«សង្គ្រាម​តម្លៃ» របស់ Tesla ធ្វើឱ្យ Xpeng ផ្ដោតលើ​រថយន្ត​អគ្គិសនី​ប្រភេទ​ «​ធូរ​ថ្លៃ»

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Xpeng សង្ឃឹមថា ការកាត់បន្ថយ​ចំណាយ​ក្នុងការ​ផលិត​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ដែលមាន​អាយុ 8 ឆ្នាំ​មួយ​នេះ​រកបាន​ប្រាក់ចំណេញ។ នេះ​គឺជា​ការអះអាង​របស់​ស​ហ​ប្រធាន Brian Gu ដែល​បាន​និយាយ​នៅ​មុន​​​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​សៀង​ហៃ។

Brian Gu ឱ្យដឹងថា Xpeng មាន​ផែនការ​កាត់បន្ថយ​ចំណាយ 25% សម្រាប់​ប្រព័ន្ធ​រុញច្រាន រួមទាំង​ថ្ម​ផ្ទុក​ថាមពល និង​សំច័យ​បាន 50% នៅ​ក្នុង​​បណ្ដា​មុខងារ​បើកបរ​ឆ្លាត​វៃ នៅ​ចុងឆ្នាំ 2024។ លោក​បន្ថែមថា គិត​ត្រឹម​​បច្ចុប្បន្ន ប្រព័ន្ធ​ថ្ម​ផ្ទុក​ថាមពល និង​មុខងារ​បើកបរ​ឆ្លាត​វៃ​កាន់កាប់​ជាង​ពាក់កណ្ដាល​នៃ​ការចំណាយ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​របស់ Xpeng។

កាលពី​ឆ្នាំមុន ដោយសារតែ​បរិមាណ​រថយន្ត​ដែល​បាន​លក់​មិនបាន​សមតា​ម​បំណង Xpeng ក៏ត្រូវ​កំណត់​ពេលវេលា​នៃ​ការរកបាន​ប្រាក់ចំណេញ​ទៅ​ឆ្នាំ 2025។

យោងតាម​លោក Brian Gu វត្ថុ​ធាតុ​សម្រាប់​ផលិត​ថ្ម​ផ្ទុក​ថាមពល​កាន់​តែមាន​តម្លៃ​ទាប ជួយ​កាត់បន្ថយ​ការចំណាយ​ក្នុង​ការផលិត​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ ក្រុមហ៊ុន Xpeng ក៏​កំពុង​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​រ៉ា​ដា ឈី​ប សេន​ស៊ើ​រ និង​កាមេរ៉ា​ឡា​សែរ​នៅក្នុង​បណ្ដា​មុខងារ​បើកបរ​ស្វ័យប្រវត្ត។

ខាង​ក្នុង​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់ Xpeng

He Xiaopeng ដែលជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Xpeng បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ផ្ដោតលើ​ថ្នាល​ផលិត​ថ្មី​ដែល​ហៅថា SEPA2.0 ដែល​ជួយ​បង្កើន​ប្រសិទ្ធភាពការ​ងារ និង​កាត់បន្ថយ​ការចំណាយ​ក្នុង​ការផលិត។

សកម្មភាព​ការងារ​ក្នុង​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​ចិន Xpeng

Xpeng នឹង​បង្ហាញ​រថយន្ត​ម៉ូ​ដែល​ថ្មី​ដែល​ត្រូវបាន​អភិវឌ្ឍ​លើ​ថ្នាល SEPA2.0 នោះ​គឺ​រថយន្ត​ប្រភេទ​កីឡា​ពហុ​មុខងារ​ ដើម្បី​ប្រកួតប្រជែង​នឹង Model Y របស់ Tesla នៅក្នុង​ពិព័រណ៍​រថយន្ត​សៀង​ហៃ​ដែល​នឹង​បើក​ឱ្យចូល​ទស្សនា​ចាប់ពី​ថ្ងៃទី 18 មេសា​។ Xpeng មិនបាន​ប្រកាស​អំពី​តម្លៃ​របស់​ម៉ូ​ដែល​រថយន្ត​នេះ ប៉ុន្តែ លោក Gu និយាយថា Xpeng នឹង​ផ្ដោតលើ​ការអភិវឌ្ឍ​រថយន្ត​អគ្គិសនី​ដែលមាន​តម្លៃ​ទាប ចាប់ពី 21,800 ដុល្លារ​ដល់ 50,900 ដុល្លារ ហើយ​ក្រុមហ៊ុន​នឹង​បញ្ចេញ​រថយន្ត​មួយ​ម៉ូ​ដែល​ទៀត​នៅ​ចុង​ឆ្នាំនេះ។

រថយន្ត​អគ្គិសនី​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​ចិន Xpeng

ការ​ផ្ដោតលើ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​របស់ Xpeng ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទាំងឡាយ​នៅលើ​ពិភពលោក ត្រូវបាន​ធ្វើឡើង ​ក្រោយពី Tesla បើក​យុទ្ធនាការ «សង្គ្រាម​តម្លៃ» ចាប់ពី​ដើមឆ្នាំ 2023៕

Advertisement