រ៉ូ​បូត យក​សំណាក​វីរុស COVID-19 ស្វ័យប្រវត្ត​ដំបូង​គេ ក្នុង​ពិភពលោក (វីដេអូ)

(ប្រទេស​ចិន)-មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង Shenzhen បង្ហាញ រ៉ូ​បូត ដែល​បំពាក់​បច្ចេកវិទ្យា​ស្គាល់​មុខមាត់ និង​គ្រប់គ្រង​កម្លាំង ជួយ​យក​សំណាក COVID-19 ដោយ​សុក្រឹត និង​ស្វ័យប្រវត្ត។

រ៉ូ​បូត នេះ កំពុងតែ​ជួយ​ដល់​ក្រុម​បុគ្គលិក​សុខាភិបាល​ក្នុង​ការយក​សំណាក​របស់​អ្នកជំងឺ និង​អ្នក​ជាប់​សង្ស័យ ហើយ​វា​គឺជា រ៉ូ​បូត យក​សំណាក​ស្វ័យប្រវត្តិ​ទាំងស្រុង​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។ រ៉ូ​បូត នេះ បំពាក់​បច្ចេកវិទ្យា​ស្នូល​ចំនួន​ពីរ​គឺ បច្ចេកវិទ្យា​សម្គាល់​មុខមាត់ និង​បច្ចេកវិទ្យា​គ្រប់គ្រង​កម្លាំង ដើម្បី​កំណត់​ទីតាំង​ដែល​ត្រូវយក​សំណាក។ វា​ក៏មាន​បច្ចេកវិទ្យា deep-learning សម្រាប់​ជួយ​កែសម្រួល​លក្ខណៈសម្បត្តិ​របស់ រ៉ូ​បូត ផងដែរ។

Sun Xizhuo ប្រធាន​មន្ទីរពេទ្យ​ប្រជាជន Shenzhen Luohu បានឱ្យដឹងថា៖ «បច្ចេកវិទ្យា​សម្គាល់​មុខមាត់ នៅ ប្រទេស​ចិន ទំនើប​ណាស់ និង​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ព្រលានយន្តហោះ គយ និង​សណ្ឋាគារ។ វា​ពិតជា​សុក្រឹត»។

ដោយមាន​កាមេរ៉ា រ៉ូ​បូត នេះ អាច​ស្វែង​រកឃើញ​ទីតាំង​ច្រមុះ​របស់​អ្នក​ត្រូវយក​សំណាក។ នេះ​បើតាម​លោក Sun Xizhuo។

បច្ចេកវិទ្យា​សំខាន់​ទី​ពីរ​របស់ រ៉ូ​បូត​នេះ គឺ ប្រព័ន្ធគ្រប់គ្រង​កម្លាំង។ នៅពេល​ប្រដាប់​ត្បារ​ច្រមុះ​ត្រូវបាន​នាំទៅដល់​កន្លែង​ដែល​បានកំណត់ ប្រព័ន្ធ​នឹង​គណនា​កម្លាំង​ក្នុង​កម្រិត 0.2 Newton (N)។ អនាគត វា​នឹង​អាច​ត្រូវបាន​សម្រួល​ទៅជា 0.19 N ឬ 0.21 N។

លោក Sun Xizhuo និយាយថា «ដោយសារតែ រ៉ូ​បូត បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) យើង​នឹងដាក់​កម្មវិធី​ស្វែងយល់​ស្វ័យប្រវត្ត​ឱ្យ​វា។ រ៉ូ​បូត យក​សំណាក​កាន់តែច្រើន វា​នឹង​កាន់តែ​ស្ទាត់ជំនាញ ព្រោះ​តែមាន​បន្ថែម​មុខងារ សិក្សា​ស៊ីជម្រៅ (deep learning)»។

វា​នឹង​កត់ត្រា​រាល់​សំណាក​ដែល​ធ្លាប់បាន​យក​កន្លងមក។ ឧទាហរណ៍ បើសិនជា រ៉ូ​បូត យក​សំណាក​របស់​មនុ​ស្សណា​ម្នាក់ វា​នឹង​ស្គាល់​សំណាក​នោះ​នៅពេល​យក​លើក​ក្រោយ។ ជួនកាល​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ គេ​ត្រូវ​ការពិសោធ អាស៊ីត​នុយ​ក្លេ​អ៊ិ​ក (Nucleic acid) រាល់ថ្ងៃ ឬ ពីរ​ថ្ងៃ​ម្ដង ដូច្នេះ​ការ​គណនា​របស់ រ៉ូ​បូត នឹងត្រូវ​បានកំណត់។

រ៉ូ​បូត នេះ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​កាលពីដើម​ខែកញ្ញា ហើយ​បច្ចុប្បន្ន វា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិសោធន៍។ COVID-19 នឹង​អាច​បាត់​ខ្លួន ប៉ុន្តែ ជំងឺឆ្លង​នឹង​នៅតែ​បន្ត​កើតមាន។ រ៉ូ​បូត អាច​ជំនួស​មនុស្ស ក្នុងការ​បំពេញភារ​កិច្ច​​ទាំង​ឡាយ​ណា​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ និង​ងាយ​ឆ្លង​រោគ៕

Advertisement