មហា​សេដ្ឋី Elon Musk ប្ដូរ​ឈ្មោះ​យីហោ Twitter ទៅជា Titter

លោក Elon Musk និង​ផ្លាក​យីហោ Twitter

មហាសេដ្ឋី Elon Musk ឱ្យ​កម្ម​ករលាប​ថ្នាំ​ពណ៌​លើ​អក្សរ «w» នៅលើ​ឈ្មោះ​យីហោ Twitter នៅឯ​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង San Francisco បើ​ទោះ​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់។

យោងតាម Business Insider លោក Musk ទំនងជា​ចង់​ប្ដូរ​ឈ្មោះ Twitter ហើយ​ការ​លាបថ្នាំ​ពណ៌​លើ​ផ្លាក​យីហោ​នេះ​បង្ហាញថា មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូប​នេះ អាច​នឹងធ្វើ​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​បន្ទាប់​នៅក្នុង​ការគ្រប់គ្រង​បណ្ដាញ​សង្គម។ នៅក្នុង​ភាសា​អង់គ្លេស «titter» មានន័យថា «សើច​ក្អាកក្អាយ»។

ក្នុង tweet កាលពី​ថ្ងៃទី 10 មេសា CEO របស់ Twitter ក៏បាន​បង្ហោះ​រូបភាព​អធិប្បាយ​អំពី​ផ្លាក​យីហោ​ដែលមាន​អក្សរ «w» ត្រូវបាន​លាប​ពណ៌​ស ធ្វើឱ្យ​អ្នកមើល​ឃើញតែ «Titter»។

លោក Musk សរសេរថា «ម្ចាស់​ផ្ទះជួល​ទី​ស្នាក់នៅ San Francisco និយាយថា ក្រុមហ៊ុន​ត្រូវបាន​ស្នើ​ដោយ​ស្របច្បាប់​ដើម្បី​រក្សា​ផ្លាក​យីហោ Twitter និង​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​លុបអក្សរ «w»។ ដូច្នេះ យើង​បាន​លាបថ្នាំ​ពណ៌​ស (ដូច​ទៅនឹង​ពណ៌ background របស់​យីហោ) ទៅលើ​វា ហើយ​បញ្ហា​ត្រូវបាន​ដោះស្រាយ»។

ម្ចាស់​អគារ​ជួល SRI Nine Market Square មិនបាន​បញ្ចេញមតិ​អ្វី​ឡើយ​នៅពេល​ត្រូវបាន​សួរ​អំពី​បញ្ហា​ផ្លូវច្បាប់​ទាក់ទិន​នឹង​សកម្មភាព​លាប​ពណ៌​ខាងលើ។

ទំព័រ Insider បានឱ្យដឹងថា ភាពចម្រូងចម្រាស​អំពី​ផ្លាក​យីហោ Twitter គឺជា​បញ្ហា​ថ្មី​បំផុត​រវាង​លោក Musk និង SRI Nine Market Square។ កាលពី​ខែមករា Twitter ត្រូវបាន​ម្ចាស់​កម្មសិទ្ធិ​របស់​អគារ​ជួល​នេះ​ប្ដឹង​ម្ដង​រួច​ហើយ​ ដោយសារ​មិនបាន​បង់ថ្លៃ​ជួល 3.4 លាន​ដុល្លារ​អាម៉េរិក/ខែ សម្រាប់​ខែធ្នូ 2022 និង​ខែមករា 2023។

កាលពី​ដើមខែ​នេះ CEO របស់ Tesla ក៏បាន​ប្ដូរ​និម្មិត​សញ្ញា​បក្សី​ពណ៌​ខៀវ​របស់ Twitter ទៅជា​រូប​សុនក Shiba របស់ Dogecoin ធ្វើឱ្យ​ប្រាក់​ឌីជីថល​គ្រីប​តូ​នេះ​ឡើងថ្លៃ 25%៕

Advertisement