គម្រោង​​ស្ដីពី​ព្រលានយន្តហោះ​សម្រាប់​តាក់ស៊ី​ហោះ​អគ្គិសនី​​នៅ​ឌូ​បៃ

ក្រុមហ៊ុន​ស្ថាបត្យកម្ម​ល្បីឈ្មោះ​របស់​អង់គ្លេស Foster + Partners បានលើកឡើង​គំនិត​ស្ដីពី​រចនាសម្ព័ន្ធ​យន្តហោះ​ថ្មី​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ដែល​ហោះ​ឡើង និង​ចុះចត​បញ្ឈរ​ត្រង់។

ក្រុមហ៊ុន​ខាងលើ​បានឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​នេះ​នឹង​ត​ភ្ជាប់​បណ្ដា​ទីតាំងល្បីៗរបស់​ឌូ​បៃ និង​ផ្ដល់​សេវាកម្ម​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន មិន​បញ្ចេញ​ឧស្ម័ន​ពុល។ ស្ថាបត្យកម្ម​នេះ​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​កិច្ចសហការ​របស់​ក្រុមហ៊ុន Skyports Infrastructure ហើយ​ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid AI Maktoum ដែលជា​ព្រះរាជា​របស់​រាជាណាចក្រ​ឌូ​បៃ នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏បាន​អនុម័ត​រួចរាល់។ ព្រលានយន្តហោះ​ថ្មី​នេះ តាម​គម្រោង​នឹង​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ឌូ​បៃ (DXB) ដែល​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អាកាសយានដ្ឋាន​បច្ចុប្បន្ន ក៏ដូចជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​នានា។

គំនូរ​ប្លង់​បង្ហាញថា ព្រលានយន្តហោះ​នេះ​ស្ថិតលើ​ផ្ទៃរាប​នៅ​ទី​ខ្ពស់ បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ការហោះ​ឡើង និង​ចុះចត។ អគារ​នានា​ស្ថិតនៅ​ជុំវិញ​ព្រលានយន្តហោះ​ដែល​ត​ភ្ជាប់​ជាមួយនឹង​បន្ទប់​រង់ចាំ​សម្រាប់​​អ្នកដំណើរ ព្រមទាំង​អាចឱ្យ​អ្នកដំណើរ​មើលឃើញ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​របស់​បណ្ដា​យន្តហោះ និង​ទីក្រុង​ទាំងមូល។ Foster + Partners ក៏​ជ្រើសរើស​ពណ៌​យ៉ាង​សម​ស្រប​ និង​វត្ថុ​ធាតុ​ធម្មជាតិ​សម្រាប់​ផ្នែក​ខាងក្នុង​អាកាសយានដ្ឋាន បង្កើតបានជា​បរិយាកាស​ធូរស្រាល និង​បរិស្ថាន​ស្និទ្ធស្នាល​នឹង​ធម្មជាតិ។

កាលពី​ខែកុម្ភៈ ក្សត្រា​របស់​រាជាណាចក្រ​ឌូ​បៃ បានប្រកាសថា ស្ថានីយ​តាក់ស៊ី​ហោះ​ទាំងឡាយ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ឌូ​បៃ បន្ទាប់​ពី​​រយៈពេល​បី​ឆ្នាំ​ទៀត​។

ឌូ​បៃ​បាន​រៀប​ផែនការ​សម្រាប់​សេវាកម្ម​តាក់ស៊ី​ហោះ​មិន​បំភាយ​ឧស្ម័ន​ពុល​​តាំងពី​យូរ​មកហើយ និង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​បណ្ដា​ក្រុម​ហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អត្តរ​ជាតិ​ផងដែរ ពិសេស​គឺ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន៕

Advertisement