រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត​​លើ​លោក​ផ្ទុះឆេះ​​ក្នុងការ​ហោះ​ហើរ​​លើកដំបូង ប៉ុន្តែ​បុគ្គលិក​ក្រុម​ហ៊ុន​នៅ​តែ​សប្បាយ​ចិត្ត

(សហរដ្ឋ​អាម៉េរិក) – រ៉ុក្កែត Starship បាន​ផ្ទុះ​នៅលើ​អាកាស​រដ្ឋ Texas បន្ទាប់ពី​ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​ទម្រ​នៅក្នុង​ការសាកល្បង​ហោះហើរ​ជា​លើកដំបូង។

រ៉ុក្កែត​ដែលមាន​កម្លាំង​ខ្លាំងជាងគេ​បង្អស់របស់​ពិភពលោក បាន​ហោះ​ឡើង​ពី​មូលដ្ឋាន Starbase របស់​ក្រុមហ៊ុន SpaceX នៅឯ​ឆ្នេរសមុទ្រ Boca Chica ភាគខាងត្បូង​រដ្ឋ Texas កាលពី​ម៉ោង 09 និង 33 នាទី ថ្ងៃទី 20 មេសា ត្រូវ​នឹង​ម៉ោង 21 និង 33 នាទី ថ្ងៃទី 20 មេសា​នៅ​ភ្នំពេញ។

Starship ដែលមាន​កម្ពស់ 120 ម៉ែត្រ ត្រូវបាន​បាញ់​ឡើងទៅ​កាន់​គន្លង​គោចរ​បន្ទាប់ពី​ម៉ាស៊ីន Raptor 33 គ្រឿង​នៅ​កំណាត់​ដំបូង​ត្រូវបាន​បញ្ឆេះ។ តាម​គម្រោង កំណាត់​លើ​ដែលមាន​កម្ពស់ 50 ម៉ែត្រ​របស់ Starship នឹង​ផ្ដាច់ខ្លួន​ពី​រ៉ុក្កែត Super Heavy ដែល​នៅ​កំណាត់​ដំបូង ​ប្រហែល​បី​នាទី​ក្រោយពី​បាន​ហោះ​ឡើង ប៉ុន្តែ​វា​មិនអាច​ផ្ដាច់ខ្លួន​បាន។ រ៉ុក្កែត និង​យាន Starship នៅតែ​ជាប់​គ្នា និង​ចាប់ផ្ដើម​ក្រឡាប់​ផ្ដា​ប់​ផ្ងារ ហើយក៏​ផ្ទុះ​នៅក្នុង​នាទី​ទី​បួន​ក្រោយ​ការបាញ់​បង្ហោះ។

ទោះជា​យ៉ាងណាក៏ដោយ បុគ្គលិក​របស់ SpaceX ដែល​ប្រមូល​ផ្ដុំគ្នា​នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់ SpaceX នៅ Hawthorne រដ្ឋ California ដើម្បី​តាមដាន​ការបាញ់​បង្ហោះ នាំគ្នា​ស្រែក​ហ៊ោ​អបអរ​នូវ​អ្វីដែល​ពួកគេ​សម្រេចបាន​ក្រោយ​ការបាញ់​បង្ហោះ​លើកដំបូង។ យោងតាម SpaceX រ៉ុក្កែត និង​យាន​បាន​ហោះ​ឡើងដល់​កម្ពស់​ប្រហែល 39 គីឡូម៉ែត្រ។ នេះ​គឺជា​ការប្រឹងប្រែង​លើក​ទី​ពីរ​ក្នុង​ការបាញ់​បង្ហោះ Starship។ ការធ្វើ​តេស្ត​លើកដំបូង​កាលពី​ថ្ងៃទី 17 មេសា ត្រូវបាន​បញ្ចប់ភ្លាមៗដោយសារ​តែមាន​ឧបករណ៍​ខ្លះ​ត្រូវ​ត្រជាក់​ដល់​​កក។

យោងតាម​ផែនការ​នៃ​ការបាញ់​បង្ហោះ​កាលពី​ម្សិលមិញ Super Heavy នឹង​វិល​មក​ចុះចត​លើ​ផែនដី​ប្រហែល 8 នាទី​ក្រោយពី​បាន​បាញ់​បង្ហោះ។ ចំណែក​កំណាត់​លើ​នឹង​បញ្ឆេះ​ម៉ាស៊ីន Raptor 6 គ្រឿង​ដើម្បី​ផ្ដាច់ខ្លួន និង​ហោះ​ជុំវិញ​ផែនដី។ គោលដៅ​របស់ SpaceX គឺ​ការនាំយក Starship ឡើងដល់​កម្ពស់ 233 គីឡូ​ម៉ែ​ត្រ ហើយ​ក្រោយមក​នឹង​ចុះចត​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក មិន​ឆ្ងាយ​ពី​កោះ Kauai របស់ Hawaii ក្រោយពី​​ហោះ​ឡើង​បាន​ប្រហែល 90 នាទី។

ក៏ប៉ុន្តែ SpaceX មិនបាន​រំពឹងថា គ្រប់យ៉ាង​នឹង​ដំណើរការ​ទៅដោយ​រលូន។ រ៉ុក្កែត​ថ្មី​តែងតែ​បរាជ័យ​ក្នុងការ​ហោះហើរ​លើកដំបូង។ យោងតាម​តំណាង​ក្រុមហ៊ុន SpaceX ការសាកល្បង​កាលពី​ថ្ងៃទី 20 មេសា គឺ​ដើម្បី​ប្រមូល​ទិន្នន័យ និងសកម្ម​ភាព​​ប្រតិកម្ម​ចំពោះ​រាល់​បញ្ហា​ដែល​កើតឡើង។

Starship រួមមាន​រ៉ុក្កែត​រុញច្រាន​នៅ​កំណាត់​ដំបូង​ដែលមាន​ឈ្មោះថា Super Heavy និង​កំណាត់​ទី​ពីរ​ក៏មាន​ឈ្មោះថា Starship។ យាន​ទាំងនេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ទាំងស្រុង ដែល​នេះ​ជា​គន្លឹះ​សំខាន់​សម្រាប់​ការហោះហើរ​ទៅកាន់​ពិភព​ព្រះ​អង្គារ​នាពេល​អនាគត៕

Advertisement