វត្ថុ​ធាតុ​​ចម្លង​កម្រិត​ខ្ពស់​​ជួយ​រុញ​ច្រាន​​រថយន្ត​​ឱ្យ​បរ​​ក្នុង​ល្បឿន​ជាង 600 គីឡូម៉ែត្រ/ម៉ោង

រូបភាពស្ដីពីបណ្ដាញផ្លូវដែលបំពាក់ប្រព័ន្ធវត្ថុធាតុចម្លងកម្រិតខ្ពស់ (superconductor) ដែលជួយរុញច្រានរថយន្តបរក្នុងល្បឿនជាង 600 គីឡូម៉ែត្រ/ម៉ោង

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Houston សហរដ្ឋ​អាម៉េរិក ស្នើឱ្យ​ប្រើប្រាស់​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​ដើម្បី​រុញច្រាន​រថយន្ត​ដឹក​អ្នកដំណើរ និង​ទំនិញ ឱ្យ​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បំពាក់​ក្នុង​​ផ្លូវ​ល្បឿន​លឿន​នាបច្ចុប្បន្ន។

គំនិត​ដែល​លើកឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ មិន​ត្រឹម​តែមាន​សក្ដានុពល​ក្នុងការ​កាត់បន្ថយ​ការចំណាយ​លើ​ដំណើរ​ការ​​របស់​ប្រព័ន្ធនីមួយៗនោះ​តែ តែ​ថែមទាំង​ផ្លាស់ប្ដូរ​វិធី​រក្សាទុក និង​ការ​​ដឹកជញ្ជូន​អ៊ីដ្រូសែន​រាវ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភព​ថាមពល​ស្អាត​សំខាន់​មួយ​ក្នុង​អនាគត។ អ៊ីដ្រូសែន​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្ដៅ​បណ្ដាញ​ដែល​ស្ថាបនា​ពី​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់ កាត់បន្ថយ​តម្រូវការ​ស្ថាបនា​បណ្ដាញ​លូ​ពិសេស​សម្រាប់​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​បាន​រហូតដល់ -253.3 អង្សា​សេ។ សំណើ​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី APL Energy និង​ត្រូវបាន​ទំព័រ Interesting Engineering ផ្សាយ​បន្ត​កាលពី​ថ្ងៃទី 25 មេសា 2023។

ការភ្ជាប់​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​ (superconductor) ​ទៅក្នុង​ផ្លូវ​ល្បឿន​លឿន​នាបច្ចុប្បន្ន និង​ការ​បន្ថែម​មេដែក​ទៅក្នុង​រថយន្ត​ នឹង​ជួយ​លុបបំបាត់​តម្រូវការ​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​នៅលើ​រថយន្ត។ រូបមន្ត​នេះ​គឺ​យោងទៅលើ​អ៊ីដ្រូសែន​ដើម្បី​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់ ​នៅពេល​រថយន្ត​ផ្លាស់​ទី​តាម​បណ្ដោយ​ប្រព័ន្ធ​នេះ។

បច្ចេកវិទ្យា​វត្ថុធាតុ​ចម្លង​កម្រិត​ខ្ពស់ (Superconductivity​) កំពុង​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ ព្រោះ​វា​ជួយ​ឱ្យ​វត្ថុ​មួយ​អាច​អណ្ដែត​ខ្លួន​ក្នុង​បរិយាកាស

យោងតាម​ក្រុម​អ្នកស្រាវជ្រាវ នៅ​ពេល​មធ្យោបាយ​ដឹកជញ្ជូន​ដែលមាន​គ្រោងឆ្អឹង​បំពាក់​​ម៉ាញ៉េ​ទិច​ ចូល​ដល់​​​បណ្ដាញ​ផ្លូវ​ទំនើប​នេះ វា​​នឹង​អណ្ដែត និង​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​ ឆ្ពោះ​ទៅកាន់​គោលដៅ។ បន្ទាប់ពី​មធ្យោបាយ​ដឹកជញ្ជូន​បាន​ចាក​ចេញពី​ផ្លូវ​ទំនើប​នេះ វា​នឹងធ្វើ​ដំណើរ​តាមបែប​ធម្មតា ដូច​ទៅ​នឹង​រថយន្ត​បច្ចុប្បន្ន​។

ប្រព័ន្ធ​បែបនេះ​អាចធ្វើឱ្យ​ចរាចរណ៍​ផ្លូវអាកាស និង​ការដឹកជញ្ជូន​ទំនិញ​ដូច​សព្វថ្ងៃ​ ក្លាយជា​រឿង​ហួស​សម័យ ព្រោះថា វា​អនុញ្ញាតឱ្យ​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម ផ្លាស់​ទី​ក្នុង​ល្បឿន 645 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​លឿន​ជាង​នេះ​ទ្វេដង។ នេះ​បើតាម Zhifeng Ren ប្រធាន​មជ្ឈមណ្ឌល​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​នៅ​រដ្ឋ Texas សហរដ្ឋ​អាម៉េរិក។

រថភ្លើងល្បឿនលឿនទំនើបដែលបំពាក់បច្ចេកវិទ្យា Maglev នេះ ក៏ប្រើបច្ចេកវិទ្យា Superconductivity

ប្រព័ន្ធ​ខាងលើ​ក៏នឹង​ចូល​រួម​​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ ឬ​អគ្គិសនី​បាន​យ៉ាងច្រើន​ផងដែរ។ ទន្ទឹមនឹងនេះ រថយន្ត​ដែល​បរ​លើ​ប្រព័ន្ធ​នេះ​ក៏​ជួយ​កាត់បន្ថយ​ការចំណាយ និង​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិស្ថាន៕

Advertisement