ្សាយ​សាកល​របស់ NBCUniversal ដែលជា​ក្រុមហ៊ុន​កំសាន្ត និង​ផ្សព្វផ្សាយ ជា​កម្មសិទ្ធិ​របស់ Comcast មាន​ទីស្នាក់ការ​កណ្ដាល​នៅ New York សហរដ្ឋ​អាម៉េរិក។

មុន​នោះ Business Insider ដកស្រង់​ប្រភពព័ត៌មាន​ក្នុង​វិស័យប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឱ្យដឹងថា Yaccarino មានបំណង​ក្លាយជា CEO របស់ Twitter ។ អ្នកស្រី​ក៏ត្រូវ​បាន​គេ​ដឹងថា បាន​និយាយ​រឿងនេះ​ប្រាប់​មិត្តភក្ដិ​មួយចំនួន​ផងដែរ។

អ្នក​ស្រី Linda Yaccarino

ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​អ្នកស្រី Yaccarino ភាគី​ខាង Twitter ក៏ដូចជា​លោក Musk មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ។

ក្រៅពីអ្នកស្រី Yaccarino តំណែង CEO របស់ Twitter នេះ​ក៏​អាច​ធ្លាក់​ទៅលើ​ដៃ Ella Irwin ដែល​បច្ចុប្បន្នកំពុង​​ដឹកនាំ​ផ្នែក​គ្រប់គ្រង​ទំនុកចិត្ត និង​សុវត្ថិភាព​របស់ Twitter។ ក៏ប៉ុន្តែ ចំណាប់អារម្មណ៍​របស់​សាធារណជន កំពុង​ផ្ដោត​ខ្លាំង​ទៅលើ អ្នកស្រី Yaccarino៕

Advertisement