ស្រឡាង​អគ្គិសនី​ដឹក​អ្នកដំណើរដោយ​​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក

(ស៊ុយអែត) – ស្តុក​ខុល​បានក្លាយ​ជាទី​ក្រុង​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​ដឹក​អ្នកដំណើរ​បែប​ពាណិជ្ជកម្ម​ស្វ័យប្រវត្ត​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី។

ម៉ូ​ដែល​ស្រឡាង​មាន​ដងខ្លួន​ពីរ​ដែល​អាចដាក់​មនុស្ស​បាន 25 នាក់​នេះ​នឹងធ្វើ​សកម្មភាព​រវាង​បណ្ដា​កោះ Kungsholmen និង Soder Mellarstrand នៅ​រដ្ឋធានី​ស្តុក​ខុល ​ក្នុង​រយៈពេល 15 ម៉ោងជាប់ៗគ្នា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ខែមិថុនា 2023។ នេះ​បើតាម​គេហទំព័រ Zeam។

ស្រឡាង​ទំនើប​នេះ​ស្ថិតក្នុង​គម្រោង​បង្កើតឱ្យមាន​មធ្យោបាយ​ធ្វើដំណើរ​ដែលមាន​ស្ថិរភាព​ក្នុង​ទីក្រុង និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន​ជាង​មុន​។ គម្រោង​ដែល​បានចាប់ផ្ដើម​នៅឯ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ន័​រ​វែ​ស (NTNU) នៅ Trondheim នេះ បាន​នាំឱ្យមាន​វត្តមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Zeabuz។ Zeabuz ផ្គត់ផ្គង់​ប្រព័ន្ធ​ស្វ័យប្រវត្ត​សម្រាប់​ស្រឡាង​ដឹក​អ្នកដំណើរ។

ដំណើរការ​របស់​ស្រឡាង​ប្រវែង 12 ម៉ែត្រនេះ ​នឹង​ត្រូវបាន​តាមដាន​ពី​បន្ទប់​គ្រប់​គ្រង​នៅលើ​ដីគោក។ ស្រឡាង​នេះ​មាន​ដំបូល និង​ច្រក​ឡើង​ចុះ​នៅខាងមុខ និង​ខាងក្រោយ។ មធ្យោបាយ​ធ្វើដំណើរ​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Brodrene Aa ដែលមាន​វត្តមាន​តាំងពី​ឆ្នាំ 1947។

គម្រោង​ស្រឡាង​អគ្គិសនី​ស្វ័យប្រវត្ត​របស់​ស៊ុយអែត នឹង​ជួយ​ជំរុញ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក និង​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល៕

Advertisement