ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

ក្រុមអ្នកជំនាញចាប់ផ្ដើមមានការព្រួយបារម្ភថា ការងាររបស់មនុស្សនឹងត្រូវបាត់បង់ដោយសារ AI

Arvind Krishna អគ្គនាយក​ប្រតិបត្តិ​របស់ IBM បានឱ្យដឹងថា បណ្ដា​ការងារ​ជួយ​ដល់​ការិយាល័យ​ដូចជា​ការគ្រប់គ្រង​ធនធានមនុស្ស​ជាដើម​នឹងត្រូវ​បាន​ជំនួស​ដោយ​បញ្ញា​និម្មិត (AI)។

លោក Krishna បាន​ប្រាប់ Bloomberg ថា ក្រុមហ៊ុន IBM នឹង​ឈប់​ជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​ទាំងឡាយណា​ដែល​ពួកគេ​យល់ថា​អាច​ជំនួស​ដោយ AI នៅពេល​ខាងមុខ។ ក្រុមការងារ​ដែល​នឹងត្រូវ​ឈប់​ជ្រើសរើស និង​ធ្វើការ​ផ្លាស់ប្ដូរ​ដំបូង​គេ​គឺ​ក្រុម​ជំនួយ​ការ​នៅ​ការិយាល័យ​ដែលមាន​ដូចជា​បុគ្គលិក​គ្រប់គ្រង​ធនធានមនុស្ស​ជាដើម។

យោងតាម​លោក Krishna នៅក្នុង​ក្រុមហ៊ុន IBM ​តំណែង​នានា​​ដែល​មិន​ធ្វើការ​ផ្ទាល់​ជាមួយ​អតិថិជន ​មាន​ប្រហែល 26,000 នាក់។ «ក្នុង​ប្រាំ​ឆ្នាំ​ទៀត មាន​ប្រហែល 30% ក្នុង​ក្រុម​នេះ​នឹងត្រូវ​ជំនួស​ដោយ AI និង​ប្រព័ន្ធ​ស្វ័យប្រវត្ត ដែល​​ស្មើនឹង 7,800 នាក់ ​ត្រូវ​បាត់បង់​ការងារ» លោក Krishna ប​ន្ធែ​ម​ដូច្នេះ។

អ្នកនាំពាក្យ​របស់ IBM អះអាងថា ការកាត់បន្ថយ​បុគ្គលិក​នេះ​នឹងមិន​ប៉ះពាល់​ច្រើន​ដល់​សកម្មភាព និង​គុណភាព​ផលិតផល​របស់​ក្រុមហ៊ុន។

បច្ចុប្បន្ន IBM មាន​បុគ្គលិក 260,000 នាក់ និង​បន្ត​ជ្រើសរើស​សម្រាប់​តំណែង​ទាក់ទង​នឹង​សប​វ៉ែ​រ និង​តំណែង​ដែល​ធ្វើការ​ជាមួយ​អតិថិជន។ ដើមឆ្នាំ​នេះ IBM បាន​បញ្ឈប់​បុគ្គលិក 5,000 នាក់ ប៉ុន្តែ​បានជ្រើសរើស 7,000 នាក់​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ។

នៅពេល​ឧបករណ៍​បញ្ញា​និម្មិត​កាន់តែ​រីកចម្រើន និង​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នៅក្នុង​ការងារ​ដែល​មិន​ទាមទារ​ឱ្យមាន​ជំនាញ​ខ្ពស់ ក្រុម​​អ្នកជំនាញ​ចាប់ផ្ដើម​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ទីផ្សារការងារ​បែប​បុរាណ​ត្រូវបាន​បំផ្លាញ។ មនុស្ស​ជាច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​មួយចំនួន​មាន​ដូចជា ការងារ​និពន្ធ ការងារ​គូររូប​ជាដើម ​បាន​ប្រាប់ថា ប្រាក់ចំណូល​របស់​ពួកគេ​បាន​ថយចុះ​ពាក់កណ្ដាល​ចាប់តាំងពី​បណ្ដា​រូបមន្ត AI ត្រូវបាន​ណែនាំ​ដល់​សាធារណជន៕

Advertisement